ចាប់តាំងពីជាប់ពាក់ព័ន្ធក្នុងករណីរឿងក្ដីជួញដូរគ្រឿងញៀនជាមួយស្វាមីមក តារាឯកស្រីថៃ នាង ផេត ណាប៉ាផា បានធ្លាក់ប្រជាប្រិយភាពជាខ្លាំង និងបានបាត់បង់ការងារជាច្រើន ដែលធ្វើឱ្យនាងខាតបង់ចំណួលពីសិល្បៈយ៉ាងមហាសាល ព្រោះថា កាលពីនាងនៅមានប្រជាប្រិយភាព នាងគឺជាដៃគូល្បីមួយរូបជាមួយតារាចម្រៀង និងសម្ដែង តូ ណូ ដែលអ្នកទាំងពីរត្រូវបានមហាជនទទួលស្គាល់ និងគាំទ្ររហូតមក។
នៅគ្រានេះ តារាស្រី ផេត ណាប៉ាផា បានបីកូនប្រុសមានឈ្មោះ ណង រ៉េតស៊ីង សម្រក់ទឹកភ្នែកមកស្រស់ៗតែម្ដងដែលមិនមែនជាការសម្ដែង ជាមួយនឹងការផ្ដល់បទសម្ភាសនៅក្នុងកម្មវិធី WOODYTALK ថា “ ដឹងទេថា នៅក្នុងមួយជីវិតនេះ នាងខ្ញុំខ្លាចអ្វីជាងគេ? គឺនាងខ្ញុំខ្លាចរឿងគេដកអភ័យឯកសិទ្ធិ ព្រោះនៅពេលមានរឿង នាងខ្ញុំគឺជាអ្នកតំណាងផលិតផល ព្រមទាំងមានឈ្មោះជាអ្នកលក់ផលិតផលនោះដោយខ្លួនឯងទៀតផង តែស្រាប់តែមកត្រូវគេបញ្ឍប់ភ្លាមៗ តើគួរធ្វើយ៉ាងដូចម្ដេច ? “ ។
ខណៈដែលតារាស្រីល្បីឈ្មោះរូបនេះ និយាយរៀបរាប់បណ្ដើរ ពកូនបណ្ដើរនោះ នាងបានអួលដើមកជាខ្លាំង លុះទប់អារម្មណ៍មិនបានក៏សម្រក់ទឹកភ្នែកនៅចំពោះមុខពិធីករព្រមទាំងពោលថា “ នាងខ្ញុំខ្លាចអត់មានការងារធ្វើ គឺថា នាងខ្ញុំនៅមានម្ដាយ មានបង មែនទេ? ហើយនាងខ្ញុំថែមទាំងមានកូនទៀត ពិតជាគួរឱ្យភ័យខ្លាចណាស់ “ ។ នាងបានបន្ដថា នៅពេលនេះកូនប្រុសមិនបានជួបមុខឪពុក 7 ថ្ងៃហើយ តែសំណាងល្អដែលកូនងាយស្រួលចិញ្ចឹម ហើយក៏អរគុណសម្រាប់កម្លាំងចិត្តទាំងអស់ផងដែរ ។
គួរបញ្ជាក់ផងដែរថា នៅខណៈនេះជីវិតរបស់តារាស្រីរូបនេះបានផ្លាស់ប្ដូរទាំងស្រុង រហូតដល់មានសារព័ត៌មានថៃខ្លះបានចុះផ្សាយថា តើនាងនឹងត្រូវរឹងមាំដល់កម្រិតណា ឪពុកស្លាប់? ម្ដាយឈឺ? បងពិការ? ប្ដីជាប់គុក? ដើម្បីជាការទាក់ទាញអ្នកអាន តែនាងបានពោលប្រាប់អ្នកសារព័ត៌មានថា សូមមេត្តាយោគយល់នាងផង នាងសូមអង្វរ ៕