យុវជនម្នាក់ បានចំណាយប្រាក់ប្រមាណជា 15,000ដុល្លារ ដើម្បីច្នៃរថយន្តធ្វើជាហាងកាហ្វេទំនើប ហើយដោយសារតែគុណភាព និងរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ បានធ្វើឱ្យអតិថិជនមួយចំនួនជក់មាត់មកទិញពិសារាល់ថ្ងៃ និងស្នើសុំទិញ (Franchise) ទៅលក់បន្តទៀតផង។
ហាងកាហ្វេដែលច្នៃពីរថយន្តខាងលើមានឈ្មោះថា Mini Brew Coffee មានទីតាំងនៅតាមបណ្តោយផ្លូវបេតុងជាប់របងសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វាខាងកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលម្ចាស់ជាយុវជនវ័យក្មេងម្នាក់ឈ្មោះ ហា សោមធនាំង ជាអ្នកមានបទពិសោធឆុងកាហ្វេមកពីប្រទេសកូរ៉េខាងត្បូង។
ម្ចាស់ហាងកាហ្វេវ័យក្មេងយុវជន សោមធនាំង បានផ្តល់បទសម្ភាសថា ការច្នៃរថយន្តធ្វើហាងកាហ្វេនេះមិនមែនជារឿងចៃដន្យ ឬធ្វើទៅតាមចិត្តនឹកឃើញនោះទេ តែការច្នៃរថយន្តធ្វើជាហាងនេះ គឺអាចចល័តទៅលក់បានគ្រប់ទីកន្លែង ប៉ុន្តែដោយសារការសាកល្បងលើទីតាំងដំបូងនេះមានការគាំទ្រពីអតិថិជនច្រើនទើបមិនមានការផ្លាស់ទៅកាន់កន្លែងផ្សេងៗ។ សហគ្រិនវ័យក្មេងខាងលើបញ្ជាក់ថា «ហាងនេះទើបតែបើកបានជាង 2ខែប៉ុណ្ណោះ តែដោយសារការច្នៃប្រឌិត ធ្វើហាងអំពីរថយន្ត គួបផ្សំគុណភាព និងរសជាតិឈ្ងុយឆ្ងាញ់ មិនចាញ់កាហ្វេតាមហាងទំនើបផ្សេងៗនោះ ធ្វើឱ្យអតិថិជនមានការគាំទ្រច្រើនឡើងៗ ទាំងប្រជាជនខ្មែរ និងបរទេស ដោយសារផ្លូវនេះមានជនបរទេសធ្វើដំណើរទៅមកឥតដាច់ឆ្ពោះទៅទស្សនាសារមន្ទីរជើងឯក ហើយពេលមកដល់ភ្ញៀវទេសចរតែងសម្រាកពិសាកាហ្វេ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះមានអតិថិជន4នាក់ទៅហើយដែលបានស្នើសុំទិញឈ្មោះ និងរូបមន្ត(Franchise)យកទៅបើកលក់បន្តទៀត»។
យុវជនខាងលើដដែលបានបន្តទៀតថា មុននឹងសម្រេចចិត្តបើកហាងនេះឡើង គឺខ្លួនបានសិក្សាពីវិធីសាស្រ្តឆុងកាហ្វេនៅសាលាអ៊ីតាលី ហើយធ្លាប់ធ្វើការក្រៅម៉ោងជាអ្នកឆុងកាហ្វេនៅប្រទេសកូរ៉េអស់រយៈពេល3ឆ្នាំមកហើយ។ ក្រោយពីត្រឡប់ពីប្រទេសក្រៅមកវិញ ខ្លួនបានដើរធ្វើតេស្តរកកាហ្វេណាដែលមានរសជាតិឆ្ងាញ់ដើម្បីយកមកលក់ជូនអតិថិជននៅក្នុងភូមិក៏ដូចជាអ្នកដំណើរទូទៅ និងបានភ្លក្សរសជាតិកាហ្វេឆ្ងាញ់គ្មានជាតិគីមីដូចកាហ្វេតាមដងផ្លូវមួយចំនួន «ខ្ញុំបានដើរធ្វើតេស្តគ្រាប់កាហ្វេជាច្រើន ចុងក្រោយខ្ញុំបានសម្រេចចិត្តរើសយកកាហ្វេនាំចូលពីប្រទេសបារាំង និងអូស្រ្តាលី យកមកឆុងជាមួយម៉ាស៊ីនទំនើបទើបមានរសជាតិឆ្ងាញ់ និងមានការគាំទ្រពីអតិថិជនច្រើនមួយថ្ងៃចន្លោះពី 30ទៅដល់50 នាក់ឯណោះ»។
ដោយសារតែគុណភាព និងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេ Mini Brew Coffee នេះអតិថិជនមួយចំនួនបានមកសុំទិញឈ្មោះ(Franchise) និងសុំរៀនពីរបៀបឆុងកាហ្វេនេះ ប៉ុន្តែដោយសារហាងខាងលើនៅមិនទាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ទើបមិនទាន់អាចលក់(Franchise) បន្តបាន។ យ៉ាងណាក៏ដោយយុវជនខាងលើបន្តថា ខ្លួននឹងសុំចុះបញ្ជីនៅឯក្រសួងក្នុងពេលឆាប់ៗ ហើយនឹងពង្រីកសាខាឱ្យបានកាន់តែច្រើន ដើម្បីឱ្យឃើញពីស្នាដៃកូនខ្មែរ ហើយអនាគតខ្លួនមានបំណងយកឈ្មោះនេះទៅបើកនៅសហរដ្ឋអាមេរិកទៀតផង។
សូមបញ្ជាក់ថា ហាងកាហ្វេ Mini Brew Coffee មានកាហ្វេរសជាតិច្រើនប្រភេទ រួមមានរសជាតិ អេស្រ្ពេសសូ អាមេរិកខិនណូ កាពូឈីណូ កាហ្វេឡាតេ ជាដើម ហើយមិនតែប៉ុណ្ណោះមានទាំងតែបៃតង តែបៃតងក្រឡុក ក្រឡុកផ្លែឈើដែលមានរសជាតិដើមពីប្រទេសបារាំង និងប្រទេស អូស្រ្តាលីពិតៗទៀតផង៕