ជាមួយនឹងការសិក្សាមួយដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្នដើម្បីកំណត់ថា តើពួកគេសមនឹងទទួលបានការកំណត់ ឬយ៉ាងណានោះ ផ្លែក្រូចពោធិ៍សាត់ដែលបានដាំដុះនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងអាចនឹងក្លាយជាផលិតផលកសិកម្មកម្ពុជាបន្ទាប់ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ជាផ្លែឈើសម្គាល់ភូមិសាស្ដ្រ (Geographical Indication ឬ GI)។
ក្រុមអ្នកឯកទេសបាននិយាយថា ការទទួលបានផ្លាកសញ្ញា GI នឹងអាចការពារកេរ្តិ៍ឈ្មោះ និងរសជាតិរបស់ផលិតផលផ្លែក្រូច ខណៈដែលផ្លែក្រូចពោធិ៍សាត់នេះត្រូវបានដាំដុះយ៉ាងច្រើននៅភាគខាងលិចនៃប្រទេសនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងដែលបានជួយបង្កើនប្រាក់ចំណូលដ៏ច្រើនដល់កសិករដែលបានដាំដំណាំនេះ។
ចំពោះបំណងនេះក្រសួងពាណិជ្ជកម្ម និងអ្នកដាំដុះដំណាំក្រូចកំពុងពិចារណាលើការបង្កើតជាសមាគមមួយឈ្មោះថា “សមាគមផ្លែក្រូចពោធិ៍សាត់ – បាត់ដំបង” ហើយសង្ឃឹមថា នឹងទទួលបានជាផ្លែឈើចុះបញ្ជីផលិតផល GI។
តាមពិតផលិតផលទាំងអស់នេះមានសក្តានុពល ប៉ុន្តែពួកគេមិនដឹងថា តើក្រសួងពាណិជ្ជកម្មនឹងគាំទ្របេក្ខភាពសម្រាប់ GI ដែរឬទេ?។ ជាអាទិភាពសមាគមនេះត្រូវសិក្សាពីលទ្ធភាពដែលពួកគេកំពុងធ្វើ។ ដោយសារកេរ្តិ៍ឈ្មោះនៃផ្លែក្រូច និងការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រូចពោធិ៍សាត់ដែលដាំដុះនៅពោធិ៍សាត់ និងបាត់ដំបង គឺអាចនឹងក្លាយជាបេក្ខជនដ៏ខ្លាំងក្លាក្នុងការទទួលបានការចុះបញ្ជីជាផលិតផល GI នេះ។ អ្នកឯកទេសស្តង់ដាគុណភាពផលិតផលកសិកម្មបានឱ្យដឹងថាអង្គការកម្មសិទ្ធិបញ្ញាពិភពលោក the World Intellectual Property Organisation (WIPO) ទំនងជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេសផងដែរដើម្បីទទួលបានវិញ្ញាបនបត្រ GI សម្រាប់ផ្លែឈើកម្ពុជា។
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់បានមានប្រសាសន៍ប្រាប់កាសែតឡារ៉ែនថា៖ “កាលពីអំឡុងខែមុន មានការធ្វើសិក្ខាសាលាមួយរបស់កសិករអ្នកដាំដំណាំក្រូចពោធិ៍សាត់ និងបាត់ដំបង ដោយមានការអញ្ជើញពីក្រុមអ្នកផលិត និងជាសមាគមចាស់មួយ។ សមាគមនោះចង់ផ្លាស់ឈ្មោះតែមិនអាចធ្វើការសម្រេចចិត្តលើការចុះឈ្មោះផលិតផលក្រូចពោធិ៍សាត់បានទេ”។
លោកប្រធានមន្ទីរបានឱ្យដឹងថា៖ ក្រូចរបស់យើងមានរសជាតិផ្អែមឆ្ងាញ់ និងទទួលបានផលប្រយោជន៍ពីការរីកចម្រើនដ៏ធំដោយសារគ្មានសារធាតុគីមី ដោយបច្ចុប្បន្ននៅក្នុងខេត្តពោធិ៍សាត់យើងមានចម្ការក្រូចប្រមាណជា 5,000 ហិកតាដែលកំពុងទទួលផល។លោកវិសិដ្ឋបានបញ្ជាក់ថា “ប្រសិនបើការទទួលបានវិញ្ញាបនបត្រ GI ផលិតផលក្រូចពោធិ៍សាត់នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ផ្លែក្រូចខ្មែរយើងនៅបរទេស ទោះបីជាផ្លែក្រូចរបស់យើងភាគច្រើនត្រូវបានគេលក់ដូរតែនៅក្នុងស្រុកក៏ពិតមែន តែយើងក៏បាននាំចេញទៅប្រទេសថៃខ្លះៗដែរ”។
លោក ឡាយ វិសិដ្ឋ បានមានប្រសាសន៍ទៀតថា៖ “បញ្ហាប្រឈមធំបំផុតក្នុងការទទួលបានការចុះបញ្ជី GI នេះ គឺត្រូវសម្រេចលើឈ្មោះដែលត្រូវប្រើដើម្បីចុះបញ្ជីជាមុនសិន”។ លោកបានបន្តថា ក្នុងអំឡុងពេលសិក្ខាសាលាជាមួយអ្នកដាំក្រូចពោធិ៍សាត់ និងបាត់ដំបងកាលពីខែមុន ពួកគេមិនទាន់អាចធ្វើការសម្រេចចិត្តលើឈ្មោះផលិតផលនេះបាននៅឡើយ ព្រោះអ្នកដាំក្រូចមកពីខេត្តពោធិ៍សាត់ទាមទារថា គួរតែដាក់ឈ្មោះថា“ក្រូចពោធិ៍សាត់”ខណៈដែលអ្នកដាំមកពីខេត្តបាត់ដំបងចង់ហៅថា“ផ្លែក្រូចពោធិ៍សាត់-បាត់ដំបង”។ លោកបានបន្ថែមថា ការសម្រេចចិត្តចុងក្រោយនៅលើប្រធានបទនេះនឹងធ្វើឡើងដោយក្រសួងពាណិជ្ជកម្ម”។
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់ឡារ៉ែនថា៖ “លោកសុំបញ្ជាក់ជូនថា ការសុំចុះបញ្ជីនេះទាល់តែមានគ្រប់លក្ខខណ្ឌដែលគេបានកំណត់យ៉ាងត្រឹមត្រូវ មិនមែនគ្រាន់តែដាក់ពាក្យស្នើសុំ ហើយគេចុះបញ្ជីឱ្យទេ។ ឧទាហរណ៍ដូចជាម្រេចកំពត ដែលយើងបានចុះGIហើយ ក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះ ស្ករត្នោតខេត្តកំពង់ស្ពឺដែលក្រសួងផ្តល់GI នោះ សុទ្ធតែមានភា្ជប់លក្ខខណ្ឌទាំងអស់”។
ឯកឧត្តមអនុរដ្ឋលេខាបានបញ្ជាក់ដែរថា ដូច្នេះក្រូចពោធិ៍សាត់ដែលគាត់នឹងដាក់មកក្រសួងនេះត្រូវកំណត់ថា វាស្ថិតនៅភូមិសាស្ត្រតំបន់ណា ខេត្តណា ជាលក្ខណៈបច្ចេកទេសដែលត្រូវការសិក្សាវិភាគពីស្ថានភាពដី និងទីតាំងតំបន់ជាដើម។ តែមកដល់ពេលនេះក្រសួងពុំទាន់បានទទួលពាក្យសុំពីសមាគមដែលមានគម្រោងស្នើសុំនោះនៅឡើយទេ៕