ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា The Cambodia Securities Exchange (CSX)បានមានប្រសាសន៍ថា អនុលោមតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ2016-2025 របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះវិស័យមូលបត្រជាចលករមួយក្នុងចំណោមចលករសំខាន់ៗទាំងឡាយសម្រាប់បង្កើនល្បឿនសេដ្ឋកិច្ចជាតិ។
ដូច្នេះការលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យមូលបត្រ និងបទប្បញ្ញត្តិថ្មីៗក្នុងវិស័យមូលបត្រ ជាបទដ្ឋានក្នុងការធ្វើឱ្យប្រសើរឡើងចំពោះការលើកទឹកចិត្ត ការចូលរួមនៅក្នុងទីផ្សារមូលធនសម្រាប់ក្រុមហ៊ុន/សហគ្រាសដែលមានសក្តានុពល ក៏ដូចជាវិនិយោគិនសាធារណៈ ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍវិស័យមូលបត្ររបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុន/សហគ្រាស ចំនួន5 (ប្រាំ)រួមនឹងបុគ្គលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន1(មួយ)គឺទី1 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) ទី2 ក្រុមហ៊ុនហ្គ្រេនធ្វីន អុីនធើណេសិនណល(ខេមបូឌា)ភីអិលស៊ី(GTI) ទី3 កំពង់ផែស្វយ័តភ្នំពេញ (PPAP) ទី4 ភ្នំពេញអេសអុីហ្សិត ភីអិលស៊ី(PPSP) និងទី5 កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។ ចំណែកបុគ្គលចុះបញ្ជីលក់មូលបត្របំណុលចំនួន1 គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីតដែលទើបតែចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក)កាលពីថ្ងៃ5 ខែធ្នូ ឆ្នាំ2018 កន្លងទៅ។ គិតត្រឹមដំណាច់ឆ្នាំ2018 ទំហំជួញដូរសរុបមានចំនួន 3,781,231ភាគហ៊ុនប្រហែល នឹង 25 ពាន់លានរៀល(ប្រហែលជាង 6លានដុល្លារ និងមានមូលធនីយកម្មទីផ្សារចំនួន 1,771,678លានរៀល(ប្រហែល443ដុល្លារ)ហើយគណៈកម្មការមូលបត្រកម្ពុជាបានផ្តល់អត្តសញ្ញាណវិនិយោគិន ដល់អ្នកវិនិយោគបានចំនួន 20,549នាក់ (17,300នាក់ជាសញ្ជាតិខ្មែរ)។
ដោយឡែកគិតត្រឹមថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2019 ទំហំជួញដូរសរុបមានចំនួន 755,568ភាគហ៊ុន សើ្មនឹង 5ពាន់លានរៀល (ប្រហែលជាង 1លានដុល្លារ) និងមានមូលធនីយកម្មទីផ្សារចំនួន 2,297,853លានរៀល (574.46លានដុល្លារ) ហើយគណៈកម្មការមូលបត្រកម្ពុជា បានផ្តល់អត្តសញ្ញាណវិនិយោគិនដល់អ្នកវិនិយោគចំនួន 20,750នាក់។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យ មូលបត្រដែលក្នុងអនុក្រឹត្យនោះមានគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុន/សហគ្រាស បោះផ្សាយ មូល-បត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ ដែលបានទទួលការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា និងបានចុះបញ្ជីជួញដូរមូលបត្រនៅទីផ្សារមូលបត្រប្រតិស្រុត និងលើកទឹកចិត្តដល់វិនិយោគិនសាធារដែលកាន់កាប់ាប់ និង/ឬ ទិញ-លក់មូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុល ដែលបានបោះផ្សាយលក់ជាសាធារណៈ និងបានចុះបញ្ជីជួញដូរមូលបត្រនៅទីផ្សារមូលបត្រ ។
