កីឡាការិនីវាយកូនបាល់ Elise Mertens របស់បែលហ្ស៊ិកបានកត់ត្រាជ័យជម្នះដ៏ធំបំផុតនៃអាជីពរបស់នាងកាលពីថ្ងៃសៅរ៍ដោយបានបង្កើតភាពភ្ញាក់ផ្អើលដ៏គួរឱ្យកត់សម្គាល់ដោយការផ្តួលកីឡាការិនីមានចំណាត់ថ្នាក់លេខ3ក្នុងពិភពលោក Simona Halep និងឈ្នះពាន Qatar Open។
កីឡាការិនីមានចំណាត់ថ្នាក់លេខ21 ក្នុងពិភពលោករូបនេះ បានទទួលជ័យជម្នះក្នុងលទ្ធផល 3-6, 6-4 និង6-3 និងបើទោះបីចាញ់ក្នុងសិតទី1ក៏ដោយ ប៉ុន្តែនាងបានជម្នះលើបញ្ហាឈឺសាច់ដុំខ្នង និងបានទទួលការព្យាបាលរយៈពេលតែ 8នាទី ក្នុងសិតទី2 វាយដណ្តើមយកជ័យជម្នះនេះតែម្តង។
Mertens វ័យ 23ឆ្នាំ បាននិយាយបន្ទាប់ពីចប់ការប្រកួតថា៖ «វាជាពេលវេលាដ៏ធំមួយសម្រាប់ខ្ញុំក្រោយពីដណ្តើមបានជ័យជម្នះនេះ។ ខ្ញុំគិតថា ជ័យជម្នះនេះនឹងក្លាយជាជ័យជម្នះដ៏ល្អបំផុតសម្រាប់ខ្ញុំជាពិសេសជាមួយនឹងកីឡាវាយកូនបាល់ដែលខ្ញុំបានលេង»។
ជ័យជម្នះរបស់នាង ដែលបានចំណាយពេលអស់ជាង 2ម៉ោង គឺជាជ័យជម្នះជាលើកទី3របស់នាងហើយដែលបានឈ្នះលើកីឡាការិនីមានចំណាត់ថ្នាក់កំពូលទាំង10 ក្នុងទីក្រុងដូហា នៅសប្តាហ៍នេះ និងជាជ័យជម្នះជាលើកទី2 លើម្ចាស់ជើងឯកពាន Grand Slam ម្នាក់។
Mertens បានផ្តួល Halep ដែលជាម្ចាស់ការពារតំណែងជើងឯក French Open និងកីឡាការិនី Angelique Kerber ដែលចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជាម្ចាស់ជើងឯក Wimbledon៕