សហគ្រិនមួយក្រុម បានបង្កើតគំនិតច្នៃប្រឌិតដើម្បីជួយសម្រួលដល់ដំណើរការនៃការជួលម៉ូតូដល់ភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរ ដើម្បីជំរុញឱ្យកាន់តែមានលក្ខណៈងាយស្រួល សុវត្ថិភាព និងបង្កើតសុចរិតភាព។
លោក លៀក ពេជ្រគីមហ៊ាង សហស្ថាបនិកនៃគម្រោងអាជីវកម្មដែលមានឈ្មោះថា WeChoul បានលើកឡើងថា កម្មវិធី WeChoul នេះជាគេហទំព័រសម្រាប់ជួលម៉ូតូក្នុងតំបន់ទេសចរណ៍នានា ដែលយើងចាប់ផ្តើមដំបូងនៅក្នុងខេត្តសៀមរាប។ មូលហេតុដែលយើងបង្កើតកម្មវិធីនេះឡើង គឺដោយសារតែយើងមើលឃើញថា ភ្ញៀវទេសចរជាច្រើនកំពុងត្រូវការជួលម៉ូតូដើម្បីជិះកម្សាន្តនៅតំបន់ទេសចរណ៍នានា ដើម្បីងាយស្រួលដើរលេង និងកាត់បន្ថយចំណាយលើការធ្វើដំណើរ តែអ្វីដែលជាបញ្ហាប្រឈមគឺមានអ្នកខ្លះមិនហ៊ានជួលម៉ូតូជិះនោះទេ ព្រោះមិនសូវយល់ពីលក្ខខណ្ឌខណៈអ្នកខ្លះទៀតត្រូវចំណាយពេលវេលាយូរដើម្បីស្វែងរកប្រភពព័ត៌មាន ឬជ្រើសរើសម៉ូតូ។
លោក លៀក ពេជ្រគីមហ៊ាង បាននិយាយថា៖“មុននឹងនឹកឃើញគំនិតនេះក្រុមរបស់ខ្ញុំបានចំណាយពេលគិតរយៈពេល 3ខែ លើកម្មវិធីសម្រួលដល់ការជួល តែមិនទាន់ច្បាស់ថា ជួលផ្នែកណាដែលសំខាន់ជាងគេសម្រាប់ភ្ញៀវទេសចរ។ ថ្ងៃមួយសមាជិករបស់ខ្ញុំ 2នាក់បានទៅខេត្តសៀមរាប ហើយគាត់ត្រូវបានគេកោរលើតម្លៃជួលម៉ូតូ ហើយតម្លៃនៃការជួលប្រែប្រួលមិនទៀងទាត់ ធ្វើឱ្យមានការលំបាក ហេតុនេះហើយទើបយើងគិតឃើញថា នេះជាបញ្ហាដែលយើងត្រូវដោះស្រាយ”។
សហស្ថាបនិកមួយរូបទៀត លោក តាន់ រតនា បានបញ្ជាក់ផងដែរថា ក្រោយពេលជជែកពិភាក្សាគ្នា និងស្រាវជ្រាវបន្ថែមឱ្យបានល្អិតល្អន់ យើងក៏បង្កើតជាគេហទំព័រមួយដែលមានផ្តល់ព័ត៌មានលម្អិតដូចជាទីតាំងរបស់អ្នកជួលម៉ូតូ រូបរាងម៉ូតូគ្រប់ជ្រុងទាំងអស់ តម្លៃជួល លក្ខខណ្ឌជួល និងរៀបចំប្រព័ន្ធទូទាត់លុយសម្រាប់ភ្ញៀវថែមទៀតផង។ ក្រោយពេលមានគេហទំព័រនេះហើយ ភ្ញៀវទេសចរមិនចាំបាច់លំបាកដើរមើលហាងជួលម៉ូតូម្តងមួយហាងៗ ដូចកាលពីមុនទៀតនោះទេ គាត់គ្រាន់តែចូលក្នុងគេហទំព័ររបស់យើង គាត់អាចរើសបានគ្រប់លក្ខខណ្ឌ ទាំងរូបរាង និងតម្លៃច្បាស់លាស់។
