ការដាំដំណាំកសិកម្ម កសិករមិនត្រូវធ្វើតាមទម្លាប់តៗគ្នាបែបសម័យបុរាណនោះទេ ពោលគឺ មុនដាំដុះដំណាំប្រភេទណាមួយ កសិករគួរតែក្រឡេកមើលតម្រូវការទីផ្សារជាមុនសិន ទើបងាយស្រួលលក់កសិផលរបស់ខ្លួន និងរកចំណូលចូលគ្រួសារបានច្រើនផង។ ចៀសវាងដាំដំណាំបន្លែដូចៗគ្នា ហើយបានផលក្នុងពេលតែមួយ ដែលជាហេតុធ្វើឱ្យបន្លែនោះមានការចាល់ច្រើននៅក្នុងទីផ្សារ ធ្វើឱ្យតម្លៃធ្លាក់ចុះ និងជួនកាលផលិតផលកសិកម្មនោះត្រូវចាក់គរចោល លក់មិនចេញនៅលើទីផ្សារទៀតផង។
ដោយឡែកលោកអ៊ំ ប្រាក់ សុមុន្នី កសិករវ័យចំណាស់ រស់នៅក្នុងភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានដាំដើមអម្ពិលដើម្បីបេះយកត្រួយនៅលើផ្ទៃដីប្រមាណជា 40អា បានមានប្រសាសន៍ថា មុននឹងចាប់ផ្តើមប្រកបរបរដាំដើមអម្ពិលបេះយកត្រួយលក់នេះ លោកអ៊ំមិនមែនចេះតែដាំដុះតាមការនឹកឃើញ តាមចំណង់ចំណូលចិត្ត ឬដាំតៗគ្នានោះទេ ពោលគឺដោយសារលោកអ៊ំមើលឃើញពីតម្រូវការទីផ្សារត្រួយអម្ពិលដែលមានជាប្រចាំ និងមានអ្នកបរិភោគជាប់រហូតនោះ ទើបលោកអ៊ំសម្រេចចិត្តដាំដំណាំបន្លែម្ជូរនេះនៅលើផ្ទៃដីដែលមានទំហំដូចខាងលើកាលពីជាង 2ឆ្នាំមុន។
លោកអ៊ំបានរៀបរាប់ថា ដោយសារឃើញមានតម្រូវការលើទីផ្សារច្រើន និងស្របពេលដែលវ័យកាន់តែចាស់ផងនោះ លោកអ៊ំក៏ចាប់ផ្តើមបណ្តុះកូនដើមអម្ពិលប្រមាណជាង 1,500ដើម រួចយកទៅដាំនៅលើដីដែលមានទំហំ 40អានៅក្បែរផ្ទះ រហូតដល់ដើមអម្ពិលទាំងនោះអាយុបាន 2ឆ្នាំកន្លះ វាក៏ចាប់ផ្តើមឱ្យផលយ៉ាងពេញដៃ ដោយអាចបេះបានរាល់ថ្ងៃចន្លោះពី8 ទៅ10គីឡូក្រាមក្នុងមួយថ្ងៃដើម្បីយកបោះឱ្យម៉ូយនៅតាមផ្សារផ្សេងៗ ដូចជាផ្សារតាខ្មៅ ផ្សារឈូកលាភ ផ្សារសិត្បូរ និងផ្សារព្រែកឡុងក្នុងស្រុកស្អាងជាដើម ដែលក្នុង1គីឡូក្រាមលោកអ៊ំអាចលក់បោះដុំបានតម្លៃចាប់ពី 8,000 ទៅ10,000រៀល ដូច្នេះបើគិតទៅក្នុង 1ថ្ងៃលោកអ៊ំអាចរកចំណូលចូលគ្រួសារបានចាប់ពី 8ម៉ឺនរៀល ទៅដល់10ម៉ឺនរៀលឯណោះ។
ដោយសារតែមានវ័យចំណាស់ អាយុជាង 60ប្លាយទៅហើយនោះ លោកអ៊ំមិនបានដាំដំណាំណាដែលតម្រូវឱ្យមានការថែទាំខ្លាំងនោះទេ ពោលគឺលោកអ៊ំជ្រើសរើសធ្វើរបរកសិកម្មដាំដើមអម្ពិលយកស្លឹកត្រួយៗលក់នេះដោយសារតែដំណាំនេះមិនបានតម្រូវឱ្យមានការថែទាំច្រើន មិនមានការលំបាកក្នុងការការពារសត្វល្អិតចង្រៃនោះទេ គឺគ្រាន់តែរៀបចំប្រព័ន្ធទុយោទឹកដើម្បីទុកស្រោចស្រពនៅរដូវប្រាំងពេលដែលមេឃរាំងភ្លៀង ដើម្បីឱ្យដើមអម្ពិលអាចលាស់ត្រួយជាប្រចាំ និងបេះលក់បានរាល់ថ្ងៃ ហើយការងារប្រភេទនេះ ហាក់បីដូចជាការហាត់ប្រាណផងដែរ ដោយត្រូវដើរបេះត្រួយអម្ពិលលក់រាល់ថ្ងៃ ឱនងើបៗ ធ្វើឱ្យសរសៃសសូង និងរាងកាយមនុស្សចាស់ដំណើរការបានល្អ សុខភាពរឹងមាំមិនសូវឈឺថ្កាត់ទៀតផង។
