លោក Pep Guardiola បានលើកទឹកចិត្តឱ្យក្រុម Manchester City ប្រើប្រាស់បទពិសោធពីការយកឈ្នះក្នុងការប្រកួតដណ្តើមពាន FA Cup នៅលើទឹកដីក្រុម Newport នៅពេលដែលពួកគេប្រកួតជាមួយនឹងក្រុមធ្លាក់ចុះទម្រង់លេង Schalke របស់ក្របខ័ណ្ឌ Bundesliga ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។
ក្រុម Man City របស់លោក Guardiola បានធ្វើដំណើរទៅដល់ប្រទេសអាល្លឺម៉ង់ហើយ ក្នុងនាមជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះក្នុងការប្រកួតវគ្គ 16ក្រុមចុងក្រោយ ជើងទី1 នាកីឡដ្ឋាន Veltins Arena របស់ក្រុម Schalke នៅរាត្រីនេះ។
ស្របពេលក្រុម Man City កំពុងតែនាំមុខលើតារាង Premier League ដោយការមានគ្រាប់់បាល់ច្រើនជាងក្រុម Liverpool នោះ ក្រុម Schalke កំពុងតែជួបភាពត្រដាបត្រដួស ដោយការមិនដែលស្គាល់ឈ្នះសោះពីការប្រកួតក្របខ័ណ្ឌលីកចំនួន 4លើកចុងក្រោយ និងស្ថិតនៅមិនឆ្ងាយពីតំបន់កាត់ចោលនៃក្របខ័ណ្ឌ Bundesliga ប៉ុន្មានឡើយ។
Man City បានយកឈ្នះលើក្រុម Newport County ក្នុងលទ្ធផល 4-1 កាលពីថ្ងៃសៅរ៍មុន ក្រោយពីបានជម្នះលើផ្ទៃទីលានដែលមិនល្អនាកីឡដ្ឋាន Rodney Parade និងការបង្ហាញពីទម្រង់លេងដ៏រឹងមាំរបស់ក្រុមម្ចាស់ផ្ទះ ក្នុងវគ្គ 8ក្រុមចុងក្រោយនៃពាន FA Cup។
ពួកគេអាចនឹងត្រូវជួបការលំបាកទាក់ទងនឹងផ្ទៃនៃទីលានបន្ថែមទៀតក្នុងតំបន់ Gelsenkirchen ប៉ុន្តែលោក Guardiola ចង់ឱ្យក្រុមប្រជុំដោយតារាឆ្នើមៗរបស់លោក បង្ហាញពីកម្រិតលេងដូចនឹងការប្រកួតពាន FA Cup របស់ពួកគេដែរ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក Guardiola បានឱ្យដឹងថា៖ «យើងត្រូវតែបង្ហាញពីសមត្ថភាពរបស់យើង។ ខ្ញុំចង់ឃើញពីស្មារតីប្រកួតដូចគ្នាទៅនឹងការប្រកួតដែលយើងបានលេងនៅ Newport យើងត្រូវតែបង្ហាញពីភាពខ្លាំង និងឈ្នះក្នុងការប្រកួតធំៗបែបនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង3 ទៀបភ្លឺ៕