គ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះបានធ្លាក់ថ្លៃយ៉ាងខ្លាំងសម្បើម ដែលធ្វើកសិករមានការរអ៊ូរទាំ និងខកចិត្តជាខ្លាំង និងបានអំពាវនាវឱ្យអាជ្ញាធរជួយរិះរកវិធានការទប់ស្កាត់កុំឱ្យឈ្មួញទម្លាក់ថ្លៃដូច្នេះ។
អ្នកស្រី ណេន សេងហ៊ុន ម្ចាស់ចម្ការស្វាយចន្ទីម្នាក់ក្នុងចំណោមកសិករច្រើននាក់ទៀត នៅក្នុងភូមិទើន ឃុំទើន ស្រុកកូនមុំ ខេត្តរតនគិរី បានឱ្យដឹងថា កសិករពិតជាមានការខកចិត្តជាខ្លាំង ដោយសារតម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះបានធ្លាក់ថ្លៃខ្លាំងខុសពីឆ្នាំកន្លងៗទៅ ដែលធ្វើឱ្យកសិករម្នាក់ៗត្រូវខាតបង់ប្រាក់កាក់អស់ជាច្រើន។ អ្នកស្រីអះអាងថា គ្រាប់ស្វាយចន្ទីកាលពីឆ្នាំមុនមានតម្លៃចន្លោះពី7,000 ទៅ8,000រៀលក្នុងមួយគីឡូក្រាម តែនៅពេលដល់រដូវប្រមូលផលក្នុងឆ្នាំនេះ ស្រាប់តែតម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះយ៉ាងខ្លាំង រហូតមកនៅត្រឹម 5,000រៀលក្នុងមួយគីឡូក្រាមដែលធ្វើឱ្យពលរដ្ឋខាតបង់ក្នុងការចំណាយកម្លាំងពលកម្ម ក៏ដូចជាខាតបង់ថវិកាក្នុងការទិញថ្នាំបំប៉នមកថែទាំផលិតផលឱ្យបានល្អ។
កសិករខាងលើបានប្រាប់ឱ្យដឹងទៀតដែរថា ឆ្នាំនេះទោះជាមានការថែបំប៉ន បាញ់ថ្នាំ ដាក់ជីឱ្យកាន់តែច្រើនយ៉ាងណាក៏ដោយ ក៏ស្វាយចន្ទីមិនសូវកាន់ផ្លែដូចឆ្នាំមុនដែរ ដោយសារអាកាសធាតុខ្លាំងពេក ធ្វើឱ្យផ្កាជ្រុះស្ទើរអស់ពីដើមដែលជាហេតុធ្វើឱ្យចន្ទីមិនសូវមានផ្លែ និងការប្រមូលទិន្នផលក៏ធ្លាក់ចុះខ្លាំងទៅតាមហ្នឹងដែរ និងដោយសារចង់បានប្រាក់ចំណេញច្រើន កាលពីដើមរដូវគ្រួសារអ្នកស្រីបានសម្រេចចិត្តម៉ៅទិញដើមស្វាយចន្ទីរបស់អ្នកភូមិជាកសិករក្បែរៗនោះប្រមាណជា 6ហិកតាយកមកថែទាំទុកសម្រាប់បេះផ្លែលក់ថែមទៀត តែមិននឹកស្មានថា បែរជាខាតឡុងចុងអស់ប្រាក់រាប់ពាន់ដុល្លារ ដោយសារការប្រមូលផលធ្លាក់ចុះខ្លាំង ថែមទាំងតម្លៃក៏ធ្លាក់ចុះយ៉ាងគំហុកបែបមិនធ្លាប់មានពីមុនៗមកទៀតផង។
ចំណែកលោក នី ស៊ីម កសិករដាំស្វាយចន្ទីនៅស្រុកគូលេន ខេត្តព្រះវិហារ ក៏បានសម្តែងការខកចិត្តខ្លាំងដែរ ដោយសារតែការធ្លាក់ចុះនៃតម្លៃគ្រាប់ស្វាយចន្ទីនេះ។ លោកឱ្យដឹងថាកាលពីឆ្នាំមុន តម្លៃគ្រាប់ស្វាយចន្ទីត្រូវឈ្មួញប្រមូលទិញយកទៅលក់នៅប្រទេសក្រៅ ក្នុងមួយគីឡូក្រាមតម្លៃចន្លោះពី 7,000 ដល់ 8,000រៀល ចំណែកចូលមកដល់ឆ្នាំនេះឈ្មួញ បានទម្លាក់តម្លៃចុះជាងមុនខ្លាំង ដោយទទួលទិញត្រឹមតែតម្លៃ 