យោងតាមតួលេខគណនេយ្យជាតិចុងក្រោយបង្អស់ដែលចេញផ្សាយដោយការិយាល័យស្ថិតិ អូស្ត្រាលី (The Australian Bureau of Statistics ឬ ABS) បានបង្ហាញថា បន្ទាប់ពីកំណើន 2.1%ក្នុងឆ្នាំ2016-17 ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសអូស្ត្រាលីបានកើនឡើង 2.9% ក្នុងឆ្នាំ2017-18។
បច្ចុប្បន្នអូស្ត្រាលីកំពុងឈានដល់ឆ្នាំទី28 នៃកំណើនសេដ្ឋកិច្ចជាប់ៗគ្នា ហើយក្នុងចន្លោះឆ្នាំ2019 និងឆ្នាំ2023 សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីត្រូវបានព្យាករថា នឹងមានភាពប្រសើរជាងសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿនធំៗដទៃទៀត។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមេសា ឆ្នាំ2018។
ដោយឡែកតំបន់ ហ្គោលខូស្ត (Gold Coast) ឬឆ្នេរសមុទ្រមាស គឺជាទិសដៅរបស់អ្នកទេសចរអូស្ត្រាលីដែលមានចំនួនប្រហែល 11លាននាក់ក្នុងមួយឆ្នាំ។ គួរឱ្យភ្ញាក់ផ្អើលណាស់ ទីក្រុងនេះមានសមត្ថភាពផលិតទ្វេដងនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនប្រហែល18,9ដុល្លារអូស្ត្រាលីក្នុងរយៈពេល10ឆ្នាំ។ វាក៏ចង្អុលបង្ហាញផងដែរនូវការអភិវឌ្ឍ GDP 5% យ៉ាងជាប់លាប់។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោក Duke Vaughan នាយកគ្រប់គ្រងនៃក្រុមហ៊ុន Crown Realty International អំពីអចលនទ្រព្យនៅតំបន់ ហ្គោលខូស្ត (Gold Coast City)។
1- តើបច្ចុប្បន្នអចលនទ្រព្យនៅប្រទេសអូស្ត្រាលីមានការរីកចម្រើនកម្រិតណាដែរ?
ប្រទេសអូស្ត្រាលី ជាប្រទេសអភិវឌ្ឍន៍ហើយក៏ពិតមែន តែវិនិយោគិនក៏នៅតែមានឱកាសវិនិយោគដែរ ព្រោះមនុស្សតែងមានកំណើនរហូតជាមួយនឹងការរីកចម្រើន។ បើមនុស្សមានការកើនឡើង ដូច្នេះតែងតែត្រូវការឧបករណ៍ប្រើប្រាស់ និងអចលនទ្រព្យ ដូច្នេះធ្វើឱ្យវិស័យនេះមានការរីកចម្រើនខ្ពស់មែនទែននៅអូស្ត្រាលី ដែលគេអាចបានហៅថា អចលនទ្រព្យបែបឡាយហ្វ៍ស្តាយល៍។
2- តើការរីកចម្រើនអចលនទ្រព្យនោះមានកំណើនប៉ុន្មានភាគរយបើប្រៀបធៀបទៅនឹង GDP?
វិស័យអចលនទ្រព្យនៅប្រទេសអូស្ត្រាលី បើនិយាយពីការប្រៀបធៀប ផ.ស.ស (GDP) វាមានទីផ្សារខុសៗគ្នាទាំងអស់ពីតំបន់1 ទៅតំបន់1 ដូចជា ហ្គោលខូស្ត គឺជាតំបន់មួយដែលមានការរីកចម្រើន GDP លើសច្រើនដែលយើងអាចបញ្ជាក់បានថា មានការកើនឡើងចំនួនភាគរយ គឺលើសពី GDP នៃប្រទេសអូស្ត្រាលីទាំងមូល។ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអូស្ត្រាលីបានកើនឡើង 2.8% ក្នុងឆ្នាំ2017 បើប្រៀបធៀបទៅនឹងឆ្នាំមុន។ អត្រានេះគឺ 5/10នៃចំនួនមួយខ្ពស់ជាងតួលេខនៃការកើនឡើង 2.3% នៅឆ្នាំ2016។ តួលេខផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ2017 មានចំនួន 1,323,421លានដុល្លារអូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ13 នៅក្នុងចំណាត់ថ្នាក់ GDP នៃប្រទេសចំនួន196។ ចំណែកតំបន់ ហ្គោលខូស្ត (Gold Coast) បានបង្ហាញនូវកំណើនការអភិវឌ្ឍ GDP 5%យ៉ាងជាប់លាប់។
3- តើហេតុផលអ្វីដែលធ្វើឱ្យប្រជាជនកម្ពុជាត្រូវវិនិយោគអចលនទ្រព្យនៅប្រទេសអូស្ត្រាលី?
