កម្ពុជាជាប្រទេសដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើផ្នែកសំណង់ និងអចលនវត្ថុ ដែលទាំងអស់នេះបានបង្ហាញឡើងតាមរយៈការរីកដុះដាលយ៉ាងខ្លាំងនូវសំណង់អគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងគម្រោងលំនៅឋានជាច្រើននៅក្នុងទីក្រុង និងតាមបណ្តាខេត្តជាពិសេសតំបន់ប្រជុំជននានា។
ស្របពេលដែលវិស័យសំណង់កំពុងមានការរីកដុះដាលខ្លាំងនេះ សមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (Japan Cambodia Interactive Association ឬ JCIA ) បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុននៅប្រទេសជប៉ុនជួយបណ្តុះបណ្តាលពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសជប៉ុនឱ្យមានសមត្ថភាពអនុវត្តផ្ទាល់តាមរយៈការបម្រើការងារក្នុងវិស័យសំណង់នៅជប៉ុន។
លោក Fumio Yamada ប្រធានសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន(JCIA ) បានលើកឡើងថា លោកបាននាំអ្នកវិនិយោគជប៉ុនផ្នែកសំណង់ជាច្រើនមកវិនិយោគនៅកម្ពុជា ហើយក្នុងនោះក្រុមហ៊ុនមួយចំនួនក៏បានទទួលពលករខ្មែរប្រមាណជាជាង 300នាក់រួចមកហើយដើម្បីធ្វើកម្មសិក្សាផ្នែកសំណង់នៅប្រទេសជប៉ុន។ តាមរយៈសកម្មភាពនេះលោកសង្ឃឹមថា ពលករខ្មែរដែលបានទៅធ្វើការនៅប្រទេសជប៉ុន នឹងបានសិក្សាស្វែងយល់កាន់តែច្បាស់ និងមានជំនាញពិតប្រាកដលើផ្នែកសំណង់ ដើម្បីធ្វើការអភិវឌ្ឍវិស័យដ៏មានសារៈសំខាន់នេះនៅកម្ពុជា។
លោក Fumio Yamada បានលើកឡើងផងដែរថា លោកនឹងព្យាយាមទាក់ទាញអ្នកវិនិយោគជប៉ុនថ្មីៗបន្ថែមទៀតឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យសំណង់ដែលជាវិស័យសំខាន់មួយ និងមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា បច្ចុប្បន្ននេះវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលក្នុងនោះក្រុមហ៊ុនសំណង់របស់ជប៉ុនក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះផងដែរ។ កម្ពុជាកំពុងត្រូវការការវិនិយោគ និងជំរុញឱ្យមានការពង្រឹងគុណភាពកាន់តែខ្លាំង ជាពិសេសលើស្តង់ដារបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីធានាដល់សុវត្ថិភាព និងផ្នែកសំខាន់ៗជាច្រើនផ្សេងទៀត។
ឯកឧត្តម អុិត សំហេង បានមានប្រសាសន៍ថា៖ “សំណង់មិនអាចប្រហែសបាននោះទេ ព្រោះវាប៉ះពាល់ដល់ជីវិតរបស់មនុស្ស ប្រសិនបើបច្ចេកទេសមិនល្អ គឺមានហានិភ័យដល់ជីវិតរបស់មនុស្ស ដូច្នេះត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងដំណើរការសាងសង់ឱ្យស្របទៅតាមស្តង់ដារ”។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងផងដែរថា ពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសជប៉ុនមានចំនួនប្រមាណជាង 9ពាន់នាក់ ហើយយើងសង្ឃឹមថា នឹងមានការកើនឡើងបន្ថែមទៀតទ្វេដងនៅឆ្នាំថ្មីនេះ ដើម្បីផ្តល់ឱកាសឱ្យពលករមានឱកាសទទួលបានការបណ្តុះបណ្តាលជំនាញឱ្យបានកាន់តែច្បាស់លាស់ក្នុងការបំពេញកិច្ចការងាររបស់ខ្លួនឱ្យបានប្រសើរឡើង។ ជាមួយគ្នានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងសហការជាមួយមន្ត្រីជំនាញជប៉ុនដើម្បីពិនិត្យ និងរៀបចំកិច្ចព្រមព្រៀងសហប្រត្តិបត្តិការជាមួយគ្នាក្នុងគោលបំណងបង្កើនទីផ្សារការងារ និងឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា និងដើម្បីដោះស្រាយបញ្ហាកង្វះពលកម្មជំនាញនៅប្រទេសជប៉ុនផងដែរ៕