តាមការបញ្ជាក់របស់ទំព័រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅពេលថ្មីៗនេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានបណ្ឌិតប៉ាតាណាសិល្បៈ (Bunditpatanasilpa Institute) នៃព្រះរាជាណាចក្រថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ របាំ តូរ្យតន្រ្តី និងវិចិត្រសិល្បៈ ការបង្កើតពិព័រណ៍រួមគ្នា ការបង្កើតសិក្ខាសាលានិងសន្និសីទរួមគ្នា ការផ្លាស់ប្តូរនិស្សិតនិង សាស្ត្រាចារ្យ ការផ្លាស់ប្តូរគម្រោងស្រាវជ្រាវផេ្សងទៀត និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកបណ្ណាល័យ។
សូមជម្រាបថា ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលោកស្រីសាស្ត្រាចារ្យ Nipha Sophasamrith នាយកវិទ្យាស្ថានបណ្ឌិតប៉ាតាណាសិល្បៈ៕