Skip to content

ជប៉ុន​ ​ផ្តល់​ថវិកា​ជិត​ ​1លាន​ដុល្លារ​ ​សម្រាប់​លើកកម្ពស់​សល្យ​សាស្រ្ត​កុមារ​កម្ពុជា​ ​និង​បោសសម្អាត​មីន

​​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ថវិកា​ជាង​ ​92.56ម៉ឺន​ដុល្លារ​ ​សម្រាប់​គម្រោង​លើកកម្ពស់​សល្យ​សាស្រ្ត​កុមារ​ ​និង​ការបោសសម្អាត​មីន​ ​និង​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី26​ ​កុម្ភៈ​នេះ​។​

ថវិកា​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​អង្គការ​ចំនួន2​ ​ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ ​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ ​គឺ​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​(​FIDR​)​ ​និង​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​ ​(​JMAS​)​ ​។​ ​ក្នុង​នោះ​ទឹកប្រាក់​ជាង​ ​23.76ម៉ឺន​ដុល្លារ​ ​ផ្តល់​ឱ្យ​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​(​FIDR​)​ ​ដើម្បី​អនុវត្ត​លើ​គម្រោង​ ​”​សល្យសាស្ត្រ​កុមារ​ ​ប្រចាំ​ខេត្តក្រចេះ​(​ឆ្នាំទី1​)​”​។​

លោក​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​៖​«​ចំពោះ​គម្រោង​ ​ ​ ​ ​សល្យសាស្ត្រ​កុមារ​ប្រចាំ​ខេត្តក្រចេះ​ ​គឺ​អង្គការ​ ​FIDR​ ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​មន្ទីរពេទ្យ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សល្យ​សាស្រ្ត​កុមារ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​នឹង​ផ្តល់​ការអប់រំ​អំពី​សុខភាព​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ ​រួម​ទាំង​អ្នកជំងឺ​ ​និង​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ​»​។

​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​បាន​បញ្ជាក់​ទៀត​ថា​ ​តាមរយៈ​គម្រោង​នេះ​ ​លោក​សង្ឃឹមថា​ ​អ្នកជំងឺ​កុមារ​ដែល​ទទួលការ​វះកាត់​ ​នឹងអាច​ត្រូវ​បាន​រក​ឃើញ​ ​និង​ព្យាបាល​នៅ​ដំណាក់កាល​ដំបូង​ ​ហើយ​សុខភាព​កុមារ​នៅក្នុង​តំបន់​នឹង​បាន​ប្រសើរ​ឡើង​»​។​ចំណែក​ទឹកប្រាក់​ជាង​ ​68.80ម៉ឺន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឱ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​ ​(​JMAS​)​ ​ដើម្បី​អនុវត្ត​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់ជ្រុងជ្រោយ​ក្នុង​ការបោសសម្អាត​មីន​ក្នុង​ខេត្តកំពង់ធំ​(​ឆ្នាំទី2​)​។​

ដោយឡែក​ ​លោក​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​បានឱ្យ​ដឹង​ថា​៖​«​ ​សម្រាប់​គម្រោង​បោសសម្អាត​មីន​ ​និង​គ្រាប់​ចង្កោម​នៅ​ខេត្តកំពង់ធំ​ ​គឺ​អង្គការ​ ​JMAS​ ​នឹង​ផ្ទេរ​បច្ចេកទេស​ក្នុង​ការប្រើ​ម៉ាស៊ីន​ដោះគ្រាប់បែក​ចង្កោម​ ​និង​ដ្រូ​ននៅ​ក្នុង​តំបន់​សម្បូរទៅដោយ​គ្រាប់មីន​ ​និង​គ្រាប់បែក​ចង្កោម​ ​នៅ​លាយ​បញ្ចូល​គ្នា​ទៅ​ឱ្យ​អង្គការ​ស៊ី​ម៉ាក់​។​ ​តាមរយៈ​គម្រោង​នេះ​ ​លោក​សង្ឃឹមថា​ ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ ​នឹង​បាន​រួចផុត​ពី​ការភ័យខ្លាច​នៃ​គ្រាប់មីន​ ​និង​កាកសំណល់​ជាតិផ្ទុះ​ ​ហើយនឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​បន្ថែម​ទៀត​»​។

​លោកស្រី​ ​មី​ណា​មី​ ​យូ​មី​កូ​(​Minami​ ​Yumiko​)​តំណាង​មូលនិធិ​ដើម្បី​ការ​អភិវឌ្ឍ​ ​និង​ជួយសង្គ្រោះ​អន្តរជាតិ​បាន​និយាយ​ថា​ ​គម្រោង​ដំបូង​មានបំណង​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​សុខាភិបាល​មិន​ត្រឹមតែ​ក្នុង​ការគ្រប់គ្រង​មន្ទីរពេទ្យ​ ​និង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ប៉ុណ្ណោះទេ​ ​ថែមទាំង​ក្នុង​ការ​រក​ឃើញ​និង​ព្យាបាល​ទាន់ពេល​វេលា​ទៀតផង​។​
|
អង្គការ​នេះ​ក៏​នឹង​ជួយ​ដល់​សហគមន៍​ ​រួម​ទាំង​អ្នកជំងឺ​ ​និង​គ្រួសារ​របស់​ពួកគេ​ដើម្បី​ផ្តល់​ការអប់រំ​សុខភាព​។​លោកស្រី​បាន​និយាយ​ថា​៖​ ​«​គម្រោង​នេះ​មាន​គោលបំណង​ ​3ចំណុច​៖​ ​ជួសជុល​អគារ​វះកាត់​និង​បំពេញបន្ថែម​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សម្ភារ​វះកាត់​ ​កែ​លម្អ​ការ​ដឹកជញ្ជូន​អ្នកជំងឺ​នៅ​ក្រចេះ​ពី​មណ្ឌលសុខភាព​ទៅកាន់​មន្ទីរពេទ្យ​សហព័ន្ធ​ ​និង​បណ្តុះបណ្តាល​អ្នកជំនាញ​សុខភាព​ក្នុង​ការវះកាត់​កុមារ​»​៕​

Leave a Reply

Your email address will not be published. Required fields are marked *