កុមារជំនាន់ថ្មី ជាអ្នកបន្តវេនដ៏សំខាន់ដែលអាចកំណត់បានពីអនាគតរបស់ធនធានមនុស្សនៅកម្ពុជា ព្រោះបើកុមារបច្ចុប្បន្នមានគុណភាពល្អ នោះអ្នកដឹកនាំទៅថ្ងៃអនាគតក៏នឹងល្អប្រសើរដូចគ្នា តែប្រសិនបើកុមារបច្ចុប្បន្នទទួលបានផ្នត់គំនិត និងរបៀបនៃការរស់នៅអវិជ្ជមាន នោះសង្គមនឹងស្ថិតក្នុងកាលៈទេសៈដូចគ្នានោះដែរនៅថ្ងៃអនាគត។
លោក ប៉ិច ប៉ូឡែន អគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ប្រជាជនកម្ពុជា ជាពិសេសកុមារកម្ពុជាត្រូវការជាចាំបាច់នូវការបណ្តុះបណ្តាលបែបថ្មីដើម្បីឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានមួយចំនួនដែលបង្អាក់ដល់ការអភិវឌ្ឍ និងការរីកចម្រើនទាំងផ្នែកឯកជន និងសង្គម។ បច្ចុប្បន្ននេះយើងឃើញថា ប្រជាជនយើងនៅមានចំណុចខ្វះខាតមួយចំនួន ដូចជាមិនសូវចេះដោះស្រាយបញ្ហា និងមិនចេះសម្របសម្រួលធ្វើការងារជាក្រុមនោះទេ ដែលនេះជាហេតុធ្វើឱ្យការងារមួយចំនួនត្រូវបរាជ័យ បើទោះបីជាមានមនុស្សខ្លាំងៗក្នុងការធ្វើការងារក៏ដោយ ព្រោះយោបល់កាន់តែច្រើន នឹងឈ្លោះគ្នាកាន់តែច្រើន។ ចំណុចមួយចំនួនទៀតដូចជាបញ្ហាភាពស្មោះត្រង់ ការគោរពពេលវេលា និងភាពច្នៃប្រឌិតជាដើម ដែលជាបញ្ហាធ្វើឱ្យយើងលំបាកក្នុងការសម្របខ្លួនជាមួយនឹងអ្នកវិនិយោគ ហើយបញ្ហានេះធ្វើឱ្យយើងខាតបង់ជាច្រើន។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ «មានមនុស្សខ្លះធ្លាប់ទិតៀនខ្ញុំថា ខ្ញុំបង្អាប់ខ្លួន តែពេលខ្លះបញ្ហានេះសុទ្ធតែជារឿងពិតដែលត្រូវដោះស្រាយ ហេតុនេះយើងគួរចាប់អារម្មណ៍ទាំងអស់គ្នា ហើយស្តារបញ្ហានេះឱ្យល្អឡើងវិញ។ ក្នុងនោះការអប់រំ គឺជាច្រកយ៉ាងសំខាន់ក្នុងការជំរុញភាពវិជ្ជមាន និងកាត់បន្ថយចំណុចអវិជ្ជមានដល់ធនធានមនុស្សជំនាន់ថ្មីរបស់យើង»។
អ្នកជំនាញអប់រំខាងលើបានលើកឡើងថា ហេតុនេះហើយទើបយើងជ្រើសរើសយកកម្មវិធី Leader In Me និង 7 habits នេះឡើង ដើម្បីព្យាយាមបណ្តុះបណ្តាលកុមារកម្ពុជាតាំងពីតូចដល់ធំឱ្យក្លាយជាមនុស្សដែលមានទាំងគុណភាពផ្នែកចំណេះដឹង និងគុណធម៌ សីលធម៌ ដែលជាគុណសម្បត្តិយ៉ាងសំខាន់ក្នុងការធ្វើការងារ និងការរស់នៅ។ ប្រសិនបើប្រជាជនយើងនៅថ្ងៃអនាគតមានចំណុចសំខាន់ៗទាំងអស់នេះ នោះការងារទាំងរដ្ឋ និងឯកជននឹងមានការអភិវឌ្ឍបានលឿន ព្រោះម្នាក់ៗពោរពេញដោយភាពទទួលខុសត្រូវ មានផែនការច្បាស់លាស់ និងមានឆន្ទៈប្រកបដោយភាពស្មោះត្រង់សម្រាប់ជំរុញការងាររួមឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក ឌុក នីន នាយកបណ្តុះបណ្តាល និងប្រឹក្សាយោបល់នៃវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ បានលើកឡើងថា ការបណ្តុះបណ្តាលកម្មវិធីទម្លាប់ទាំង7 និងជំនាញសម្រាប់សតវត្សរ៍ទី21ជាកម្មវិធីមួយដ៏មានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរ ហេតុនេះហើយទើបយើងព្យាយាមគ្រប់លទ្ធភាពក្នុងការចែកចាយឱ្យបានច្រើនទៅកាន់គ្រឹះស្ថានអប់រំ និងប្រជាជនខ្មែរនៅទូទាំងប្រទេស។
លោកបានបន្ថែមទៀតថា កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង7 នេះ ត្រូវបានទទួលសិទ្ធិប្រើប្រាស់ និងចែកចាយផ្តាច់មុខនៅកម្ពុជាដោយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នៅឆ្នាំ2016 ដែលមានវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ជាអ្នកគ្រប់គ្រង ហើយរហូតមកដល់បច្ចុប្បន្ននេះមានសាលារៀនចំនួន28 កំពុងប្រើប្រាស់ដើម្បីបណ្តុះបណ្តាលសិស្សដូចជា៖ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ (ភ្នំពេញ) សាលា អាស៊ាន អ៊ីនធើណាស្យូណាល់(ភ្នំពេញ) សាលា ញូវថោន(កំពង់ស្ពឺ) សាលា បណ្តុះវិជ្ជា(កំពង់ចាម) សាលា យូអេស អ៊ីនធើណាស្យូណាល់(បាត់ដំបង សៀមរាប ភ្នំពេញ) សាលា អេឡេហ្គិន អ៊ីនធើណាស្យូណាល់(ប៉ោយប៉ែត) ហើយនៅមានសាលាជាច្រើនទៀត កំពុងចាប់អារម្មណ៍ចង់ទិញសិទ្ធិប្រើប្រាស់កម្មវិធីនេះផងដែរ៕