លោក អ៊ុន សុធន តំណាងក្រុមហ៊ុនមកពីខេត្តព្រៃវែងបានមានចំណាប់អារម្មណ៍ថា៖ “ទី1- រដ្ឋាភិបាលមានការលើកទឹកចិត្តពន្ធរយៈពេល 3ឆ្នាំ ; ដូច្នេះបើមានការអនុគ្រោះផ្សេងៗទៀត ជាការល្អ ហើយខ្ញុំត្រូវការការគាំទ្រឱ្យខ្លាំងក្លាពីរដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលអាចសម្រេចបាន។ ទី2- ក្រុមហ៊ុនដែលមានសក្តានុពលមកចុះបញ្ជី គាត់មើលឃើញអត្ថប្រយោជន៍នៃការមិនយកពន្ធ គាត់នឹងព្យាយាមពង្រីកវិស័យហិរញ្ញវត្ថុរបស់គាត់ ដោយងាកមកលើទីផ្សារមូលបត្រឱ្យបានច្រើន។ ទី3-នៅពេលណាដែលស្រុកយើងមានក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សាររបស់យើងច្រើន ប្រជាពលររដ្ឋរបស់យើងមានឱកាសក្នុងការវិនិយោគ ការលេងភាគហ៊ុនក្នុងទីផ្សារមូលបត្រ គ្រប់វិស័យណាដែលគាត់ចូលរួមទិញភាគហ៊ុន”។
លោក សុធន បានបន្ថែមថា៖ “ដូច្នេះចំណុចនេះធ្វើឱ្យពលរដ្ឋកម្ពុជាងាកមកមើលវិស័យមូលបត្រហើយគាត់នឹងធ្វើការវិនិយោគ ទៅតាមវិស័យដែលគាត់ប្រកបអាជីវកម្មបច្ចុប្បន្ន។ ជីវភាពគាត់នឹងកើន ឡើងបន្តិចម្តងៗ ព្រោះគាត់មានប្រាក់តិចតួចមែនតែគាត់មានឱកាសវិនិយោគ គាត់មិនបានទុកលុយចោលក្នុងផ្ទះទេ នេះគឺជាចំណុចល្អរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្តផ្សារមូលបត្រកម្ពុជា”។
លោក យុន សុវណ្ណា នាយកប្រតិបត្តិនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្ហាញចំណាប់អារម្មណ៍ដល់កាសែត ឡារ៉ែនពាណិជ្ជថា នេះជាការជំរុញវិស័យឯកជនយើងឱ្យចូលរួមកាន់តែសកម្មនៅក្នុងទីផ្សារ គឺដើម្បី ទី1-ទាញយកផលប្រយោជន៍ពីទីផ្សារបំណុល និងទីផ្សារមូលបត្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ពង្រីកអាជីវកម្ម។ ទី2-ដើម្បីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់យើងឱ្យកាន់តែរឹងមាំនិងមានភាពទូលំទូលាយ ដោយយើងឃើញថា បច្ចុប្បន្នមានតែស្ថាប័នធនាគារប៉ុណ្ណោះដែលសកម្ម។
លោកបានបន្ដថា៖ ការមានការចូលរួមច្រើនពិវិស័យឯកជននៅក្នុងទីផ្សារមូលបត្រ និងការលក់មូលបត្របំណុល គឺជាការចាប់អារម្មណ៍ពីការលើកទឹកចិត្ត ការផ្តល់ជូនសម្រាប់គ្រឹះស្ថាន និងក្រុមហ៊ុននានាដែលបានចូលរួមក្នងការបោះផ្សាយសញ្ញាណប័ណ្ណ ឬមូលបត្របំណុល។
លោក សុវណ្ណា បានបញ្ជាក់ដែរថា៖ “ការចូលរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងវិស័យផ្សារមូលបត្រនេះ វាអាស្រ័យលើមូលនិធិ(ថ្លៃដើម)ពោលសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុរបស់យើង នៅមានចំណុចខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសនានាផ្សេងទៀត(ដោយមិនគិតដល់ប្រទេសអភិវឌ្ឍន៍ទេ)ដោយថ្លៃដើមរបស់យើងមានតម្លៃ 8% ទៅ11% និងប្រែប្រួលអាស្រ័យលើប្រាក់ដុល្លារ និងប្រាក់រៀល។ ដូច្នេះការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ(ដែលជាស្ថាប័នស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារ)ទៅក្នុងទីផ្សារមូលបត្រ ជាឆន្ទៈ យើងគិតថា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅមានច្បាប់ បទប្បញ្ញត្តិ ប្រទាក់ក្រឡាគ្នាដែលតម្រូវឱ្យមានការជជែកគ្នាច្រើនទៀត”។
