លោក Claudio Ranieri ត្រូវបានបណ្តេញចេញដោយក្លិប Fulham ក្រោយពីប្រធានក្លិប និងអ្នកគាំទ្របានបាត់បង់ការជឿជាក់លើរូបលោក។ ចំណុចកាត់សេចក្តីចុងក្រោយសម្រាប់អ្នកចាត់ការទូទៅរូបនេះ បានកើតឡើងក្នុងការប្រកួតដើម្បីគេចឱ្យផុតពីតំបន់កាត់ចោលនៅលើទឹកដីក្រុម Southampton កាលពីថ្ងៃពុធ ដែលនៅពេលនោះពួកគេបានចាញ់ក្នុងលទ្ធផល 2-០ ហើយក្រុមអ្នកគាំទ្ររបស់ក្រុមភ្ញៀវបានស្រែកច្រៀងទៅកាន់លោក Ranieri ថា «អ្នកមិនដឹងពីអ្វីដែលអ្នកកំពុងតែធ្វើឡើយ»។
វាគឺជាការបរាជ័យលើកទី7 ក្នុងចំណោមការប្រកួត 8លើកនៃក្របខ័ណ្ឌ Premier League។ លោក Scott Parker គ្រូបង្វឹកបង្គោលក្រុមជម្រើសទី1 ត្រូវបានតែងតាំងឱ្យដឹកនាំក្នុងតួនាទីបណ្ដោះអាសន្ន។លោក Shahid Khan ម្ចាស់ក្លិប Fulham បានឱ្យដឹងថា៖ «លោក Claudio Ranieri បានយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់ខ្ញុំថា ការផ្លាស់ប្តូរ គឺជាការផ្តល់ផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់គ្រប់គ្នា។ វាគ្មានអ្វីដែលខ្ញុំត្រូវភ្ញាក់ផ្អើលឡើយ ខណៈដែលលោក Claudio គឺជាសរុបភាពបុរសម្នាក់។ គាត់មិនមែនជាមនុស្សតែម្នាក់ដែលត្រូវស្តីបន្ទោសចំពោះការដែលយើងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់មិនល្អនៅពេលនេះឡើយ»។
លោក Ranieri បានដឹកនាំក្នុងការប្រកួតក្របខ័ណ្ឌលីកត្រឹមតែ 16ប្រកួត ប៉ុន្តែបានទទួលជ័យជម្នះត្រឹមតែ 3ប្រកួតគត់ ហើយការរងបរាជ័យកាលពីថ្ងៃពុធក្រោមស្នាដៃក្រុម Southampton បានធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ2 នៅបាតតារាង ដោយដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពដល់ទៅ 10ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ 10លើកទៀតប៉ុណ្ណោះ៕