កន្លងមកប្រទេសកម្ពុជា និងជប៉ុន បានសហការគ្នាយ៉ាងល្អលើវិស័យការងារ ដែលកិច្ចសហការនេះបានផ្តល់ផលចំណេញជាច្រើនដល់ប្រជាជនកម្ពុជាក្នុងការសិក្សាយកចំណេះ និងជំនាញមកអភិវឌ្ឍប្រទេស។ តែទោះបីជាយ៉ាងនេះក្តី កិច្ចសហការកន្លងមកប្រទេសជប៉ុនបើកទទួលត្រឹមតែកម្មសិក្សាការីរបស់កម្ពុជាតែប៉ុណ្ណោះ មិនទាន់បានទទួលយកពលករកម្ពុជាឱ្យធ្វើការងារពេញសិទ្ធិនៅប្រទេសជប៉ុននៅឡើយទេ។ ហេតុនេះហើយទើបភាគីទាំង2 ខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចសហការនេះឱ្យកាន់តែមានការអភិវឌ្ឍទៅមុខ រួមទាំងគុណភាពនៃការបណ្តុះបណ្តាល និងការផ្លាស់ប្តូរកម្លាំងពលកម្មឱ្យកាន់តែមានប្រសិទ្ធភាពឡើង។
នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ឯកឧត្តម អុិត សំហេង និងឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជួបពិភាក្សាគ្នាដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស្តីពីពលកម្មជំនាញ។
នៅក្នុងជំនួបនោះ ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ជប៉ុននឹងកែសម្រួលច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យពលករកម្ពុជាអាចដាក់ពាក្យស្នើសុំទិដ្ឋាការការងារ (working visa) ដើម្បីទទួលបានសិទ្ធពេញលេញក្នុងការធ្វើការងារនៅប្រទេសជប៉ុន ខណៈដែលកន្លងមកជប៉ុនទទួលយកត្រឹមតែកម្មសិក្សាការីរបស់កម្ពុជាទៅដកពិសោធការងារនៅប្រទេសជប៉ុនតែប៉ុណ្ណោះ។ ច្បាប់ថ្មីនេះនឹងផ្តល់ឱកាសល្អដល់ពលករជំនាញរបស់កម្ពុជា និងពលករបច្ចេកទេស អាចចូលទៅបម្រើការងារពេញច្បាប់ ដើម្បីបំពេញចំណុចខ្វះខាតនូវកម្លាំងពលកម្មដែលជប៉ុនកំពុងត្រូវការ។ ក្នុងនោះដែរឯកឧត្តមក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលកន្លងមកបានជួយអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្តល់ឱកាសឱ្យកម្មសិក្សាការីកម្ពុជាបានទៅហាត់ការនៅប្រទេសជប៉ុន ដែលមកដល់បច្ចុប្បន្នមានចំនួន 9ពាន់នាក់ហើយ។
ឯកឧត្តម អុិត សំហេង បានមានប្រសាសន៍ថា៖ “គម្រោងដែលជប៉ុន នឹងដាក់ឱ្យដំណើរការនូវច្បាប់ការងារថ្មី ដើម្បីទទួលយកពលករពីប្រទេសនានាទៅធ្វើការងារនៅប្រទេសជប៉ុននៅក្នុងខែមេសាឆ្នាំ2019 ខាងមុខនេះ កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះវាជាឱកាសដ៏ល្អមួយដែលប្រទេសទាំង2 នឹងទទួលបានផលប្រយោជន៍ទៅវិញទៅមក”។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍បន្តទៀតថា ផលប្រយោជន៍ដែលជប៉ុននឹងទទួលបាន គឺពលករកម្ពុជានឹងទៅបំពេញកង្វះខាតកម្លាំងពលកម្មដែលជប៉ុនកំពុងត្រូវការលើវិស័យជាច្រើន ចំណែកឯកម្ពុជាវិញនឹងមានលទ្ធភាពក្នុងការផ្តល់ឱកាសបន្ថែមដល់ប្រជាជនក្នុងការជ្រើសរើសការងាររបស់ខ្លួនតាមចំណង់ចំណូលចិត្ត ដើម្បីទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ហើយថែមទាំងទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈសម្រាប់ត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសវិញទៀតផង។
បើតាមគម្រោង កម្ពុជា និងជប៉ុននឹងចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនៅទីក្រុងតូក្យូក្នុងអំឡុងសប្តាហ៍ទី3 នៃខែមីនា ឆ្នាំ2019 ខាងមុខ ព្រោះភាគីទាំង2 បានឯកភាពគ្នារួចជាស្រេចហើយដោយបានជំរុញឱ្យក្រុមការងារបច្ចេកទេសពិនិត្យកែសម្រួលសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យបានរួចឆាប់៕