ហេតុផលដែលធ្វើឱ្យប្រជាជនកម្ពុជាត្រូវវិនិយោគអចលនទ្រព្យនៅប្រទេសអូស្ត្រាលី គឺទាក់ទិននឹងការសិក្សារៀនសូត្រតែមួយគត់ ដែលបច្ចុប្បន្នមាននៅអូស្ត្រាលី តែពុំទាន់មានការវិនិយោគជាទ្រង់ទ្រាយធំ ឬជាការបណ្តាក់ទុននៅឡើយទេ ដោយគ្រាន់តែមានការទិញ រួចដាក់ជួល គឺមានជនជាតិខ្មែរច្រើនដែរ ព្រោះការដាក់ជួលវាបានចំណេញ (ក្នុង1សប្តាហ៍ 500 x 4(1ខែ)=2,000ដុល្លារអូស្ត្រាលី។ ពោលគ្រាន់តែជាការទិញផ្ទះដាក់ជួល ពុំទាន់ថាជាការបណ្តាក់ទុននៅឡើយ។ ជារួមមានអ្នកវិនិយោគមកពីប្រទេសចិន វៀតណាម សិង្ហបុរី ញូវហ្ស៊ីលែន។ល។
ក្នុងហេតុផលមួយទៀត គឺគាត់ទិញដើម្បីចង់បានសញ្ជាតិ(តែមិនមែនបានន័យថា ទិញផ្ទះបានសញ្ជាតិទេ ទាល់តែមានលិខិតបទដ្ឋាន និងការរស់នៅរយៈពេល 5ឆ្នាំ)។
4- ទាក់ទងនឹងការទិញផ្ទះនៅប្រទេសអូស្ត្រាលី តើរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីមានផ្តល់ការលើកទឹកចិត្ត និងលក្ខខណ្ឌអ្វីខ្លះសម្រាប់ប្រជាជនកម្ពុជាដែលចង់ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី?
ក្នុងច្បាប់ប្រទេសអូស្ត្រាលី ពុំមានការចែងច្បាស់ពីការលើកទឹកចិត្តយ៉ាងម៉េចទេ តែបើការអនុវត្តផ្ទាល់វិញ មានការលើកទឹកចិត្តរួចជាស្រេច គឺរដ្ឋាភិបាលអូស្ត្រាលីមានគោលនយោបាយលើកទឹកចិត្តដល់វិនិយោគិនដូចនៅស្រុកខ្មែរដែរ។
ពោលគឺ ជនបរទេសមានសិទ្ធិទិញដី ទិញផ្ទះ ជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យបាន ដោយរដ្ឋាភិបាលនឹងផ្តល់ប្លង់រឹងដល់អ្នកទិញអចលនទ្រព្យ គាត់ក៏អាចចេញចូលប្រទេសអូស្ត្រាលីដោយការផ្តល់វីសា និងអ្នកដែលមានបំណងចង់ទិញ ដី ផ្ទះ ឬខុនដូគាត់អាចរកអ្នកណាដែលផ្តល់ដំបូន្មានពីទីតាំង កន្លែង ឬតំបន់អភិវឌ្ឍន៍ថ្មីបាន ដែលកន្លែងទាំងនោះធ្វើឱ្យគាត់ចូលចិត្ត និងមានភាពងាយស្រួលក្នុងការរស់នៅ ឬសម្រាប់ការសិក្សារៀនសូត្ររបស់កូនៗរបស់គាត់។
5- រវាងផ្ទះ និងខុនដូនៅប្រទេសអូស្ត្រាលី តើមួយណាដែលប្រជាជនកម្ពុជាចាប់អារម្មណ៍ទិញច្រើនជាងគេ?
