ដូចអ្វីដែលក្រុមការងារគេហទំព័រ ឡារ៉ែន បានចុះផ្សាយកាលពីពេលកន្លងទៅស្ដីពីវត្តមានរបស់ស្មាតហ្វូនប្រើប្រព័ន្ធ Android របស់ក្រុមហ៊ុន Nokia នោះ ឥឡូវបានក្លាយជាការពិតហើយ ក្រោយពីបានពន្យាពេលតាំងពីចុងខែឧសភា ឆ្នាំ2017 ដោយពេលនេះ ក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានធ្វើការចែកលិខិតអញ្ជើញភ្ញៀវ និងអ្នកសារព័ត៌មានឱ្យចូលរួមកម្មវិធីសម្ពោធបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនហើយ…។
លិខិតអញ្ជើញដែលក្រុមការងារឡារ៉ែនទទួលបាន បានសរសេររៀបរាប់ថា ក្រុមហ៊ុន HMD Global មានកិតិ្ដយស សូមគោរពអញ្ជើញអ្នកសារព័ត៌មាន ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធដាក់លក់ Nokia ស្មាតហ្វូន និង Nokia 3310 ជំនាន់ថ្មី ដែលកម្មវិធីសម្ពោធនេះ នឹងធ្វើឡើងនៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2017 ខាងមុខ នៅភោជនីយដ្ឋាន Topaz ដែលមានអសយដ្ឋានផ្ទះលេខ 162 មហាវិថីព្រះនរោត្ដម រាជធានីភ្នំពេញ។
បើទោះបីជាក្នុងលិខិតអញ្ជើញមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់សម្ពោធស្មាតហ្វូនស៊េរីណាខ្លះក៏ដោយ ប៉ុន្តែយើងអាចទាយទុកមុនបានថា Nokia នឹងធ្វើការសម្ពោធនូវស្មាតហ្វូនប្រើ Android ចំនួន 3 ម៉ូដែល គឺទូរស័ព្ទ Nokia 3, Nokia 5 និង Nokia 6។
សម្រាប់ព័ត៌មានបន្ថែម គេហទំព័រ ឡារ៉ែន នឹងជម្រាប់ជូននៅពេលក្រោយទៀត សូមកុំភ្លេចតាមដាន៕