ស្នាដៃថ្មីរឿង «ទារុណកម្មខ្មោច» ដែលសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់របស់ផលិតកម្មសិល្បៈភាពយន្តសហការជាមួយលោក ហ៊ុយ យ៉ាឡេង ផលិតករ និងអ្នកដឹកនាំដ៏ពូកែ ត្រូវបានអ្នកគាំទ្ររំពឹងថា ពិតជាទទួលបានការចាប់អារម្មណ៍ម្តងទៀតហើយ សម្រាប់សង្គមភាពយន្តខ្មែរ។ ការមានជំនឿចិត្តបែបនេះ ព្រោះគេទទួលស្គាល់យ៉ាងពេញទំហឹងលើស្នាដៃលោក ហ៊ុយ យ៉ាឡេង ពូកែផលិតកុន ប្រកបដោយការលាក់ផ្ទៃរឿង។
នាយប់មិញនេះ ស្ថិតក្នុងបរិវេនរោងកុនទំនើបនៅផ្សារទំនើបអ៊ីអន១ រាជធានីភ្នំពេញ ផលិតកម្មសិល្បៈភាពយន្តខ្មែរ សហការជាមួយលោក ហ៊ុយ យ៉ាឡេង អ្នកសម្តែង និងផលិតករ រួមទាំងជាអ្នកដឹកនាំរឿង បានសហការគ្នាជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រារព្ធពិធីដាក់សម្ពោធខ្សែភាពយន្តរឿង «ទារុណកម្មខ្មោច» ដោយមានវត្តមានតារាសិល្បៈចូលរួមជាច្រើនកុះករ រួមទាំងមហាជនជាអ្នកគាំទ្រស្នាដៃកន្លងមករបស់លោក ហ៊ុយ យ៉ាឡេងផងដែរ។ ការចូលរួមនេះ មិនត្រឹមតែដើម្បីសិក្សាឈ្វេងយល់ពីវិស័យកុនខ្មែរ ជាពិសេសចូលរួមលើកទឹកចិត្តដល់ផលិតករខ្មែរ និងកាន់តែជំរុញឱ្យកុនខ្មែរកាន់តែមានគុណភាពថែមមួយកម្រិតទៀត។
លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធ បានអះអាងថា លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលក្នុងពិធីសម្ពោធរឿង«ទារុណកម្មខ្មោច» មានការចូលរួមពីតារាសិល្បៈយ៉ាងច្រើនកុះករ ដោយក្នុងពិធីនោះ លោក និងក្រុមការងារក៏បានអញ្ជើញវិរៈសិល្បករផ្នែកចាប៉ីដងវែងគឺលោកតា គង់ ណៃ ឱ្យមកចូលរួមផងដែរ ដោយលោកប្រកាសថាដើម្បីឱ្យមហាជនមានការចាប់អារម្មណ៍ចំពោះវិរៈសិល្បករជើងចាស់រូបនេះឱ្យបានច្រើន។ លោកថាភាពយន្តមួយនេះ លោកមិនទាន់រំពឹងពីជោគជ័យខ្លាំងនោះទេ ប៉ុន្តែផ្អែកតាមការគាំទ្រពីតារាសិល្បៈយ៉ាងច្រើនកុះករ លើសពីភាពយន្តមុនៗដែលលោកបានផលិត លោកជឿជាក់ថាស្នាដៃមួយនេះ នឹងជោគជ័យខ្លាំង។ នៅក្នុងការចូលរួមនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមាននាទីជាប្រធានសមាគមសិល្បករខ្មែរ បានចូលរួមឧបត្ថមថវិការចំនួន ១ លាន រៀលជូនព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ទៀតផង ដែលនេះជាទឹកចិត្តដ៏សែនល្អពេកក្រៃមួយ។
បើទោះបីជាខាងផលិតករពោលពាក្យដូចខាងលើក្ដី តែក្រោយពីបញ្ចប់ការទស្សនាភាពយន្ដ«ទារុណកម្មខ្មោច»ដាក់សម្ពោធនាយប់មិញនេះ អ្នកគាំទ្រជាច្រើនបានលាន់មាត់សសើរ និយាយមិនដាច់ពីសាច់រឿង ចាប់តាំងពីក្នុងរោងភាពយន្ដ រហូតដល់បរិវេណក្រៅរោង។ ភាគច្រើនមហាជនបានដាក់ពិន្ទុឱ្យរឿងដល់ 7/10 បានសេចក្ដីថា ជាភាពយន្ដមួយដែលមានគុណភាពល្អមើល និងសម្រិតសម្រាំងខ្លាំង ដែលធ្វើឱ្យអ្នកទស្សនាហើយ មិនខកបំណង៕