នៅពេលថ្មីៗនេះ សារព័ត៌មានធំៗទាំងអស់លើពិភពលោកកំពុងចេញផ្សាយព័ត៌មានព្រមៗគ្នាអំពីបញ្ហាក្តៅមួយដែលអាណាព្យាបាលនៅក្នុងប្រទេសជាច្រើនលើពិភពលោកកំពុងព្រួយបារម្ភ គឺកម្មវិធី Momo Challenge ដែលជាវីដេអូណែនាំឱ្យក្មេងតូចៗសម្លាប់ខ្លួន ឬណែនាំឱ្យពួកគេសម្លាប់បងប្អូន និងគ្រួសារជាដើម។
សារព័ត៌មានអន្តរជាតិធំៗបញ្ជាក់ថា វីដេអូរបស់ Momo challenge នេះភាគច្រើនចេញពីក្នុងវីដេអូតុក្កតាល្បីៗនៅក្នុងបណ្តាញសង្គមដូចជា Youtube, WhatsApp និងបណ្តាញផ្សេងទៀត។ វាចេញមកនៅពាក់កណ្តាលវីដេអូតុក្កតា ឬវីដេអូដែលកុមារចូលចិត្ត ហើយបំភ័យកុមារឱ្យចូលរួមតាមការណែនាំបើមិនដូច្នោះទេ Momoដែលភាគច្រើនជារូបភាពគួរឱ្យខ្លាចនោះ នឹងមកសម្លាប់ពួកគេនៅពេលយប់។ ក្រោយពេលក្មេងតូចៗភ័យ និងជឿលើវីដេអូបំភ័យនោះហើយ ពួកគេមានវីដេអូណែនាំបន្ថែមឱ្យក្មេងតូចៗយកកាំបិត ឬរបស់មុតស្រួចមកចាក់ខ្លួនឯង និងចាក់សមាជិកគ្រួសារជាដើម។
កម្មវិធីប្រភេទនេះ កាលពីពេលមុនៗត្រូវបានគេចែកចាយម្តងរួចមកហើយ ដែលបានធ្វើឱ្យអាណាព្យាបាលព្រួយបារម្ភ តែកាលនោះបានប្រើប្រាស់ឈ្មោះផ្សេងគ្នា។ នៅឆ្នាំនេះ Momoបានចេញមកជាថ្មីដើម្បីបំភ័យ និងលុកលុយយកព័ត៌មានសំខាន់ៗជាច្រើនពីគ្រួសាររបស់ក្មេងតូចៗដែលនៅស្និទ្ធជាមួយបណ្តាញសង្គម និងឧបករណ៍អេឡិចត្រូនិក។
ថ្មីៗនេះសារព័ត៌មានធំៗលើពិភពលោក ដូចជា The Gauardian, CNN, BBC, ABC បានផ្សព្វផ្សាយដំណាលៗគ្នាអំពីក្តីកង្វល់របស់អាណាព្យាបាល អំពីវិធីសាស្ត្រការពាររបស់អាណាព្យាបាល និងក្រុមគ្រួសារ តែស្របពេលជាមួយគ្នានេះសារព័ត៌មានខ្លះក៏បញ្ជាក់ថានេះជាព័ត៌មានមិនច្បាស់លាស់ព្រោះគ្មានសញ្ញាណណាមួយបញ្ជាក់ថាក្មេងទទួលបានសារពី កម្មវិធីដែលណែនាំក្មេងឱ្យធ្វើអត្តឃាត Momo Challenge game នេះ តែក៏សូមឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ក្នុងនោះសារព័ត៌មាន ABC បានផ្សាយថានេះជាព័ត៌មានមិនច្បាស់ការ តែក៏បានធ្វើការណែនាំឱ្យអាណាព្យាបាលត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗកុំឱ្យប្រើប្រាស់ ឬកំណត់ពេលសម្រាប់តាមដាន និងប្រើប្រាស់បណ្តាញសង្គមឱ្យបានត្រឹមត្រូវ ហើយឃាត់មិនឱ្យកូនតូចៗមើលវីដេអូតែម្នាក់ឯងដើម្បីចៀសវាងគ្រោះថ្នាក់។
ចំពោះ CNN វិញ ក៏បានដកស្រង់ការណែនាំរបស់ទីភ្នាក់ងារសន្តិសុខអនឡាញ ដែលបានណែនាំអាណាព្យាបាលឱ្យស្គាល់ និងធ្វើកំណត់ចំណាំឱ្យបានច្បាស់ពីអ្វីដែលជា Momo Challenge ដែលបានបំភ័យសិស្សសាលា និងអាណាព្យាបាលរាប់រយនាក់ឱ្យប្រុងប្រយ័ត្ន ហើយ Report និង Block គណនីទាំងឡាយណាដែលបានបង្ហាញពីវីដេអូ Momo Challenge ដល់ក្មេងៗ ដើម្បីចូលរួមទប់ស្កាត់។
ចំណែកឯ BBC និងសារព័ត៌មានធំៗមួយចំនួនទៀតបានបញ្ជាក់ថានេះជាព័ត៌មានមិនពិតតែក៏បានណែនាំឱ្យអាណាព្យាបាលត្រូវបង្រៀនកុមារតូចៗឱ្យយល់ច្បាស់ពីចំណេះដឹងផ្នែកសុវត្ថិភាពលើបណ្តាញអនឡាញ ដើម្បីការពារខ្លួនពីគ្រប់សកម្មភាពមិនល្អទាំងអស់របស់ក្រុម Hacker ក្រៅពី Momo Challenge ផងដែរ៕