រវាងផ្ទះ និងខុនដូនៅប្រទេសអូស្ត្រាលី ប្រជាជនកម្ពុជាចាប់អារម្មណ៍ទិញច្រើនជាងគេ គឺផ្ទះ(គេហដ្ឋាន)ប៉ុន្តែគេមើលឃើញភាពខុសគ្នារវាងអាយុ បើអាយុចាប់ពី 40ឆ្នាំឡើងគេបានទិញផ្ទះទុកសម្រាប់ឱ្យកូនស្នាក់នៅ ងាយស្រួលក្នុងការរៀនសូត្រ។ តែបើអ្នកទិញនោះអាយុត្រឹម30ឆ្នាំឡើង គាត់តែងទិញខុនដូ។ ប៉ុន្តែការទិញផ្ទះ និងខុនដូពុំមានតម្លៃខុសគ្នាប៉ុន្មានទេ។
6- ប្រសិនបើចង់វិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសអូស្ត្រាលី តើយើងគួរតែទិញផ្ទះ ឬទិញដី ឬទិញខុនដូ? និងតើមួយណាអាចមានឱកាសចំណេញលុយបានច្រើនជាង?
តាមពិតទៅ វាមានលក្ខណៈផ្សេងគ្នាបន្តិច នៅស្រុកគេៗចង់រស់នៅខុនដូជាង ព្រោះបើយើងចង់ដាក់ជួល វាលឿនជាង តែបើយើងលក់ខុនដូ វាមិនចំណេញច្រើនដូចលក់ផ្ទះទេ។ តែប្រសិនបើឱ្យគេទិញផ្ទះ គេមិនចង់ទិញទេ ព្រោះបើដាក់ជួល វារាងតឹងតែងបន្តិច(តែនៅតែអាចជួលបាន) ហើយបើយើងទុកផ្ទះនោះឱ្យយូរ វានឹងបានថ្លៃជាងខុនដូ ហើយនៅពេលយើងចង់លក់ ក៏វាចំណេញច្រើនជាងលក់ខុនដូដែរ។
7- តើការទិញផ្ទះ ឬទិញខុនដូនៅទីក្រុង និងជនបទខុសគ្នាដូចម្តេចខ្លះ?
ដោយសារនៅ ហ្គោលខូស (Gold Coast) ជារដ្ឋមួយនៅប្រទេសអូស្ត្រាលី ដែលបើប្រៀបធៀបមកស្រុកខ្មែរ ដូចជាតំបន់អភិវឌ្ឍន៍ថ្មី ដូចនេះហ្គោលខូស្តជាតំបន់ទើបអភិវឌ្ឍន៍ មិនដូចនៅទីក្រុងមែលប៊ន ឬស៊ីដនីនៃប្រទេសអូស្ត្រាលីដែលបានក្លាយជាតំបន់អភិវឌ្ឍន៍ជឿនលឿនយូរហើយនោះទេ។
ដូច្នេះមានការកើនឡើងនៃចំនួនមនុស្សដែលចង់ទៅរស់នៅ ហើយសេចក្តីត្រូវការក៏កើនឡើងដែរព្រោះវានៅមានសល់ចន្លោះនៃការអភិវឌ្ឍច្រើន ខុសពីទីតាំងនៃតំបន់ជឿនលឿនមួយចំនួន បានន័យថា នៅ Gold Coast នៅមានសល់ចន្លោះនៃការអភិវឌ្ឍច្រើន វាទូលាយ និងជាតំបន់សមុទ្រ ជាតំបន់អភិវឌ្ឍន៍របស់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ភាពងាយស្រួលដល់អ្នកចង់ទិញខុនដូ ផ្ទះ ឬចង់វិនិយោគ។ នៅទីក្រុង Gold Coast City សេវាកម្មជួល និងអចលនទ្រព្យមានការលក់ក្នុងស្រុកខ្ពស់បំផុត ដោយបង្កើតបាន 12,637លានដុល្លារក្នុងឆ្នាំ2017/18។
