ភ្នំពេញៈ ប្រទេសកម្ពុជាបាន និងកំពុងធ្វើដំណើរទៅកាន់លំដាប់ថ្មីមួយទៀត ជាពិសេសទីក្រុងភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅមួយទសវត្សរ៍ខាងមុខនេះ។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី6 មិថុនានេះថា កម្ពុជាកំពុងធ្វើដំណើរទៅមុខ និងកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេល 5ទៅ 10ឆ្នាំខាងមុខ ព្រោះយោងតាមការសិក្សារបស់យើង រហូតមកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនលំដាប់ពិភពលោកចំនួន 70ក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជា ក្នុងចំណោមក្រុមហ៊ុនលំដាប់អន្តរជាតិចំនួន 500។
អ្នកនាងបន្តថា “នៅរយៈពេល 5ឆ្នាំខាងមុខ យើងរំពឹងថានឹងមានក្រុមហ៊ុនប្រមាណ 50ភាគរយនៃក្រុមហ៊ុនទាំង500នោះចូលមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាពេលនេះបាន និងកំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ”។ អ្នកនាងបន្តថា “បច្ចុប្បន្ននិយាយពីកម្ពុជា គឺមិនទាន់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅឡើយទេ ប៉ុន្តែរយៈពេល 10ឆ្នាំខាងមុខកម្ពុជានឹងសម្រេចបាននូវគោលដៅនេះ”។
ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិវាទាមទារឲ្យប្រទេសមួយត្រូវមានធនធានមនុស្ស ធនធានអភិវឌ្ឍន៍ ចំណេះដឹង និងបទពិសោធ ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងខ្វះធនធានមនុស្ស និងបទពិសោធ នេះបើតាមការបញ្ជាក់របស់អ្នកនាង អាន សុធីតា៕