5,000រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោកបន្តថា គ្រាប់ស្វាយចន្ទីនៅក្នុងស្រុកគូលេន ទើបតែចាប់ផ្តើមប្រមូលផល បានត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ក្នុងផ្ទៃដីប្រមាណជា 30ហិកតា អាចប្រមូលផលបានចន្លោះពី 30 ទៅ 40គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលត្រូវចំណាយថ្លៃឈ្នួលពលកម្ម 3 ទៅ4នាក់ដើម្បីដើររើសគ្រាប់ស្វាយចន្ទី ដោយម្នាក់ៗទទួលបានប្រាក់ពី 30,000 ទៅ40,000រៀលក្នុងមួយថ្ងៃ ដែលសរុបទៅមិនមានសល់ប្រាក់ចំណេញឡើយ ទាល់តែចំណាយពេលដើររើសដោយខ្លួនឯង ទើបនៅសល់ប្រាក់ចំណេញខ្លះគ្រាន់បានដោះស្រាយម្ហូបអាហារប្រចាំថ្ងៃ។
លោកបានឱ្យដឹងទៀតថា កាលពីខែវិច្ឆិកា ឆ្នាំ2018កន្លងទៅ ស្វាយចន្ទីចាប់ផ្តើមចេញផ្កាម្តងរួចមកហើយ តែដោយសារអាកាសធាតុក្តៅបានធ្វើឱ្យផ្កាជ្រុះអស់មិនបានប្រមូលផលទេ ហើយកសិករនៅតំបន់នោះក៏ចាប់ផ្តើមបាញ់ថ្នាំ បញ្ជាឱ្យចេញផ្កាម្តងទៀត ទើបចេញផ្កា និងមានផ្លែជាថ្មី ធ្វើឱ្យអាចចាប់ផ្តើមប្រមូលផលបានទៀតមកទល់បច្ចុប្បន្ន រហូតដល់ខែមេសាធ្លាក់ភ្លៀងទើបប្រមូលផលអស់។ លោកប្រាប់ថា គ្រាប់ស្វាយចន្ទីនៅខេត្តព្រះវិហារត្រូវបានឈ្មួញប្រមូលទិញយកទៅលក់នៅប្រទេសវៀតណាម មិនមានឈ្មួញបរទេសចុះមកទិញដូចឆ្នាំមុនៗទៀតឡើយ ទើបជាហេតុធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះជាងឆ្នាំមុនបែបនេះ។
ជាមួយគ្នានេះលោក ច្រឹក ពិសិដ្ឋ ឈ្មួញទិញគ្រាប់ស្វាយចន្ទីពីស្រុកកូនមុំ ខេត្តរតនគិរី ដឹកយកទៅលក់នៅប្រទេសវៀតណាមក៏បានឱ្យដឹងដែរថា ការធ្លាក់ចុះនៃតម្លៃគ្រាប់ស្វាយចន្ទីនេះ គឺដោយសារតែតម្រូវការគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះនៅលើទីផ្សារបរទេសនៅឆ្នាំនេះ។ លោកបានបន្តឱ្យដឹងថា កាលពីឆ្នាំមុន គ្រាប់ស្វាយចន្ទីមានការបញ្ជាទិញច្រើនពីវិនិយោគិនជនជាតិឥណ្ឌា និងជនជាតិចិន ប៉ុន្តែសម្រាប់ឆ្នាំនេះមិនមានឈ្មួញបរទេសកុងត្រាទិញពីកសិករដូចឆ្នាំមុនៗទៀតឡើយ ហើយលោកថា កសិករគ្មានជម្រើសផ្សេង គឺមានតែលក់ឱ្យតែឈ្មួញប្រទេសវៀតណាមប៉ុណ្ណោះ ដែលដំណាក់កាលដំបូងពេលប្រមូលផល តម្លៃគ្រាប់ស្វាយចន្ទីនៅលក់ចេញបានតម្លៃ 7,000រៀលដែរក្នុងមួយគីឡូក្រាម ប៉ុន្តែដោយសារមិនមានការប្រកួតប្រជែងទិញពីឈ្មួញក្រៅប្រទេសដូចឆ្នាំមុនៗនោះ ទើបធ្វើឱ្យឈ្មូញប្រទេសវៀតណាមទម្លាក់តម្លៃទិន្នផលគ្រាប់ស្វាយចន្ទីរបស់កសិករខ្មែរតែម្តង៕