កីឡាករវាយកូនបាល់ Roger Federer ត្រូវការជ័យជម្នះត្រឹមតែ 2លើកទៀតប៉ុណ្ណោះក្នុងការឈ្នះពានជាលើកទី100 ក្នុងអាជីពរបស់គេ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានឆ្លងផុតការប្រកួតដ៏ស្វិតស្វាញមួយក្នុងលក្ខខណ្ឌដ៏លំបាកនៅពេលប្រកួតជាមួយនឹងកីឡាករ MartonFucsovics ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Dubai Championships។
ម្ចាស់ជើងឯក 7សម័យកាលរូបនេះ បានផ្តួលគូប្រកួតសញ្ជាតិហុងគ្រីរបស់គេក្នុងលទ្ធផល 7-6 (8/6) និង6-4 ក្នុងលក្ខខណ្ឌដ៏លំបាក ដោយសារតែមានខ្យល់បក់ខ្លាំង និងការពន្យារពេលដោយសារតែភ្លៀង។ Federer បានឱ្យដឹងថា៖ «អ្នកត្រូវតែប្រកួតនៅទីនោះ និងប្រឹងឱ្យអស់ពីសមត្ថភាពរបស់អ្នក។ ពេលខ្លះ អ្នកទទួលបានពិន្ទុនាំមុខ ពេលខ្លះអ្នកមិនដណ្តើមបានពិន្ទុនាំមុខ។ វាពិតជាសំខាន់ណាស់ក្នុងការមិនចាញ់យ៉ាងឆាប់រហ័ស»។
កីឡាករសញ្ជាតិស្វ៊ីសរូបនេះបានប្រាប់បន្តទៀតថា៖ «វាជាការប្រកួតដ៏ស្វិតស្វាញមួយ។ ការពន្យារពេលដោយសារតែភ្លៀង 2លើក ជាពិសេស ខ្ញុំត្រូវវិលទៅប្រកួតភ្លាមៗ ដោយមិនមានពេលត្រៀមខ្លួនឱ្យបានល្អឡើយ»។ Federer បានបន្ថែមទៀតថា៖ «ថាមពលក្នុងរាងកាយ ការរំភើប បច្ចេកទេស សុទ្ធសឹងបានធ្លាក់ចុះដោយសារតែបញ្ហាពន្យារពេលដោយសារតែភ្លៀងធ្លាក់។ ខ្ញុំបានព្យាយាមធ្វើឱ្យបានល្អ ហើយការប្រកួតពិតជាស្វិតស្វាញមែន។ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំបានរកឃើញផ្លូវមួយក្នុងការឆ្លងផុតការប្រកួតនោះ។ វាជាការប្រកួតដ៏រំភើបមួយ»។
ម្ចាស់ជើងឯកពាន Grand Slam 20សម័យកាលរូបនេះ នឹងត្រូវជួបជាមួយនឹងកីឡាករ BornaCoric នៅជុំបន្ទាប់ ក្រោយពី Coric តារាឆ្នើមរបស់ក្រូអាស៊ីរូបនេះ បានផ្តួលកីឡាករ NikolozBasilashvili របស់ហ្ស៊កហ្ស៊ី ក្នុងលទ្ធផល 4-6 6-2 និង7-6 (7/1)៕