ភាពភ័យខ្លាចជាឧបសគ្គដ៏ធំសម្រាប់ប្រជាជនកម្ពុជា និងយុវជនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងសង្គមការងារ និងអាជីវកម្ម។ យុវជនខ្លាចមិនមានការងារធ្វើ ខ្លាចធ្វើហើយមានការរិះគន់ ខ្លាចប្រឈមនឹងការលំបាក និងខ្លាចរឿងជាច្រើនទៀតដែលនាំឱ្យមានគំនិតអវិជ្ជមានរហូតឈានដល់បោះបង់ការងារសំខាន់ៗចោល។
សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្ម លោក រិន រ៉ាវុធ បានលើកឡើងថា យុវជនជាច្រើនកំពុងអភិវឌ្ឍសមត្ថភាពបានយ៉ាងល្អទាំងផ្នែកជំនាញបច្ចេកទេស និងសង្គម តែអ្វីដែលជាឧបសគ្គរាំងស្ទះមិនឱ្យពួកគេបង្ហាញស្នាដៃ ឬច្នៃចំណេះដឹងទាំងអស់នោះក្លាយជាផលិតផលដ៏មានសក្តានុពលនោះ គឺភាពភ័យខ្លាច។
ភាពភ័យខ្លាចធ្វើឱ្យមនុស្សម្នាក់ៗរួញរា មិនហ៊ានខិតខំប្រឹងប្រែង និងបញ្ចេញស្នាដៃសំខាន់ៗដើម្បីចាប់យកឱកាសការងារដែលសង្គមកំពុងត្រូវការ ព្រោះគេមានគំនិតអវិជ្ជមានចំពោះអនាគតរបស់ខ្លួន ហើយបណ្តោយឱ្យភាពភ័យខ្លាចទាំងអស់នោះបង្អាក់ការអភិវឌ្ឍរបស់ខ្លួន។ លោកនិយាយថា កត្តាទាំងអស់នេះអាចបណ្តាលមកពីបច្ច័យបរិស្ថាននៃការរស់នៅរបស់ពួកគេកាលពីនៅក្មេងៗ និងទម្លាប់មួយចំនួនរបស់មនុស្សចាស់ពីមុនៗដែលតែងតែឃាត់កូនមិនឱ្យគិតធំ ឬគិតវិជ្ជមានខ្លាំងពេកសម្រាប់អនាគតការងារ។
លោក រិន រ៉ាវុធ បានបន្តថា៖ “មនុស្សចាស់ពីមុន មិនសូវហ៊ានឱ្យក្មេងនិយាយពីក្តីស្រមៃរបស់ខ្លួននោះទេ ព្រោះខ្លាចខ្មាសគេ ឬខ្លាចមានបញ្ហា។ ពួកគាត់គិតថាទាល់តែមានគ្នា មានខ្នង ឬមានខ្សែស្រឡាយទើបអាចធ្វើការងារសំខាន់ៗបាន ហេតុនេះហើយឥទ្ធិពលនៃគំនិតទាំងអស់នោះបានធ្វើឱ្យក្មេងមានការរារែក ហើយមិនហ៊ានធ្វើការប្រឹងប្រែង ព្រោះគ្មានសង្ឃឹមថានឹងអាចធ្វើការងារល្អបាន”។
អ្នកអប់រំខាងលើបានលើកឡើងថា ជាក់ស្តែងនៅក្នុងរដ្ឋធម្មនុញ្ញ គ្មានមាត្រាណាចែងថា កូនអ្នកក្រមិនអាចថ្កុំថ្កើងបាននោះទេ ហេតុនេះកូនអ្នកក្រក៏អាចចាប់យកឱកាសការងារសំខាន់ៗបានដែរ ព្រោះមិនមែនគ្រប់ការងារសុទ្ធតែត្រូវប្រគល់ឱ្យទៅអ្នកមានខ្សែស្រឡាយធំៗនោះទេ តែបច្ចុប្បន្នគេត្រូវការអ្នកមានសមត្ថភាពដើម្បីធ្វើការងារ។ ចំណុចសំខាន់ដែលយើងអាចធ្វើបាន គឺខិតខំប្រឹងប្រែងរហូតសមត្ថភាពរបស់យើងត្រូវបានគេទទួលស្គាល់ ហើយអាចនាំមកនូវការអភិវឌ្ឍបានល្អសម្រាប់ស្ថាប័ន។ ម្យ៉ាងវិញទៀត យុវជនត្រូវផ្លាស់ប្តូរការគិតថា ខ្លួនមិនអាចធ្វើការងារសំខាន់បាន ទៅជាតាំងចិត្តថា