កសិករវ័យចំណាស់ខាងលើបានរៀបរាប់ថា កសិករមួយចំនួន គាត់យកគ្រាប់អម្ពិលទៅបាចនៅលើដីដើម្បីឱ្យកូនអម្ពិលលូតលាស់ឡើងរួចកាត់យកត្រួយទៅលក់តែម្តង។ តែសម្រាប់ចម្ការអម្ពិលរបស់លោកអ៊ំវិញ មានបច្ចេកទេសដាំដុះផ្សេងពីនោះ និងមិនដាំដូច្នេះទេ។ មុនដំបូងលោកអ៊ំយកគ្រាប់អម្ពិលទៅសាបនៅលើថ្នាល ដាក់ជីស្រោចទឹករាល់ថ្ងៃដើម្បីឱ្យវាដុះកូនឡើង។ លុះបណ្តុះបានរយៈពេល3ខែ កូនអម្ពិលមានកម្ពស់ប្រហែល 3ទៅ 4តឹកហើយលោកអ៊ំចាប់ផ្តើមយកកូនអម្ពិលទៅដាក់ដាំនៅលើរងនីមួយៗ ដែលមានគម្លាតឆ្ងាយពីគ្នាប្រមាណជា 2ម៉ែត្រ 4ជ្រុងក្នុង 1ដើម(2ម៉ែត្រមួយ) ដើម្បីឱ្យវាងាយស្រួលលូតលាស់ឡើង។ លោកអ៊ំបន្តថា ក្រោយពីដាក់ដាំរួច កសិករមិនចាំបាច់លំបាកថែទាំទេ គ្រាន់តែស្រោចទឹកឱ្យកូនអម្ពិលចាប់ឫសដំបូង ដើម្បីឱ្យវាលូតលាស់ល្អរួចហើយ បន្ទាប់មកទើបរយៈពេល 1សប្តាហ៍ ទៅ10ថ្ងៃសឹមស្រោចទឹកម្តង ដើមអម្ពិលនឹងចាប់ផ្តើមលូតលាស់ធំឡើងបន្តិចម្តងៗ រហូតដល់មានកម្ពស់ត្រឹមដើមទ្រូង ទើបគេត្រូវកាត់ត្រួយចោលម្ដងដើម្បីកុំឱ្យវាលូតកម្ពស់ខ្ពស់ពេក នាំឱ្យលំបាកឈោងបេះត្រួយយកទៅលក់។ លុះដល់អាយុបាន 2ឆ្នាំកន្លះ ដើមអម្ពិលនឹងចាប់ផ្ដើមចេញត្រួយច្រើន អាចបេះលក់បានបណ្តើរៗ ដែលពេលនោះយើងអាចប្រមូលផលបានរាល់ថ្ងៃ និងអាចរកចំណូលចូលគ្រួសារបានជារៀងរាល់ថ្ងៃមិនចេះរីងស្ងួតឡើយ។
លោក ឈឿង ឆូ មេឃុំរកាខ្ពស់បានថ្លែងកោតសរសើរ ចំពោះកសិករដែលចេះមានគំនិតច្នៃប្រឌិតដាំដំណាំដែលងាយស្រួលថែទាំ ហើយថែមទាំងមានតម្រូវការទីផ្សារច្រើនគួរសម ដែលធ្វើឱ្យអាចរកចំណូលចូលគ្រួសារបានច្រើនជាប្រចាំទៀតផង។ លោកមានប្រសាសន៍ថា កុំថាឡើយមួយថ្ងៃ 10ម៉ឺនរៀល សូម្បីតែមួយថ្ងៃបានតែ 3ម៉ឺនរៀល ក៏រាប់ថារកចំណូលបានច្រើនក្រែលទៅហើយសម្រាប់កសិកររស់នៅតំបន់ជនបទនោះ។
គួររំឭកផងដែរថា នៅទូទាំងស្រុកស្អាង ឬអាចនិយាយក្នុងក្របខ័ណ្ឌខេត្តកណ្តាលទាំងមូលក៏បាន កសិករដែលដាំដើមអម្ពិលដើម្បីបេះត្រួយលក់ប្រចាំថ្ងៃបែបនេះ ប្រហែលជាមានតែកសិករខាងលើតែមួយគ្រួសារ(លោកអ៊ំ ប្រាក់ សុមុន្នី)ប៉ុណ្ណោះ ខណៈដែលកសិករមួយចំនួនទៀតដាំអម្ពិលយកស្លឹកត្រួយលក់ដែរ តែភាគច្រើនលើសលុបគឺដាំដុះរបៀបបណ្តុះកូនបានមួយចង្អាម រួចក្តិចត្រួយយកទៅលក់តែម្តង ដែលការដាំដុះដំណាំបែបនេះមិនអាចប្រមូលបានយូរអង្វែងឡើយ៕