ក្រុម Arsenal បានផ្តួលក្រុម BATE Borisov យ៉ាងចាស់ដៃក្នុងលទ្ធផល 3-០ ដើម្បីឈានទៅវគ្គ 16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ក្រោយពីចាញ់ 1-០ ក្នុងការប្រកួតជើងទី1 ក្រោមស្នាដៃក្រុមម្ចាស់ជើងឯករបស់បេឡារុសមួយនេះ ហើយក្រុម Eintracht Frankfurt ក៏បានឈានទៅវគ្គបន្តផងដែរ តាមរយៈការយកឈ្នះទាំង 2ជើង 6-3 លើក្រុម Shakhtar Donetsk កាលពីថ្ងៃព្រហស្បតិ៍។
ក្រុម Salzburg ក៏ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅផងដែរ ខណៈដែលជ័យជម្នះ 4-០ លើទឹកដីខ្លួនឯងរបស់ពួកគេលើក្រុម Club Bruges បានជួយឱ្យក្រុមរបស់អូស្ត្រាលី ឈ្នះទាំង 2ជើងក្នុងលទ្ធផល 5-2 ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី 2គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធអន្តរជាតិអ៊ីរ៉ង់ Sardar Azmoun បានជួយឱ្យក្រុម Zenit St Petersburg យកឈ្នះលើក្រុម Fenerbahce ទាំង 2ជើង ក្នុងលទ្ធផល 3-2។
ក្រុម Napoli ដែលបានឈ្នះពាន UEFA Cup ក្នុងឆ្នាំ1989 មិនមានបញ្ហាអ្វីឡើយក្នុងការផ្តួលក្រុម FC Zurich ក្នុងលទ្ធផល 2-០ លើទឹកដីខ្លួនឯង ដើម្បីឈ្នះទាំង 2ជើង 5-1។
ស្របពេលជាមួយគ្នានេះ ក្រុមធ្លាក់ទម្រង់លេងChelsea របស់លោក Maurizio Sarri បានកាត់បន្ថយសម្ពាធមួយចំនួនលើរូបលោក ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល 3-០នៅពេលប្រកួតជាមួយនឹងក្រុម Malmo។
លោក Unai Emery គ្រូបង្វឹកនៃក្រុម Arsenal បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «យើងចង់បានលទ្ធផលនេះ ប៉ុន្តែយើងក៏ចង់លេងឱ្យអ្នកគាំទ្ររបស់យើងនៅទីនេះផងដែរ។ យើងបានប្រឹងអស់ពីសមត្ថភាពរបស់យើងដើម្បីស្រោចស្រង់ក្នុងការប្រកួតវគ្គនេះ ហើយក្រុមនេះបានធ្វើការងារយ៉ាងល្អ»។
ក្រុម Chelsea ដែលបានយកឈ្នះ 2-1 ក្នុងជើងទី1 បានយកឈ្នះលើក្រុម Malmo ដោយងាយក្នុងលទ្ធផល 3-០ ដើម្បីទៅវគ្គបន្តក្នុងលទ្ធផលទាំង 2ជើង 5-1 ដើម្បីដកសម្ពាធខ្លាំងចេញពីលោកគ្រូបង្វឹក Sarri៕