ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមទូកក្តោង Everton បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ ដើម្បីចូលរួមជាមួយនឹងក្លិបថ្មីមួយរួចជាស្រេចហើយ ដែលត្រូវបានគេជឿជាក់ថា ជាក្លិបតោខៀវ Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ២៤ឆ្នាំរូបនេះ បានចាកចេញពីក្លិបតោខៀវ កាលពីឆ្នាំ២០១៤ ក្រោយពីបានចំណាយពេលអស់៣រដូវកាលនៅឯកីឡដ្ឋាន Stamford Bridge។ កាលព្រឹកថ្ងៃអង្គារ Lukaku បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ភ្នាក់ងារតំណាងរបស់ខ្ញុំដឹងពីអ្វីដែលនឹងកើតឡើង ហើយខ្ញុំក៏ដឹងយ៉ាងច្បាស់ផងដែរ។ ខ្ញុំកំពុងតែស្ថិតក្នុងអារម្មណ៍ស្ងប់ចំពោះរាល់អ្វីៗទាំងអស់ ហើយយើងបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិបថ្មីមួយរួចជាស្រេច។ យើងបានរក្សានូវអារម្មណ៍ស្ងប់ ហើយយ៉ាងហោចណាស់ យើងមានគោលដៅមួយដែលយើងចង់ទៅ»។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនឹងសម្រាករយៈពេលប៉ុន្មានថ្ងៃ ហើយបន្ទាប់មក ត្រៀមសម្រាប់ការប្រកួតនៅរដូវកាលក្រោយ។ ខ្ញុំចង់ចំណាយពេលវេលាក្នុងថ្ងៃវិស្សមកាលរបស់ខ្ញុំដើម្បីធ្វើឲ្យអ្វីៗឈានទៅកាន់កម្រិតមួយផ្សេងទៀត និងធ្វើឲ្យបានល្អប្រសើរជាងអ្វីដែលខ្ញុំបានធ្វើកាលពីឆ្នាំមុន»។ Lukaku ត្រូវបានខ្ចីជើងទៅកាន់ក្លិប West Brom បន្ទាប់មកត្រូវខ្ចីជើងទៅកាន់ក្លិប Everton ទៀត មុនពេលត្រឡប់មកចូលរួមជាមួយនឹងក្រុមទូកក្តោងមួយនេះវិញ ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ក្នុងតម្លៃខ្លួន២៨លានផោន កាលពីឆ្នាំ២០១៤។
Everton ត្រូវបានរំពឹងទុកថា នឹងទាមទារតម្លៃខ្លួនដល់ទៅ១០០លានផោន (ស្មើនឹង១២៩លានដុល្លារអាមេរិក) សម្រាប់ Lukaku ដែលបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៩លើកក្នុងរដូវកាលឆ្នាំ២០១៦-២០១៧៕
ប្រភពពី៖ The Sun