លោក តាន់ រតនា បាននិយាយថា៖ “អ្វីដែលជាលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលថែមទៀតនោះ គឺយើងរៀបចំឱ្យមានការដឹកជញ្ជូនម៉ូតូដល់អ្នកជួលដល់ទីកន្លែងតែម្តង មិនចាំបាច់លំបាកខាតពេលដូចពីមុននោះទេ។ ពេលភ្ញៀវកក់ម៉ូតូ យើងឱ្យភ្ញៀវបំពេញព័ត៌មានលម្អិតពីកន្លែងដែលគាត់ចង់ឱ្យយើងយកម៉ូតូទៅឱ្យ ដូចជាសណ្ឋាគារដែលគាត់ស្នាក់នៅជាដើម ដើម្បីដៃគូសហការរបស់យើងនៅខេត្តសៀមរាបងាយទាក់ទង ហើយយកទៅឱ្យដល់កន្លែង។ ការធ្វើបែបនេះនឹងធ្វើឱ្យភ្ញៀវអាចរីករាយក្នុងការដើរកម្សាន្តបានច្រើនថ្ងៃដោយមិនចាំបាច់ចំណាយពេលមួយព្រឹក ឬមួយថ្ងៃដើម្បីស្វែងរកម៉ូតូដូចពីមុននោះទេ”។
បង្ហាញពីដំណើរការនៃការជួល លោក ហុង សេងថៃ បានបញ្ជាក់ថា ដើម្បីជួលម៉ូតូតាមគេហទំព័ររបស់យើង ភ្ញៀវចាំបាច់ត្រូវបំពេញឯកសារ ទូទាត់ប្រាក់តាម ABA តាម Mastercard និងWing ជាដើម។ នៅពេលពួកគាត់ទៅដល់ខេត្តសៀមរាប ដៃគូរបស់យើងនៅខេត្តសៀមរាបនឹងយកម៉ូតូជូនគាត់ដល់កន្លែងស្នាក់នៅតែម្តង ហេតុនេះគាត់គ្រាន់តែចុះកិច្ចសន្យាដើម្បីធានាលើការខូចខាត និងបញ្ហាមួយចំនួន បន្ទាប់មកទុកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជារបស់បញ្ចាំដល់ដៃគូរបស់យើងជាការស្រេច។ ចំពោះម៉ូតូវិញក៏យើងរក្សាបានសុវត្ថិភាពខ្ពស់ផងដែរ ព្រោះយើងមានភ្ជាប់ប្រព័ន្ធ GPS ទាំងអស់ដែលអាចការពារ ឬងាយស្រួលតាមយកមកវិញបាននៅពេលដែលមានចោរលួច។ ហេតុនេះភ្ញៀវអាចមានភាពកក់ក្តៅនៅពេលជួលម៉ូតូតាមគេហទំព័ររបស់យើង ដែលជាប្រព័ន្ធមួយដើម្បីដោះស្រាយបញ្ហាសម្រាប់ពួកគាត់។
លោក ហុង សេងថៃ បាននិយាយថា៖ “ក្រៅពីលក្ខខណ្ឌពិសេសទាំងអស់នេះ យើងក៏មានប្រព័ន្ធក្នុងការទទួលព័ត៌មាន ឬការឆ្លើយតបពីអតិថិជនផងដែរ ដើម្បីធានាថា ដៃគូរបស់យើងបានផ្តល់សេវាកម្មដោយត្រឹមត្រូវ និងផ្តល់សេវាល្អដល់ភ្ញៀវ។ យើងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ យកតម្លៃលើសពីអ្វីដែលបានកំណត់ក្នុងគេហទំព័រនោះទេ ហេតុនេះភ្ញៀវអាចដឹងច្បាស់ និងទូទាត់ជាក់លាក់តាមបច្ចេកវិទ្យាដែលយើងបានរក្សាសុវត្ថិភាពខ្ពស់។ ហេតុនេះប្រសិនបើមានលក្ខខណ្ឌមិនប្រក្រតី ក្រុមការងាររបស់យើងអាចទទួលព័ត៌មានបានភ្លាម ហើយដោះស្រាយជូនគាត់បានលឿន”។
បន្ថែមពីលើនេះ លោក អ៊ុន មាសសម្បត្តិ បានថ្លែងថា គម្រោង WeChoul នេះក៏ជាគម្រោងមួយដែលយើងមិនត្រឹមតែគិតគូរពីភ្ញៀវទេសចរប៉ុណ្ណោះទេ តែយើងក៏មានបំណងចង់បង្កើនសុចរិតភាព និងបង្កើនទីផ្សារដល់អ្នកដែលមានម៉ូតូជួលផងដែរ។ យើងបង្កើនសុចរិតភាពតាមរយៈការផ្តល់តម្លៃដែលមានស្តង់ដាច្បាស់លាស់ មិនមែនឡើងចុះតាមតែមាត់ ឬកេងប្រវ័ញ្ចលើភ្ញៀវដែលមិនដឹងនោះទេ។ យើងសង្ឃឹមថាក្រោយពេលយើងចាប់ផ្តើមបង្កើតសុចរិតភាពក្នុងសង្គមបែបនេះ ភ្ញៀវទេសចរបរទេសនឹងកាន់តែមាន ចង់មកទស្សនាកម្ពុជាដែលធ្វើឱ្យពីផ្សារនៃអ្នករកស៊ីផ្នែកទេសចរណ៍កាន់តែមានលក្ខណៈល្អប្រសើរឡើង។
