ភ្នំពេញៈ តារាចម្រៀង និងសម្តែងប្រុសស្រីល្បីៗខ្មែរចំនួន ៥ ដួង នឹងរួមសហការស្ម័គ្រចិត្តចូលរួមនៅក្នុងកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៧ នៅឯប្រទេសជប៉ុនក្នុងគោលបំណងជួយលើកស្ទួយសិល្បៈ ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជា នៅឯបរិវេណឧទ្យានយ៉ុយ៉ុកិ នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដើមខែឧសភាឆ្នាំ ២០១៧ ខាងមុខ។
តារាទាំងប្រាំដួងនោះរួមមានតារាចម្រៀងលំដាប់កំពូលចាស់វស្សាជ្រកក្រោមផលិតកម្មហង្សមាសលោក ព្រាប សុវត្ថិ តារាចម្រៀងបុរាណ និងប្រពៃណីរៃកណ្ដឹងអ្នកនាង ម៉េង កែវពេជ្ជតា តារាចម្រៀងប្រុសអូរីជីណល់ ដែលអតីតជាបេក្ខជនប្រឡងធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol នារដូវកាលទី ១ លោក អ៊ាម វន្នី តន្ត្រីករជាម្ចាស់សាលាតូរ្យតន្ត្រីឯកជនលោក សែន ស្រណោះ និងតារាសម្តែងស្រីរហស្សនាមរាជនីក្រមា កញ្ញា មាន សូនីតា ដែលពួកគេឡើងយន្តហោះចេញដំណើរពីកម្ពុជានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ ហើយកម្មវិធីតាំងពិព័រណ៍នោះ មានរយៈពេលពីរថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី ៣ ដល់ទី ៤ ខែឧសភា ឆ្នាំ ២០១៧។
លោក ម៉ី ចំណាប់ អនុប្រធានគណៈកម្មការស្ម័គ្រចិត្តរៀបចំកម្មវិធី បញ្ជាក់ពីប្រវត្តិនៃការរៀបចំ និងវត្តមានតារាខ្មែរទាំងប្រាំដួងដែលចូលរួមថា៖ «តាមពិតទៅតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា បានធ្វើចំនួនបីលើកទាំងឆ្នាំនេះ។ កាលពីមុនជាលក្ខណៈតូចតាចទេ តែឆ្នាំនេះយើងធ្វើឲ្យធំបន្តិច ដោយមានអញ្ជើញសិល្បករសិល្បការិនីខ្មែរល្បីៗឲ្យស្ម័គ្រចិត្តទាំងអស់គ្នាចូលរួមគឺគ្រាន់តែយើងមានក្រុមហ៊ុនឧបត្ថម្ភចេញថ្លៃសំបុត្រយន្តហោះ ថ្លៃស្នាក់នៅ និងអាហារប៉ុណ្ណោះសម្រាប់ពួកគាត់»។
តារាសម្តែងស្រីរលកក្រោយ ដែលកំពុងតែល្បីលើវិថីសិល្បៈសម្តែង និងម្ចាស់គម្រោងផ្ទះស្រឡាញ់រហស្សនាមថា «រាជនីក្រមា» កញ្ញា មាន សូនីតា ប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួន និងឲ្យតម្លៃលើការរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅប្រទេសជប៉ុននោះថា៖ «ចំពោះការចូលរួមកម្មវិធីបែបស្ម័គ្រចិត្តនេះគឺជាលើកទី ១ ខណៈការធ្វើដំណើរកម្សាន្តលក្ខណៈឯកជនវិញខ្ញុំដូចធ្លាប់បានទៅញយដែរ។ ខ្ញុំគិតថា ការរៀបចំពិព័រណ៍បែបនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា និងបងប្អូនខ្មែររស់នៅប្រទេសជប៉ុន មានឱកាសបានជួបជុំគ្នា និងនាំយកនូវផលិតផលនានាជារបស់ខ្មែរដាក់បង្ហាញឲ្យជនជាតិជប៉ុនបានស្គាល់ច្បាស់ ខណៈយើងជាអ្នកសិល្បៈនឹងសហការគ្នានាំយកទម្រង់សិល្បៈវប្បធម៌ខ្មែរទៅផ្សព្វផ្សាយ។ លើសពីនេះ នាងខ្ញុំក៏គ្រោងយកនូវម៉ូដម៉ាកសម្លៀកបំពាក់ក្រមាខ្មែរទៅបង្ហាញនាពេលនោះផងដែរ»៕