លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea មិនទាន់មានភាពច្បាស់លាស់ថា តើអ្នកចាំទី Kepa Arrizabalaga នឹងបានចូលលេងក្នុងជម្រើសទាំង 11នាក់ដំបូងក្នុងការប្រកួតជាមួយនឹងក្រុម Tottenham Hotspurs នៃក្របខ័ណ្ឌ Premier League ឬយ៉ាងណានៅឡើយ ក្រោយពីអ្នកចាំទីរូបនេះបានបដិសេធក្នុងការប្តូរចេញ ក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester City។
ក្លិប Chelsea បានពិន័យលើប្រាក់ខែរបស់ Kepa រយៈពេល 1សប្តាហ៍ ហើយកីឡាកររូបនេះបានធ្វើការសុំអភ័យទោស។ លោក Sarri បាននិយាយថា អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ នឹងត្រៀមផ្នែកស្មារតីរួចរាល់ប្រសិនបើរូបគេបានចូលលេងក្នុងជម្រើសទាំង 11នាក់ដំបូងសម្រាប់ការប្រកួតនៅកីឡដ្ឋាន Stamford Bridge។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំត្រូវតែផ្ញើសារមួយទៅកាន់ក្រុមរបស់ខ្ញុំថា តើ Kepa នឹងត្រូវស្ថិតនៅលើទីលានប្រកួត ឬក៏អត់។ ខ្ញុំត្រូវតែសម្រេចចិត្តថា តើមួយណាជាជម្រើសដ៏ល្អសម្រាប់ក្រុមរបស់យើង»។
លោក Sarri បានបន្ថែមទៀតថា៖ «ខ្ញុំមិនទាន់ដឹងនៅឡើយ តែ ខ្ញុំត្រូវតែសម្រេចចិត្តថា បាទ ឬទេ។ វានឹងក្លាយជាការសម្រេចចិត្តរបស់ក្រុមនេះ រួមនឹងកីឡាករទាំងអស់។ រូបគេបានបង្កើតឲ្យមានកំហុសមួយ ហេតុនេះវាមានលទ្ធផលមិនល្អបកមកវិញ។ ប្រសិនបើរូបគេត្រូវតែបានចូលលេង គេត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់។ ប្រសិនបើគេស្ថិតជាកីឡាករបម្រុង នោះរូបគេក៏ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ដែរ»។
Kepa ហាក់មានបញ្ហារបួសក្នុងពេលជិតបញ្ចប់ការប្រកួតនៃនាទីបន្ថែម 15នាទី 2ដងកាលពីថ្ងៃអាទិត្យ ហើយលោក Sarri បានបញ្ជាឲ្យប្តូររូបគេចេញ ប៉ុន្តែអ្នកចាំទីមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោករូបនេះ បានធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនខឹងតាមរយៈការបញ្ជាក់ថា រូបគេរឹងមាំគ្រប់គ្រាន់ដើម្បីបន្តលេងបាន និងមិនចង់ប្ដូរចេញ៕