ដោយមើលឃើញពីការអាណិត និងដើម្បីចូលរួមសង្គ្រោះជីវិតក្មេងប្រុសម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តធន់ធំបុក បណ្តាលឱ្យរងរបួស និងត្រូវការឈាមជាចំបាច់ដើម្បីសង្គ្រោះជីវិតនោះ តារាសម្តែងស្រីកញ្ញា ស៊ឹម ថៃណា ភ្លាមៗនោះក៏បានសម្រេចចិត្តធ្វើដំណើរពីភ្នំពេញ ទៅចូលរួមបរិច្ចាគឈាមដល់ក្មេងប្រុសខាងលើដល់ខេត្តកំពត។
ការប្រកាសផ្តល់ឈាមពីសំណាក់តារាស្រីកញ្ញា ស៊ឹម ថៃណា នេះដែរ បានធ្វើឱ្យទស្សនិកជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញការគាំទ្រ និងលើកសរសើរខ្លាំង ចំពោះទឹកចិត្តដ៏ល្អក្នុងការចែករំលែកក្តីស្រលាញ់ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ក្មេងប្រុសរងគ្រោះរូបនេះ។ កញ្ញា ស៊ឹម ថៃណា បញ្ជាក់ថា «ករណីគ្រោះថ្នាក់របស់ក្មួយប្រុសដែលពួកខ្ញុំជួយ មិនមែននៅទីក្រុងភ្នំពេញទេ គឺនៅខេត្តកំពត»។
ភ្លាមៗនោះក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះ ក៏បានបង្ហាញការអរគុណ និងលើកសរសើរខ្លាំងលើទឹកចិត្តកញ្ញា ស៊ឹម ថៃណា «ពួកយើងខ្ញុំព្រមទាំងក្រុមគ្រួសារ សូមថ្លៃអំណរគុណដល់តារាចម្រៀង និងសម្តែងកញ្ញា ស៊ឹម ថៃណា ដែលបានបរិច្ចាគឈាមជួយដល់ក្មូនប្រុសរបស់ខ្ញុំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍។ សូមឱ្យកញ្ញាជួបតែសំណាងល្អ និងមានអ្នកគាំទ្រកាន់តែច្រើនឡើង»៕