នវានុវត្តន៍ ជាចំណុចសំខាន់ដែលសង្គមកម្ពុជា និងពិភពលោកកំពុងយកចិត្តទុកដាក់ ហើយស្របពេលជាមួយគ្នានេះ កូនខ្មែរជាច្រើនដែលកំពុងសិក្សានៅមហាវិទ្យាល័យបានសម្រេចបានស្នាដៃជាច្រើនដែលសុទ្ធតែមានប្រយោជន៍ដល់សង្គម ដោយបានគិតគូរយ៉ាងល្អិតល្អន់ពីសុវត្ថិភាព បរិស្ថាន និងការរស់នៅរបស់ប្រជាជនខ្មែរ។
មិនមែនមានតែមីល្ពៅមួយមុខនោះទេដែលកូនខ្មែរបង្កើតបាន តែប្រសិនបើយើងមើលឱ្យកាន់តែទូលំទូលាយបន្តិច យើងនឹងឃើញថា កូនខ្មែរជាច្រើនក្រុមបានបង្កើតស្នាដៃល្អៗ និងទទួលបានពានរង្វាន់សំខាន់ៗថែមទៀតផង។
គម្រោងមួយចំនួនដែលកូនខ្មែរអាចធ្វើបានដែរនោះមានដូចជា អាហារធម្មជាតិ (organic) ខ្មែរស៊ីរៀល ដែលផលិតដោយក្រុមអ្នកជំនាញខាងគីមីចំណីអាហារមួយក្រុមនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានពានរង្វាន់ Techno Innovation Challenge ឆ្នាំ2019។ ប្រភេទអាហារនេះផលិតឡើងដើម្បីជួយប្រជាជនខ្មែរយើងដែលកំពុងមានបញ្ហាប្រឈមរឿងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកអាហារពេលព្រឹកបរិភោគ ព្រោះវាជាប្រភេទអាហារដែលត្រូវបានសម្ងួតឡើងពីបន្លែ និងផ្លែឈើធម្មជាតិ និងថែមទាំងអាចរក្សាទុកបានយូរដោយមិនបាត់បង់សារធាតុចិញ្ចឹមទៀតផង។
អាហារប្រភេទនេះក៏ត្រូវបានបង្កើតឡើងដើម្បីជួយលើកទឹកចិត្តដល់ប្រជាជនឱ្យដាំបន្លែ Organic និងកាត់បន្ថយជាតិគីមីក្នុងអាហារ ហើយថែមទាំងជួយពួកគាត់ក្នុងការគ្រប់គ្រងផលិតផលកុំឱ្យខ្ជះខ្ជាយ និងសល់ចោលក្នុងទីផ្សារ។
គម្រោងសំខាន់មួយទៀតគឺ ផលិតផលបបរ«កូនឆ្លាត» ដែលផលិតផលរបស់ក្រុមនិស្សិតខាងចំណីអាហារដូចគ្នា និងឈ្នះក្នុងកម្មវិធី Techno Innovation Challenge រួមទាំងកម្មវិធី Business Plan for better world young social entrepreneur របស់មូលនិធិអន្តរជាតិសិង្ហបុរីទៀតផង។ ផលិតផលនេះផលិតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាណាព្យាបាលក្នុងការធ្វើអាហារសម្រាប់កុមារតូចៗដែលមានតម្លៃថ្លៃ ហើយទិញតែផលិតផលពីបរទេស។
ផលិតផលនេះត្រូវបានត្រួតពិនិត្យ និងសាកល្បងភ្លក្សឱ្យត្រូវនឹងរសជាតិដែលកុមារកម្ពុជាចូលចិត្ត ហើយមានតុល្យភាពល្អផ្នែកសារធាតុចិញ្ចឹមដើម្បីការរីកធំធាត់របស់កុមារកម្ពុជា។ ផលិតផលដ៏សំខាន់នេះមានលក់នៅលើទីផ្សារក្នុងតម្លៃធូរថ្លៃបំផុត តែគុណភាពល្អមិនចាញ់អាហារបរទេសឡើយ។ ម្យ៉ាងវិញទៀតវាត្រូវបានផលិតឡើងដើម្បីជួយដល់កសិករម្ចាស់ចម្ការចេក ដែលមានទីផ្សារមិនទៀងទាត់ ឱ្យមានទីផ្សារល្អឡើងវិញទៀតផង។
ក្រៅពីនេះនៅមានយុវជនខ្មែរជានិស្សិត ដែលផលិតបានគម្រោងដោះស្រាយបញ្ហាទឹកស្អាតក្នុងសាកលវិទ្យាល័យដោយបច្ចេកវិទ្យាទំនើប ផលិតផលកម្មវិធីកុំព្យូទ័រស្គាល់ចិត្តមនុស្សដោយប្រើបញ្ញាសិប្បនិម្មិត (AI) កង្ហារឆ្លាតវៃអាចឱ្យជនពិការភ្នែកប្រើបាន ហើយសន្សំសំចៃអគ្គិសនី Robot ជួយជនពិការ បរិស្ថាន និងផលិតផលជាច្រើនផ្សេងទៀតលើគ្រប់វិស័យដោយរួមទាំងវិស័យទេសចរណ៍ផងដែរ៕