កីឡាការិនីវាយកូនគោល Amy Yang របស់កូរ៉េខាងត្បូង បានឈ្នះពាន Honda LPGA Thailand ជាលើកទី3 ក្នុងទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃអាទិត្យ ក្រោយពីបានបញ្ចប់ដោយការរកបាន 266ពិន្ទុ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញមួយ។
ក្រោយពីវាយកូនបាល់យ៉ាងល្អជាបន្តបន្ទាប់នៅថ្ងៃដដែលនោះ កីឡាការិនីវ័យ 29ឆ្នាំរូបនេះ មានពិន្ទុស្មើជាមួយនឹងកីឡាការិនីអូស្ត្រាលី Minjee Lee និងកីឡាការិនីអេស្ប៉ាញ Carlota Ciganda ក្នុងការប្រកួតលើរន្ធទី15។
ក្រោយមក Yang ដណ្តើមយកការនាំមុខវិញភ្លាមៗក្នុងការប្រកួតលើរន្ធទី16 និងបានឈ្នះពាន ក៏ដូចជាទឹកប្រាក់រង្វាន់ 240,000ដុល្លារអាមេរិក ក្រោយពីវាយកូនគោលបញ្ចូលរន្ធយ៉ាងល្អលើរន្ធទី18។
កីឡាការិនីរូបនេះបានឱ្យដឹងថា៖ «ខ្ញុំបានដឹងថា ពួកយើងមានពិន្ទុស្មើគ្នា ប៉ុន្តែ ខ្ញុំបានព្យាយាមរក្សាការផ្តោតអារម្មណ៍របស់ខ្ញុំ និងរក្សាការអត់ធ្មត់»។
Yang ដែលបានឈ្នះពាននេះកាលពីមុនក្នុងឆ្នាំ2013 និង2015 នោះ បាននិយាយថា ការលេងនៅលើទីលាន Pattaya ពិតជាបានផ្តល់នូវលក្ខខណពិសេសចំពោះរូបនាង។ កីឡាការិនីYang បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការឈ្នះពាន 3លើកនៅទីនេះ»។
កីឡាការិនីអេស្ប៉ាញ បានទទួលស្គាល់ថា នាងមានការភិតភ័យ និងរំភើបពេក សម្រាប់ការប្រកួតចាប់ពីរន្ធ2 ទៅ 3លើកចុងក្រោយ។ ប៉ុន្តែ កីឡាការិនីរូបនេះបានបញ្ជាក់ថា នាងពិតជារីករាយណាស់ ជាមួយនឹងទម្រង់លេងរបស់នាង ក្រោយពីបានបញ្ចប់ដោយរកបានពិន្ទុសរុប 268៕
ប្រភពពី៖ Channel News Asia