លោកនាយកប្រតិបត្តិបានបញ្ជាក់ទៀតថា៖“ប៉ុន្តែកត្តាដែលជំរុញខ្លាំងសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុឱ្យចូលរួម គឺការទាក់ទាញ និងការមើលឃើញគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត ដែលទើបតែចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃ5 ខែធ្នូ ឆ្នាំ2018 ថ្មីៗនេះ បានក្លាយជាបុគ្គលលក់មូលបត្របំណុលលើផ្សារមូលបត្រកម្ពុជា។ ដូច្នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀតក៏នឹងពិចារណាសិក្សាអំពីតម្រូវការ និងស្វែងរកនីតិវិធី ដើម្បីឈានដល់ការចូលរួមក្នុងទីផ្សារមូលបត្រនេះ”។
ជាមួយគ្នានេះដែរ CSX បានឱ្យដឹងថា ក្រុមហ៊ុនចុះបញ្ជីជាសាធារណៈទាំងអស់បានបង្ហាញពីការអនុវត្តអាជីវកម្មដ៏រឹងមាំក្នុងឆ្នាំ2018។ មូលធនបត្រទីផ្សារសរុប បានកើនឡើង 86,2% ពី 303,8លានដុល្លារកាលពីថ្ងៃទី2 ខែមករា ឆ្នាំ2018 ដល់ 565,6លានដុល្លារនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំនេះ។
តម្លៃភាគហ៊ុននៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺ កើនឡើង 96,5% និង161,4 %។តម្លៃភាគហ៊ុននៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកើនឡើងជាង59% ខណៈតំបន់សេដ្ឋកិច្ច ពិសេស Grand Twins និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានកំណើនតិចតួចជាមួយតម្លៃភាគហ៊ុនកើន ឡើង 5,1% និង14,8 %។ បើតាម CSX បានឱ្យដឹងទៀតថា ជាមធ្យមតម្លៃភាគហ៊ុនបានកើនឡើង 66% ។
តម្លៃភាគហ៊ុនឆ្លុះបញ្ចាំងពីតម្លៃរបស់ក្រុមហ៊ុន ហើយតម្លៃនេះជួយបង្កើនស្ថានភាព និងកិត្តិនាមរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មមូលបត្រ។ ដោយសារតែតម្លៃរបស់វាបន្តកើនឡើង ក្រុមហ៊ុនមួយអាចបង្កើនប្រាក់ចំណូលកាន់តែច្រើន ពេលដែលការផ្តល់ភាគហ៊ុនកាន់តែតិច។
ទីផ្សារមូលបត្រ គឺជាប្រភពដ៏ល្អបំផុតនៃការផ្តល់មូលនិធិសម្រាប់កំណើនរយៈពេលវែងសម្រាប់ក្រុមហ៊ុនភាគច្រើន។ មិនដូចការខ្ចីប្រាក់ជាមួយស្ថាប័នហិរញ្ញវត្ថុទេ ការចូលរួមក្នុងផ្សារហ៊ុន មិនតម្រូវឱ្យមានការបង់ប្រាក់តាមកាលកំណត់ ការធានា ឬកាតព្វកិច្ចណាមួយឡើយ។ លោក សុវណ្ណា បន្តថា“អ្វីដែលសំខាន់បំផុតនោះ គឺក្រុមហ៊ុនដែលទើបបានចុះបញ្ជីថ្មី អាចទទួលបានការលើកទឹកចិត្តពន្ធរយៈពេល3ឆ្នាំ នេះបើយោងតាមអនុក្រឹត្យស្ដីពីការលើកទឹកចិត្តពន្ធសម្រាប់វិស័យមូលបត្រ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី4 ខែមករា ឆ្នាំ2019 រហូតមក”។ជារួម វិស័យមូលបត្រជាកាតាលីករដ៏សំខាន់មួយក្នុងការជំរុញឱ្យសេដ្ឋកិច្ចជាតិអភិវឌ្ឍបាន លឿនដូច្នេះការចូលរួមពីក្រុមហ៊ុន/សហគ្រាសសក្តានុពល ក៏ដូចជាវិនិយោគិនសាធារណៈ ជាកត្តាចាំបាច់ មិនអាចខ្វះបានសម្រាប់អភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា៕