ចរន្តថ្មីនៅលើសកលលោកបច្ចុប្បន្ននេះកំពុងជំរុញមនុស្សឱ្យឈានមួយជំហានថ្មីទៀត ពីការសិក្សាដោយគ្រាន់តែចូលរួមដោះស្រាយបញ្ហារបស់មនុស្សឬក្លាយជាអ្នកជំនាញ ទៅជាបុគ្គលដែលមានសេចក្តីសុខក្នុងការរស់នៅ។
សាលានៅក្នុងប្រទេសជាច្រើនចាប់ផ្តើមទទួលបានការបណ្តុះបណ្តាលផ្នែកកាយសម្ព័ន្ធ ការសមាធិ និងបង្រៀនពីវិធីសាស្រ្តល្អៗក្នុងការគ្រប់គ្រងផ្លូវចិត្តឱ្យមានរបៀបរៀបរយ ហើយរក្សាបាននូវក្តីស្រឡាញ់សម្រាប់ការរស់នៅ។ នៅប្រទេសអឺរ៉ុបមួយចំនួនដូចជាសាលា Robert W. Coleman ជាដើម បានចាប់ផ្តើមបន្ថែមមុខវិជ្ជាសំខាន់មួយសម្រាប់សិស្ស គឺការគ្រប់គ្រងការដកដង្ហើម និងប្រមូលចិត្តឱ្យស្ងប់មុនចាប់ផ្តើមសិក្សាមេរៀនផ្សេងៗ។
យោងតាមការបង្ហាញរបស់សាលាខាងលើបានបញ្ជាក់ថា ការផ្តល់ឱកាសឱ្យកុមារចំណាយពេលប្រមាណ 15នាទីក្នុងមួយថ្ងៃដើម្បីធ្វើលំហាត់ Yoga និងសមាធិ អាចធ្វើឱ្យការសិក្សារបស់សិស្សកាន់តែប្រែប្រួល។ ព្រោះថា សិស្សក្មេងៗភាគច្រើនអាចមានអារម្មណ៍គិត និងប្រែប្រួលលឿនជាងមនុស្សធំច្រើនដង ហើយពេលខ្លះនៅពេលដែលអារម្មណ៍របស់ពួកគេមិនស្ងប់ នោះគេនឹងធ្វើឱ្យលំហាត់ ឬការងារសាលារបស់គេខុសច្រើន តែប្រសិនបើគេប្រមូលអារម្មណ៍ និងផ្តោតបានល្អជាមួយអារម្មណ៍ស្រឡះ និងរីករាយ គេអាចសិក្សាបានយ៉ាងស៊ីជម្រៅលើមេរៀន ហើយកាត់បន្ថយកំហុសបានច្រើន។
លោកនាយកសាលា Carillian Thompson ជារៀងរាល់ 2ថ្ងៃម្តង សិស្សជាង 300នាក់បានចូលរួមវគ្គអប់រំផ្លូវចិត្ត (mindful moments) ដើម្បីសិក្សាពីការគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងបិទឱ្យអស់នូវភាពរញ៉េរញ៉ៃដែលជាទម្លាប់មិនល្អក្នុងខួរក្បាល ហើយប្រែក្លាយជាមនុស្សរីករាយបំផុតក្នុងការរស់នៅ និងការសិក្សា។
វាមិនមែនជារឿងងាយនោះទេក្នុងការបង្រៀនកុមារតូចៗឱ្យប្រមូលចិត្តឱ្យស្ងប់ ព្រោះក្មេងជាវ័យរពឹស ហើយឆាប់ភ្លេច តែអ្នកអប់រំមានវិធីសាស្ត្រជំរុញពួកគេដោយការបង្កើតជាសកម្មភាពរីករាយ និងខ្លីៗ ហើយបង្កើនឱ្យបានកាន់តែច្រើនឡើងៗបន្តិចម្តងៗ រហូតពួកគេចូលចិត្តការធ្វើសមាធិ និងក្លាយជាមនុស្សដែលមានទម្លាប់រីករាយជាមួយភាពមានរបៀបផ្នែកផ្លូវចិត្តដែលនេះជាកត្តាសំខាន់ផងដែរក្នុងការជំរុញសកម្មភាពពួកគេឱ្យក្លាយជាមនុស្សល្អម្នាក់នៅថ្ងៃអនាគត។
តាមការសង្កេតរបស់អ្នកចិត្តសាស្ត្រផ្នែកអប់រំបានបញ្ជាក់ថា កុមារដែលធ្លាប់ឆ្លងកាត់វគ្គអប់រំផ្លូវចិត្តនេះភាគច្រើនចម្រើនធំធាត់ឡើងជាមួយភាពរីករាយ ទំនាក់ទំនងល្អ មានភាពច្នៃប្រឌិត ហើយថែមទាំងអាចក្លាយជាមនុស្សដែលចេះចាត់ចែងបានល្អនូវហិរញ្ញវត្ថុ និងគ្រប់គ្រងចំណង់អវិជ្ជមានបានខ្ពស់ជាងក្មេងទូទៅដែលមិនបានអប់រំចិត្ត៕