តាមរយៈទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កម្ពុជា បានរៀបចំដាក់ ទម្រង់ល្ខោនយីកេ តម្បាញសូត្រខ្មែរ និងគ្រឿងចម្លាក់ប្រាក់ ក្នុងបញ្ជីត្រៀមរបស់ខ្លួនសម្រាប់ស្នើសុំទៅអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ។
ថ្លែងប្រាប់ក្រុមអ្នកសារពត័មានក្នុងស្រុក លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងថា ក្រសួង បានដាក់ឯកសារល្បុក្កតោ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរួចហើយ ដែលកំពុងរង់ចាំការសម្រេចពីគណៈកម្មការយូណេស្កូនៅឆ្នាំ 2020 ។ ទន្ទឹមនឹងនេះដែរ ក្រសួងវប្បធម៌ ក៏កំពុងត្រៀមរៀបចំឯកសារស្ដីពីតម្បាញសូត្រខ្មែរ ល្ខោនយីកេ និងគ្រឿងចម្លាក់ប្រាក់ ចូលទៅក្នុងបញ្ជីត្រៀម សម្រាប់ស្នើសុំទៅគណៈកម្មការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
បើតាមមន្រ្តីជំនាញ បានបញ្ជាក់ដែរថា សម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ មានច្រើនទម្រង់ ក្នុងនោះ រួមមាន ល្ខោនរបាំ កីឡា ឧបករណ៍ភ្លេង ម្ហូបអាហារ តម្បាញសូត្រ និងគ្រឿងចម្លាក់ប្រាក់ គឺសុទ្ធតែត្រូវបានចាត់ចូលជាសម្បត្តិវប្បធម៌អរូបី ។ ក្នុងចំណោមទម្រង់នៃសិល្បៈទាំងនេះ ក្រសួង បានរៀបចំចងក្រងឯកសារ និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ ជាបន្តបន្ទាប់ ដែលរួមបញ្ចូលទាំងតម្បាញសូត្រ ល្ងោនយីកេ គ្រឿងចម្លាក់ប្រាក់ និងទម្រង់សិល្បៈមួយចំនួនទៀត ។ សូមជម្រាបថា គិតត្រឹមឆ្នាំ 2018 កម្ពុជា បានចុះបញ្ជីសម្បត្ដិវប្បធម៌ទាំងរូបី និងអរូបី ទៅក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោក បានចំនួន 8 រួមមាន៖ ប្រាសាទអង្គរវត្ដ,របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ, ប្រាសាទព្រះវិហារ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក និង ល្ខោនខោល ៕