ត្រូវតែធ្វើការងារសំខាន់ៗឱ្យបានដោយភាពអំណត់ និងការតស៊ូអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ។ ប្រសិនបើយើងកំពុងសិក្សា គឺត្រូវសិក្សាឱ្យបានពូកែ ស្វែងរកបទពិសោធជាក់ស្តែងឱ្យបានច្រើន និងធ្វើឱ្យលេចធ្លោរហូតស្ថាប័នស្គាល់ និងទទួលយកដើម្បីជួយគេឱ្យកាន់តែខ្លាំងឡើង។ ហើយប្រសិនបើយើងកំពុងធ្វើការងារ យើងត្រូវប្រឹងប្រែងរៀនសូត្របន្ថែមពីការងារដែលកំពុងធ្វើ អនុវត្តការងារឱ្យបានល្អ និងឆ្លៀតពេលវេលាដើម្បីបន្តអភិវឌ្ឍពីវិធីសាស្ត្រដែលយើងកំពុងធ្វើការងារដើម្បីឱ្យការងារកាន់តែលឿន និងមានប្រសិទ្ធភាព ហើយជួយអ្នកជុំវិញខ្លួនឱ្យខ្លាំងថែមទៀតផង។ នៅពេលនោះយើងនឹងចាប់ផ្តើមក្លាយជាមនុស្សដែលគេត្រូវការ ហើយការងារសំខាន់ៗនឹងលេចចេញមកតាមក្រោយ តែប្រសិនបើយើងនៅត្រាំត្រែងរង់ចាំឱកាស ហើយរវល់តែខ្វាយខ្វល់ច្រើន នោះលទ្ធផលល្អនឹងមិនអាចរត់មករកយើងនោះទេ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងពីបញ្ហាធនធានមនុស្សនៅកម្ពុជាថា យើងត្រូវការមនុស្សដែលមានសេចក្តីក្លាហានក្នុងការធ្វើការងារអភិវឌ្ឍន៍ និងហ៊ានធ្វើការសម្រេចចិត្តប្រកបដោយការគិតពិចារណាស៊ីជម្រៅ។ សម្រាប់សតវត្សរ៍ទី21នេះ មនុស្សម្នាក់ៗត្រូវតែមានសមត្ថភាពកាន់តែខ្លាំងដើម្បីចាប់យកការងារ និងបង្កើនប្រសិទ្ធភាព ជាពិសេសគឺនវានុវត្តន៍។ យុវជនកម្ពុជាត្រូវតែខិតខំប្រឹងប្រែងដោយភាពស្វាហាប់ដើម្បីធ្វើការងារប្រកបដោយភាពជាអ្នកដឹកនាំ ហើយក្លាហានក្នុងការសិក្សាស៊ីជម្រៅ និងបង្កើតជារបកគំហើញថ្មីៗដើម្បីឱ្យការរស់នៅកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ”ភាពជាអ្នកដឹកនាំជារឿងសំខាន់មួយដែលពិភពលោកកំពុងត្រូវការ ហេតុនេះប្រសិនបើប្រជាជនវ័យក្មេងរបស់យើងមានទំនុកចិត្តខ្ពស់ក្នុងការសិក្សាស្រាវជ្រាវ យើងនឹងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់បានកាន់តែប្រសើរ”។
ឯកឧត្តម បានលើកឡើងថា ជាធម្មតាអ្នកដែលមានភាពជាអ្នកដឹកនាំ គឺជាអ្នកដែលមានសមត្ថភាពធ្វើការងារលើសពីអ្វីដែលស្ថាប័នរំពឹងទុក។ ប្រសិនបើគេគូសវាសការងារឱ្យគាត់ធ្វើក្នុងរង្វង់មួយ មានអ្នកខ្លះធ្វើការងារបានតែត្រឹមរង្វង់នោះ តែមានអ្នកខ្លះប្រើពេលវេលាដូចគ្នា តែអាចធ្វើការងារឆ្លាតវៃ ហើយលើសពីរង្វង់ដែលបានកំណត់នោះថែមទៀតផង។ មនុស្សប្រភេទនេះជាបុគ្គលដែលគ្រប់ស្ថាប័នត្រូវការ ហើយជាមនុស្សដែលអាចទទួលការងារសំខាន់ៗបានយ៉ាងប្រសើរ៕