បុណ្យមាឃបូជាជាពិធីបុណ្យប្រកបដោយអត្ថន័យសំខាន់ក្នុងប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា ព្រោះបុណ្យនេះបានបង្ហាញពីអត្ថន័យ និងការអប់រំយ៉ាងជ្រាលជ្រៅដល់មនុស្សគ្រប់ៗរូប ដែលនឹងនាំឱ្យមានការរស់នៅកាន់តែល្អប្រសើរ និងមានសន្តិភាពក្នុងជីវិត។
នៅកម្ពុជាពិធីបុណ្យមាឃបូជាត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី15 កើត ខែមាឃ ជារៀងរាល់ឆ្នាំ ដែលជាបុណ្យជាតិមួយទៀតរបស់ប្រទេសផងដែរ តែចរន្តនៃការយល់ដឹង និងគាំទ្រហាក់មានតែសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់តែប៉ុណ្ណោះ។ សម្រាប់យុវវ័យ គឺត្រូវបានយកចិត្តទុកដាក់ដោយផ្នែកៗ មានន័យថា យុវជនដែលនៅស្និទ្ធជាមួយនឹងការអប់រំ វប្បធម៌ ឬសាសនាបានយកចិត្តទុកដាក់ខ្លាំង តែសម្រាប់យុវជនជាទូទៅមួយចំនួនធំ មានអ្នកខ្លះមិនដែលទាំងចាំថា ថ្ងៃណាជាថ្ងៃបុណ្យមាឃបូជាផង។
បង្ហាញពីដំណោះស្រាយ និងការយល់ឃើញជុំវិញថ្ងៃបុណ្យមាឃបូជានេះ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា ប្រជាជនខ្មែរជាពុទ្ធបរិស័ទ តាមសាកលវិទ្យាល័យ ក្រុមហ៊ុននានា និងមនុស្សទូទៅមិនច្រើនទេដែលដឹងថាថ្ងៃទី19 កុម្ភៈ ខាងមុខនេះជាថ្ងៃមាឃបូជា។ បញ្ហាដែលមិនសូវមានអ្នកដឹង និងស្គាល់ពិធីបុណ្យដ៏សំខាន់មួយនេះ ដោយសារតែយើងគ្មានរូបភាពបង្ហាញច្បាស់លាស់។ ជាក់ស្តែងប្រសិនបើយើងគិតពីបុណ្យណូអែល មិនចាំបាច់ផ្សព្វផ្សាយទេ ក៏គេដឹងថាបុណ្យណូអែល គឺគេច្រើនធ្វើនៅថ្ងៃទី25 ខែធ្នូដែរ ព្រោះគេមានការជូនកាដូ ឬរូបភាពមួយចំនួនផ្សេងទៀត ឯបុណ្យចូលឆ្នាំចិន គេដឹងថាមានការជូនអាំងប៉ាវ ជាដើម។ សម្រាប់ថ្ងៃ14 កុម្ភៈ ទិវានៃក្តីស្រឡាញ់ មិនទាន់ដល់ថ្ងៃផង គេដឹងបាត់ទៅហើយ តាមរយៈរូបភាពនៃការលក់ផ្កានៅម្តុំវិមានឯករាជ្យជាដើម ចុះមាឃបូជាវិញ តើយើងត្រូវមានអ្វីបង្ហាញទៅ?។
ឯកឧត្តម ប៉ែន វិបុល បាននិយាយថា៖ «ពុទ្ធបរិស័ទទាំងអស់ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា គួរធ្វើរូបសញ្ញាមួយផ្ទាំង ឬធ្វើអ្វីដើម្បីបង្ហាញជារូបភាពមាឃបូជា ឱ្យមើលទៅដឹងថាជាថ្ងៃមាឃបូជា ដោយមិនបាច់ផ្សព្វផ្សាយច្រើនក៏ដឹងតែម្តង ហើយបន្ថែមការចែករំលែកតាមរយៈ Message ឬ facebook ជាដើម»។
ឯកឧត្តម បានបញ្ជាក់ផងដែរថា ប្រសិនបើមានក្រុមហ៊ុនឯកជន ឬស្ថាប័នណាចង់ធ្វើកម្មវិធីផ្សព្វផ្សាយ ឬអប់រំអំពីថ្ងៃមាឃបូជា សូមដាក់ពាក្យមកក្រសួងធម្មការ នោះខាងក្រសួងនឹងជួយសម្រួលគ្រប់លទ្ធភាព ដើម្បីជំរុញឱ្យការងារនេះកាន់តែប្រសើរឡើង៕