ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីកាលកំណត់ជាក់លាក់ក្នុងការរៀបចំមហាស្រពវិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាលើកទី5 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី21ដល់ថ្ងៃទី23 ខែកុម្ភៈ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មនៅឆ្នាំនេះមានគោលបំណងជំរុញសិស្សានុសិស្ស និស្សិត យុវជនលោកគ្រូ អ្នកគ្រូ បុគ្គលទូទៅ គ្រឹះស្ថានសិក្សា អង្គភាព និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែមានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់លើការសិក្សា ការអប់រំ ការបណ្តុះបណ្តាល ការងារ អាជីព វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និងនវានុវត្តន៍ លើមុខជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលជាមុខវិជ្ជាជំនាញដ៏មានសក្តានុពលសម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម កសិឧស្សាហកម្ម និងពាណិជ្ជនីយកម្មកម្ពុជា។
សកម្មភាពសំខាន់ៗក្នុងមហោស្រពនេះមានដូចជា ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា រួមទាំងសិក្ខាសាលា និងវេទិកា STEM និងការប្រគំតន្ត្រីជាដើម។
រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អុឹម កុច បានមានប្រសាសន៍ថា ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាជំនាញដែលសង្គមកម្ពុជាកំពុងត្រូវការខ្ពស់ ព្រោះជំនាញទាំងអស់នេះជាជំនាញដែលមានទីផ្សារធំទូលាយ និងជាជំនាញដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់បាន។ ហេតុនេះហើយទើបក្រសួងអប់រំ បានខិតខំប្រឹងប្រែងជំរុញឱ្យមានការផ្សព្វផ្សាយ និងកំណត់ផែនការសកម្មភាពជាច្រើនដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សកម្ពុជានៅគ្រប់ទីកន្លែងនៅកម្ពុជាបានយល់កាន់តែច្បាស់ពីគុណតម្លៃនៃមុខវិជ្ជា STEM នេះ ហើយចាប់យកផ្នែកណាមួយនៃមុខវិជ្ជាដ៏មានសារៈសំខាន់នេះដើម្បីយកជាអាជីពការងារនាពេលអនាគត។
ឯកឧត្តម អុឹម កុច មានប្រសាសន៍ថា៖ “នៅពេលយុវជនជំនាន់ថ្មីរបស់កម្ពុជាបានយល់ដឹងពីសារៈសំខាន់នៃមុខវិជ្ជា STEM នេះ យើងនឹងមានអ្នកជំនាញកាន់តែច្រើនដែលជួយជំរុញឱ្យវិស័យនានាកាន់តែមានសក្តានុពល និងអាចស្រូបទាញបានកម្លាំងពលកម្មជាច្រើនពីការវិនិយោគ”។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា ក្នុងសតវត្សរ៍ទី21 នេះ ជំនាញទាំងអស់នេះកំពុងក្លាយជាផ្នែកយ៉ាងសំខាន់ដើម្បីធ្វើឱ្យការងារ ការផលិត និងការរស់នៅកាន់តែមានភាពងាយស្រួល ហើយបង្កើនប្រសិទ្ធភាពលើរាល់ការងារក្នុងសង្គម។ ជាក់ស្តែងប្រសិនបើយើងមានអ្នកជំនាញផ្នែកវិស្វកម្មច្រើន ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការងារសាងសង់សំណង់អគារផ្សេងៗទៀតនឹងកាន់តែអាចធ្វើបានដោយឆាប់រហ័ស ព្រោះបច្ចេកវិទ្យាបច្ចុប្បន្នមានកម្មវិធីឆ្លាតវៃជាច្រើនដែលអាចធ្វើឱ្យការងារធំៗអាចសម្រេចបានយ៉ាងងាយ។ ក្រៅពីនេះជំនាញ STEM ក៏ជាផ្នែកដែលគាំទ្រឱ្យវិស័យជាច្រើនផ្សេងទៀត ដូចជាសុខាភិបាល កសិកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការរុករកផលិតផលថ្មីៗសម្រាប់ដោះស្រាយបញ្ហាមនុស្សជាដើម។
ការបង្កើតកម្មវិធីផ្សព្វផ្សាយ ពិព័រណ៍ និងមហោស្រពវិទ្យាសាស្ត្រ នៅកម្ពុជាជាយន្តការសំខាន់មួយក្នុងការជំរុញឱ្យយុវជនកម្ពុជាសម្លឹងឃើញកាន់តែច្បាស់ពីឱកាសដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យស្របតាមសេចក្តីត្រូវការរបស់សង្គមលើគ្រប់មុខជំនាញ និងអាជីពសំខាន់ៗជាច្រើនដែលសុទ្ធតែជាមុខវិជ្ជាមានទីផ្សារខ្ពស់នៅម្ពុជាទាំងអស់។ សម្រាប់កម្មវិធីមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្មកម្ពុជា លើកទី5 នេះ នឹងចាប់ផ្តើមបើកឱ្យចូលរួមដោយឥតគិតថ្លៃចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង5ល្ងាច ដោយនឹងប្រព្រឹត្តឡើងនៅថ្ងៃទី21 ដល់ថ្ងៃទី23ខែកុម្ភៈខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