ស្ថាប័ន WBCបានបញ្ជាក់ថា កីឡាករប្រដាល់ Tyson Fury បានបញ្ជាក់ប្រាប់ក្រុមប្រឹក្សាកីឡាប្រដាល់ពិភពលោក (WBC) ថា រូបគេមានគម្រោងក្នុងការប្រកួតជាមួយនឹងដៃគូមិនទាន់ស្គាល់ឈ្មោះម្នាក់ជាមុនសិន មុននឹងធ្វើការប្រកួតសងសឹកជាមួយនឹងម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Deontay Wilder។
WBC បានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា WBC ទទួលបានការបញ្ជាក់ប្រាប់ពីក្រុមការងាររបស់ Furyថា រូបគេកំពុងតែមានគម្រោងឡើងប្រកួត 1លើកទៀត មុនពេលវិលទៅកាន់សង្វៀនប្រកួតសងសឹកជាមួយនឹងWilder។
កីឡាករ Wilder និង Fury បានទទួលត្រឹមលទ្ធផលស្មើ ក្នុងការប្រកួតនៅទីក្រុង Los Angeles កាលពីខែធ្នូ កន្លងទៅ ក្រោយពីបានតស៊ូគ្នាចំនួន 12ទឹកនៅលើសង្វៀន Staples Center។
ការប្រកួតសងសឹករបស់ពួកគេអាចនឹងក្លាយជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏រំភើបបំផុតប្រចាំឆ្នាំ ក្រោយពីការជួបប្រកួតជាលើកទី1 បានបង្កើតឱ្យមានការចាប់អារម្មណ៍ឡើងវិញទៅលើកកីឡាប្រដាល់ទម្ងន់ធ្ងន់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ភាពមិនច្បាស់ការផ្សេងៗទៅលើការប្រកួតសងសឹកដែលអាចទៅរួចមួយនេះ បានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅពេលដែល Fury បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនរៀបចំការប្រកួតរបស់អាមេរិក Top Rank និងទូរទស្សន៍ ESPN ដែលបង្កើតឱ្យមានភាពស្មុគស្មាញខ្លាំងលើការចរចាផ្សេងៗជាមួយនឹង Wilder។
កាលពីថ្ងៃអង្គារកន្លងទៅ ស្ថាប័ន WBC បានប្រកាសថា ក្រុមការងាររបស់កីឡាករ Fury បានបញ្ជាក់ប្រាប់ដល់អង្គភាពនេះថា ពួកគេមានគម្រោងឱ្យ Fury ឡើងប្រកួតយ៉ាងហោចណាស់ 1លើកទៀត មុនពេលរៀបចំការប្រកួតសងសឹកជាមួយ Wilder ។
Wilder សញ្ជាតិអាមេរិក វ័យ 33ឆ្នាំរូបនេះ មានកំណត់ត្រាឈ្នះ 40លើក មិនដែលចាញ់ និងស្មើ 1លើក ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ដល់ទៅ 39លើក។ កីឡាករ Fury វ័យ 30ឆ្នាំ មានកំណត់ត្រាមិនស្គាល់ចាញ់ដូចគ្នា ដោយឈ្នះ 27លើក ស្មើ 1លើក ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ចំនួន 19លើក៕