ពីមួយថ្ងៃទៅមួយថ្ងៃ យុវជនកម្ពុជាកាន់តែច្រើនឡើងៗហើយដែលអាចបង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងបង្កើតសមិទ្ធផលទាំងខាងវិទ្យាសាស្ត្រ និងសង្គមបានយ៉ាងល្អតែទន្ទឹមនឹងចំណុចវិជ្ជមានមួយនេះ យុវជនដែលតស៊ូសម្រេចជោគជ័យលើរបកគំហើញថ្មីៗទាំងអស់នោះ តែងតែមានចំណុចត្អូញត្អែរមួយរួមគ្នាថា ខ្វះការលើកទឹកចិត្ត និងមិនសូវទទួលបានការគាំទ្រមុនពេលពួកគេសម្រេចជោគជ័យ។
កញ្ញា ហេង សុវណ្ណមុនីនុត អ្នកបច្ចេកវិទ្យាវ័យក្មេងកម្ពុជាមួយរូបដែលបានកាន់ពានរង្វាន់នវានុវត្តន៍វិទ្យាសាស្ត្រជាច្រើនពីអន្តរជាតិ បានលើកឡើងថាមុនកញ្ញាទទួលបានជោគជ័យលើគម្រោងទាំងអស់នេះ កញ្ញាមិនសូវទទួលបាន ការលើកទឹកចិត្តឱ្យខិតខំលើផ្នែកបច្ចេកវិទ្យានេះប៉ុន្មានទេ ព្រោះកញ្ញាជាមនុស្សស្រី ហើយការងារផ្នែកនេះ ភាគច្រើនមនុស្សប្រុសជាអ្នកធ្វើ។ ក្រៅពីនេះអ្នកជំនាញផ្នែកបច្ចេកវិទ្យាខាងលើក៏បានលើកឡើងផងដែរថា ការស្វែងរកគំនិតបង្កើតថ្មីមិនមែនជារឿងលំបាកពេកនោះទេ ប្រសិនបើយើងមានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីធ្វើវា និងមានជំនឿចិត្តរឹងមាំថា យើងពិតជាចង់ធ្វើវាឱ្យបានសម្រេចប្រាកដមែន។មិនថាកាលៈទេសៈណាក៏ដោយ ពេលខ្លះយើងអាចមើលឃើញឱកាសនៅក្នុងឧបសគ្គប្រសិនបើយើងមានគំនិតវិជ្ជមាន។ ជាក់ស្តែងប្រសិនបើយើងគេហាមយើងមិនឱ្យធ្វើអ្វីដែលយើងស្រឡាញ់ ហើយយើងក៏ជឿតាមអ្នកដទៃ បន្ទាប់មកបោះបង់ក្តីស្រមៃរបស់ខ្លួនឯង យើងនៅតែមិនអាចប្រើប្រាស់ភាពច្នៃប្រឌិតរបស់យើងដើម្បីសម្រេចការងារដែលយើងចង់បាននោះជារៀងរហូត។ តែប្រសិនបើយើងមានចិត្តវិជ្ជមាន យើងនឹងមើលឃើញថា អ្នកដទៃដែលជំទាស់ជាមួយយើងនោះ គឺដោយសារគាត់មិនមែនជារូបយើង ហើយគាត់មិនយល់ច្បាស់ពីបញ្ហា និងឱកាសដូចយើងនោះទេ ហេតុនេះយើងអាចនឹងធ្វើឱ្យគាត់ឃើញ និងបង្ហាញគាត់ទៅវិញថា យើងអាចធ្វើបាន។
កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖ “ពេលខ្លះខ្ញុំធ្លាប់មិនសូវសប្បាយចិត្តដែរនៅពេលដែលគេជំទាស់លើគំនិតថ្មីៗទាំងអស់នោះ តែក្រោយមកខ្ញុំប្តូរផ្នត់គំនិតថា គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេប្រសិនបើយើងស្រឡាញ់វាពិតប្រាកដ”។
កញ្ញា សុវណ្ណមុនីនុត បានបន្ថែមទៀតថា នៅពេលដែលយើងចង់ច្នៃប្រឌិតរបស់ថ្មី លុះត្រាតែយើងមានគំនិតខុសពីគេ ហេតុនេះនៅពេលគេមិនយល់ស្រប វាគ្មានហេតុផលអីដែលយើងត្រូវបាក់ទឹកចិត្តនោះទេ តែយើងអាចប្រើប្រាស់ឧបសគ្គទាំងអស់នោះមកដាស់ស្មារតីឱ្យយើងកាន់តែមានចិត្តរឹងមាំហើយ ដាច់ខាតត្រូវតែប្រឹងប្រែងតស៊ូគ្រប់កាលៈទេសៈ កុំបោះបង់។