8- ប្រសិនបើយើងមិនមានលុយគ្រប់ក្នុងការទិញអចលនទ្រព្យនៅប្រទេសអូស្ត្រាលី តើធនាគារនៅប្រទេសអូស្ត្រាលីអាចឱ្យយើងខ្ចីបង់រំលស់លើអចលនទ្រព្យនោះទេ? ហើយត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
ក្នុងការទិញអចលនទ្រព្យនៅប្រទេសអូស្ត្រាលីបើយើងមិនមានលុយគ្រប់ យើងអាចដាក់ការស្នើសុំបាន តែសម្រាប់ជនបរទេស ឬជនជាតិខ្មែរជាការលំបាក ព្រោះជាការឆ្លងប្រទេស និងដោយសារតែគេមិនស្គាល់ប្រវត្តិរបស់យើង។ ប៉ុន្តែគេមាន 2កម្រិត គឺធនាគារ និងរបៀបជាមីក្រូហិរញ្ញវត្ថុដូចនៅស្រុកយើងដែរ ដែលគេអាចពិចារណាលើសំណើដែលយើងបានស្នើសុំ។
តែយើងត្រូវឱ្យយល់ពីរបៀបទិញរបស់គេ គឺនៅអូស្ត្រាលីវាខុសពីស្រុកយើង ការទិញដីធ្លី ផ្ទះសំបែងមិនមានការបង់រំលស់ទេ។ បើយើងមានប្រាក់ត្រឹម 20% (ដែលជាប្រាក់ Diposit គេដាក់ក្នុងធនាគារ)យើងអាចកក់ប្រាក់ទិញផ្ទះបាន។ រហូតដល់កាលបរិច្ឆេទចុងក្រោយ (ក្នុងពេលបញ្ចប់គម្រោង)យើងនៅមានពេលវេលា ដូចជាការបង់រំលស់ដែរ ទើបយើងបង់ផ្តាច់ 80% ដោយទទួលលិខិតផ្ទេរ-ប្រគល់ និងបានគេហដ្ឋានដែលយើងបានទិញនោះ។
9- ប្រសិនបើឪពុកម្តាយដែលចង់ឱ្យកូនចូលរៀននៅប្រទេសអូស្ត្រាលី តើការទិញផ្ទះនៅទីនោះដើម្បីទុកឱ្យកូនស្នាក់នៅ និងជួលផ្ទះឱ្យកូនស្នាក់នៅដើម្បីរៀន តើមួយណាចំណេញជាង?
តាមពិត ការទិញផ្ទះវាតែងតែល្អជាងការជួលផ្ទះ តែសួរថា តើគាត់មានលុយដែរទេ? ប្រសិនបើយើងមានលុយគ្រប់សម្រាប់ទិញផ្ទះ។ ឧទាហរណ៍យើងទិញផ្ទះមាន 3បន្ទប់។ យើងរស់នៅមិនអស់ទេ ដូច្នេះយើងអាចជួល 2បន្ទប់ដើម្បីយកប្រាក់នោះមកបង្គ្រប់ការបង់ថ្លៃការសិក្សា និងថ្លៃការរស់នៅរបស់កូនបាន ពីព្រោះផ្ទះអាចជួលបានថ្លៃ ទម្រាំកូនរៀនចប់។ លុះដល់ពេលរៀនចប់ បើយើងចង់លក់ក៏បានចំណេញលើការរៀនសូត្ររបស់កូនដែរ។ ដូច្នេះទិញផ្ទះល្អជាង និងចំណេញជាង។
ចំពោះខុនដូវិញក៏ល្អម្យ៉ាងដែរ តែសួរថា តើយើងមានលុយសម្រាប់ទិញដែរឬទេ? ព្រោះបើគាត់មិនមានលុយសម្រាប់ទិញផ្ទះ គាត់អាចជួលខុនដូរស់នៅបាន(1បន្ទប់)គាត់អាចរស់នៅបានដោយសុខស្រួលក្នុងបរិយាកាសនៅទីនោះ ឬដើម្បីការរៀនសូត្រ៕