មន្ត្រីពាក់ព័ន្ធរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារ ម្សិលមិញថា ប្រទេសរបស់ខ្លួនបានដាក់សំណើដេញថ្លៃជាផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ2032 ក្រោយពីប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានទទួលការកោតសរសើរចំពោះការធ្វើជាម្ចាស់ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) កាលពីរដូវក្តៅមុន។
ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារថា លោក Muliaman Hadadឯកអគ្គរដ្ឋទូតរបស់ឥណ្ឌូនេស៊ី ប្រចាំប្រទេសស្វ៊ីស បានទទួលសំណើដេញថ្លៃជាផ្លូវការមួយពីលោកប្រធានាធិបតី Joko Widodo មុននឹងបញ្ជូនទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិហៅកាត់ថា IOC ក្នុងទីក្រុង Lausanne កាលពីសប្តាហ៍មុន។
លោក Hadad បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយជាសាធារណៈនៅសប្តាហ៍នេះថា៖ «នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការបង្ហាញពីសមត្ថភាពរបស់ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសដ៏ធំមួយ»។
លោក Widodo បានសម្តែងពីការចាប់អារម្មណ៍របស់ឥណ្ឌូនេស៊ី ជាសាធារណៈ ទៅលើការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងឆ្នាំ2032 នៅរដ្ឋធានីហ្សាការតា អំឡុងពេលប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ី កាលពីឆ្នាំមុន ដែលជាយុទ្ធនាការកីឡាចម្រុះធំជាងគេបំផុតលំដាប់ទី2 បន្ទាប់ពីអូឡាំពិក។
ប្រទេសឥណ្ឌា ក៏បានសម្តែងនូវការចាប់អារម្មណ៍របស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ2032 ផងដែរ ស្របពេលដែលប្រទេសកូរ៉េខាងជើង និងខាងត្បូង បានបញ្ជាក់ថា ខ្លួនអាចនឹងចូលខ្លួនក្នុងការដាក់សំណើដេញថ្លៃរួមគ្នាមួយដែរ។ IOC នឹងប្រកាសប្រទេសម្ចាស់ផ្ទះសម្រាប់យុទ្ធនាការប្រកួតកីឡាអូឡាំពិកឆ្នាំ2032 នៅត្រឹមឆ្នាំ2025។
ប្រសិនបើការដេញថ្លៃរបស់ខ្លួនទទួលបានជោគជ័យ ឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសម្ចាស់ផ្ទះអូឡាំពិក និងកីឡាអាស៊ីទី4 បន្ទាប់ពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន៕