អ្នកច្នៃប្រឌិតមួយរូបទៀតដែលបានបង្កើតកម្មវិធីបច្ចេកវិទ្យាសម្រួលដល់ការធ្វើដំណើរ លោក ហុង សេងថៃ បានលើកឡើងថា គំនិតរបស់លោកដើមឡើយគ្មានអ្នកណាគាំទ្រទេ ហើយក៏គ្មានអ្នកណាជឿថា វាអាចធ្វើទៅបានដែរ តែអ្វីដែលលោកមើលឃើញគឺបញ្ហាមិនមែនស្ថិតនៅលើមាត់អ្នកដទៃនោះទេ តែជាការដោះស្រាយបញ្ហាជាក់ស្តែងឱ្យបាន។ លោកនិយាយថា កុំខ្វល់ខ្វាយ ឬយកគំនិតអវិជ្ជមានរបស់អ្នកដទៃមកដាក់ក្នុងចិត្តច្រើនពេក ប្រសិនបើយើងពិតជាចង់បង្កើតផលិតផលថ្មីដែលគេមិនធ្លាប់ធ្វើពីមុនមក ហើយក៏កុំគិតថាគំនិតទាំងអស់នោះត្រូវតែធំៗ ទើបអាចធ្វើបាននោះ។ ពេលខ្លះគំនិតតូចៗដែលគេមិនចាប់អារម្មណ៍ក៏អាចក្លាយជាចំណុចល្អផងដែរសម្រាប់យើងជ្រើសរើសយកមកច្នៃ ហើយក្រោយពេលយើងច្នៃវាបានសម្រេច នោះវានឹងក្លាយជារឿងធំ ដែលមនុស្សជាច្រើនពេលនោះនឹងចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតចំពោះយើងមិនខាន។
លោក ហុង សេងថៃ បាននិយាយថា៖ “យុវជនកម្ពុជាសូមចាប់ផ្តើមមានសេចក្តីក្លាហានក្នុងការបង្កើតគំនិតថ្មីៗឡើង បើទោះពីជាមានការជំទាស់ ឬមិនទទួលបានការគាំទ្រក៏ដោយ ព្រោះស្ថានភាពជាក់ស្តែងនៅពេលយើងអនុវត្តវា យើងនឹងដឹងថាវាល្អប្រសើរជាងការបារម្ភរបស់យើងទៅទៀត”។
លោក សេងថៃ បានលើកឡើងផងដែរថា យើងម្នាក់ៗអាចចាប់ផ្តើមបង្កើតគំនិតច្នៃប្រឌិត ឬផលិតផលថ្មីបានគ្រប់ពេលវេលា ព្រោះឱ្យតែមានគំនិតថ្មីគឺវាស្មើនឹងការចាប់ផ្តើមដើររកច្រកចេញមួយទៅកាន់គោលដៅដែលយើងចង់ទៅនោះ។ ជាក់ស្តែងប្រសិនបើយើងធ្វើ យើងអាចនឹងធ្វើខុស ឬធ្វើត្រូវ តែប្រសិនបើយើងមិនធ្វើវិញនោះ យើងនឹងគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។ ការចាប់ផ្តើមគំនិតបង្កើតថ្មី អាចនឹងធ្វើឱ្យយើងភ្ញាក់ផ្អើល ហើយមានមោទនភាពនៅទីចុងបញ្ចប់ ហេតុនេះកុំបារម្ភពេក ព្រោះនៅពេលដែលយើងដើរទៅជួបឧបសគ្គ យើងនឹងព្យាយាមស្វែងរកច្រកចេញដោយឯកឯង ហើយបន្តិចម្តងៗយើងនឹងកាន់តែច្បាស់ឡើងៗ ហើយក្រោយពេលបញ្ចប់សកម្មភាពទាំងអស់នោះ បើសិនយើងងាកមកមើលក្រោយវិញ យើងនឹងមើលឃើញថា យើងបានធ្វើរឿងដែលមិនគួរឱ្យជឿជាច្រើន ដែលសូម្បីតែពេលខ្លះក៏យើងសឹងតែមិនជឿថា យើងអាចធ្វើវាបានផងពីមុនមក ហើយប្រសិនបើយើងបោះបង់វាចោលតាមអ្វីដែលអ្នកដទៃរិះគន់វិញនោះ យើងនឹងមិនអាចមានថ្ងៃនេះឡើយ៕