លោក អ៊ុន មាសសម្បត្តិ បាននិយាយថា៖ “គេហទំព័រនេះនឹងក្លាយជាគេហទំព័រដែលជួយធ្វើទីផ្សារឱ្យអ្នកមានរបរជួលម៉ូតូឱ្យបានកាន់តែទូលំទូលាយ ព្រោះយើងជឿថា អ្នកដែលមិនធ្លាប់ជួលម៉ូតូជិះនៅពេលដើរកម្សាន្តអាចនឹងនឹកឃើញជម្រើសល្អនេះ ហើយចំពោះអ្នកជួលដែលមិនសូវពូកែផ្នែកផ្សព្វផ្សាយក៏នឹងអាចដាក់ជួលម៉ូតូដាច់ដូចគ្នា ហើយថែមទាំងអាចពង្រឹងសេវារបស់ខ្លួនឱ្យកាន់តែល្អថែមទៀតផង”។
លោក មាសសម្បត្តិ លើកឡើងផងដែរថា ក្នុងនាមជាយុវជនជំនាន់ថ្មីរបស់កម្ពុជា យើងចង់ឃើញការរកស៊ីនៅក្នុងសង្គមរបស់យើងមានការធ្វើបច្ចុប្បន្នភាពឱ្យស្របទៅនឹងរបត់ថ្មីៗរបស់ពិភពលោក ហើយទន្ទឹមនឹងនេះយើងក៏ចង់ឃើញពួកគាត់ព្យាយាមពង្រឹងសេវាកម្ម និងជំរុញការផ្តល់ព័ត៌មានបានកាន់តែប្រសើរឡើង។ ហេតុនេះប្រសិនបើអប់រំម្ចាស់អាជីវកម្ម ឬលើកទឹកចិត្តគាត់ឱ្យធ្វើគ្រប់គ្នាម្ដងម្នាក់ៗនោះ វាមិនមែនងាយស្រួលទេ តែប្រសិនបើយើងប្រមូលផ្តុំពួកគាត់ចូលទៅក្នុងប្រព័ន្ធមួយ ហើយជួយរៀបចំបច្ចេកវិទ្យាដល់ពួកគាត់ នោះយើងនឹងអាចធ្វើបាន ទោះក្នុងរយៈពេលខ្លី ឬវែងក៏ដោយ។
ទន្ទឹមនឹងនោះផងដែរ សហស្ថាបនិកមួយរូបទៀតលោក វីរៈ គន្ធី បានលើកទឹកចិត្តយុវជនកម្ពុជាជំនាន់ថ្មីថា យើងគួរតែព្យាយាមចេញមកក្នុងសង្គមខាងក្រៅឱ្យបានច្រើនដើម្បីមើលពីបញ្ហាជាក់ស្តែង ហើយប្រើប្រាស់ចំណេះដឹងរបស់យើងដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។ ការសិក្សាតែនៅក្នុងសាលាគឺគ្រាន់តែជាការទទួលព័ត៌មាន និងគន្លឹះតិចតួចប៉ុណ្ណោះដើម្បីក្លាយជាអ្នកជំនាញ ឬសហគ្រិនម្នាក់ តែវាជាគ្រឹះយ៉ាងសំខាន់សម្រាប់ការរីកចម្រើន ហេតុនេះប្រសិនបើយើងចេះច្នៃចំណេះដឹង ឬយកចំណេះដឹងពីសាលាមកដោះស្រាយបញ្ហាផ្ទាល់ៗនោះយើងនឹងទទួលបានចំណេះដឹងពិតប្រាកដ។ ជាក់ស្តែងគម្រោងរបស់យើងនេះពីមុនមកគឺមិនមែនជាអ្នកជំនាញ ឬអ្នកខ្លាំងផ្នែកគម្រោងអាជីវកម្មទេ តែយើងព្យាយាមគ្រប់លទ្ធភាពដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះរហូតចេញជាផ្លែផ្កា និងទទួលបានចំណាត់ថ្នាក់លេខ3 ក្នុងការប្រកួតកម្មវិធី Techno Innovation Cambodia សម្រាប់ឆ្នាំ 2019 នេះ៕