ពេញមួយថ្ងៃរាងកាយដូចជាមិនអាចគេចផុតពីការបំផ្លាញនៃអាកាសធាតុ និងពេលវេលានោះទេ បើដូច្នេះមែននោះតើធ្វើម៉េចនឹងអាចបង្អួតអ្នកជិតខាងឱ្យឃើញថា អ្នកនៅតែស្អាតតាំងពីព្រលឹមទល់ប្រលប់បានទៅ? ស្អាតរាល់ថ្ងៃ អ្នកណាមិនប្រាថ្នាចង់បាន តែវាទាស់ត្រង់ថាមិនដឹងធ្វើយ៉ាងម៉េចទើបអាចនាំក្តីស្រមៃនេះទៅកាន់ពិភពពិតបានតែប៉ុណ្ណោះ។ មិនស្រួល ហើយក៏មិនពិបាកដែរ ប៉ុន្តែវាតម្រូវឱ្យអ្នកយកចិត្តទុកដាក់ក្នុងការអនុវត្ត មិនមែនធ្វើតែមួយ ឬពីរថ្ងៃនៅមិនទាន់ឃើញពីប្រសិទ្ធភាព ក៏បោះបង់ចោលនោះទេ។ រក្សាឱ្យបានខ្ជាប់ខ្ជួននូវទង្វើមួយចំនួនដូចខាងក្រោម នោះភាពស្រស់ស្អាតនឹងស្ថិតនៅជាមួយអ្នករាល់ថ្ងៃជាមិនខាន។
ព្រឹកព្រលឹម : បន្ទាប់ពីក្រោកពីដំណេកនាពេលព្រឹក សូមកុំទាន់លុបលាងជាតិខ្លាញ់ដែលនៅជាប់លើផ្ទៃមុខ ជាពិសេសនៅជុំវិញច្រមុះ និងចង្កាចេញភ្លាមៗអី សូមប្រើដៃរបស់អ្នកញីវាឱ្យពេញផ្ទៃមុខ រួចទុកមួយសន្ទុះសិនសឹមចាប់ផ្តើមធ្វើអ្វីដែលអ្នកចង់ធ្វើជាបន្តចុះ។ ការរក្សាទុកនូវជាតិខ្លាញ់នៅលើផ្ទៃមុខបែបនេះគឺជាការជួយរក្សាស្បែកឱ្យមានសំណើម(សម្រាប់អ្នកដែលមានស្បែកស្ងួត) និងក្មេងជាងវ័យព្រោះវាជាខ្លាញ់ធម្មជាតិដែលរាងកាយបានបញ្ចេញមកក្រៅ។
មុនអាហារពេលព្រឹក : មុនទទួលទានអាហារពេលព្រឹក ត្រូវទទួលទានទឹកក្ដៅឧណ្ហ2កែវ (លាយជាមួយទឹកឃ្មុំ 1ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារបន្ដិចកាន់តែល្អ)។ ការធ្វើបែបនេះអាចជួយសម្អាតក្រពះ ហើយអាចជួយដល់ការរក្សារាងបានទៀតផង (ពេលខ្លះវាអាចនឹងមានការពិបាកបន្តិចសម្រាប់អ្នកក្នុងការទទួលទានពីដំបូង ហេតុនេះអ្នកគួរបង្រៀនខ្លួនឯងឱ្យចាប់ផ្តើមធ្វើវាម្តងបន្តិចៗក៏បាន)។
មិនត្រូវបោះបង់បន្លែបៃតង : រាល់ពេលទទួលទានអាហារអ្នកគួរទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព និងសម្រស់ ដូចជា ផ្លែឈើ ត្រី ស៊ុត និងគ្រប់ធញ្ញជាតិជាដើម។
សម្អាតស្បែក : បន្ទាប់ពីត្រឡប់មកពីធ្វើការងារ ឬការចេញទៅខាងក្រៅផ្ទះអ្នកត្រូវលាងជម្រះ ឬប្រើកន្សែងសើម ដើម្បីសម្អាតសារជាតិកខ្វក់ផ្សេងៗដែលនៅជាប់លើផ្ទៃមុខចេញឱ្យបានស្អាត។
បន្ថែមពីលើសកម្មភាពអស់ទាំងនោះអ្នកត្រូវគិតទៅដល់ទង្វើមួយចំនួនទៀតដូចជា ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ហើយត្រូវកាត់បន្ថយការបរិភោគអាហារដែលផ្ទុក ឬប្រើសារជាតិ ឬមានខ្លាញ់ច្រើន ដូចជា អាហារចៀន និងបំពងជាដើម។ ហាត់ប្រាណតាមដែលអាចធ្វើទៅបាន (បើទោះជាពេលខ្លះអ្នករវល់នឹងការងារច្រើន រហូតមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅហាត់ប្រាណនៅតាមក្លឹប ឬទីកន្លែងផ្សេងៗក៏ដោយ អ្នកគួរតែឆ្លៀតពេលដើរក្នុងកំឡុងពេលធ្វើការ) ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបទនៃការអង្គុយ ឈរ គេង និងដកដង្ហើមត្រូវធ្វើឱ្យបានត្រឹមត្រូវ៕