ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារដែលកំពុងមានប្រតិបត្តិការល្អ និងមានភាពទូលំទូលាយក្នុងការផ្តល់សេវាកម្មធនាគារដល់អតិថិជនទាំងក្នុងប្រទេស និងនៅតាមបណ្តាប្រទេសនានាលើពិភពលោក តាមរយៈការបង្កើនកិច្ចសហការជាមួយធនាគារ និងស្ថាប័នអន្តរជាតិដៃគូធំៗជាច្រើន។
នៅថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2019 នេះ ធនាគារអេស៊ីលីដាភីអិលស៊ី និងក្រុមហ៊ុន JCB International Co., Ltd. (JCBI) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ JCB Co., Ltd. បានប្រកាសជាសាធារណៈស្តីពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណឥណពន្ធ អេស៊ីលីដា JCB នៅប្រទេសកម្ពុជា។ បណ្ណឥណពន្ធ អេស៊ីលីដា JCB នេះផ្តល់ជូនអតិថិជននូវមុខងារ ឌីជីថល ជាច្រើនដែលអាចឱ្យអតិថិជនមានជម្រើសក្នុងការទូទាត់ប្រាក់ដុល្លារ និងប្រាក់រៀល អាស្រ័យលើប្រភេទប័ណ្ណ និងជាប័ណ្ណដែលមានប្រព័ន្ធការពារខ្ពស់ចំពោះសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អតិថិជនទាំងអស់។
អតិថិជនដែលជាម្ចាស់បណ្ណឥណពន្ធ អេស៊ីលីដា JCB មិនត្រឹមតែអាចប្រើប្រាស់នៅតាមបណ្ដាញភ្នាក់ងារទូទាត់ JCB ប្រមាណ 30លានទីតាំងទូទាំងសកលលោកនោះទេ ថែមទាំងអាចធ្វើប្រតិបត្តិការដែល JCB ផ្តល់សិទ្ធិ និងការបញ្ចុះតម្លៃនៅតាមភោជនីយដ្ឋាន និងបណ្ដាហាងទំនិញនានា នៅក្នុងសកលលោកទៀតផង។
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន JCBI លំដាប់ពិភពលោកផ្នែកសេវាកម្មទូទាត់មានគុណភាពខ្ពស់លំដាប់អន្តរជាតិ មានទីតាំងនៅប្រទេសជប៉ុនបានជ្រើសរើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូយុទ្ធសាស្រ្តក្នុងការធ្វើសហប្រត្តិបត្តិការបម្រើសេវាកម្មទូទាត់។ តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជន ឬសមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI អាចពង្រីកប្រតិបត្តិការទូទាត់ជាសកលនៅតាមបណ្តាញធនាគារ អេស៊ីលីដា និងJCBI ជាង 30លានទីតាំង និងទីតាំងសម្រាប់ការធ្វើប្រតិបត្តិការដកប្រាក់បុរេប្រទានជាង 1លានកន្លែងនៅក្នុងសកលលោក។
លោកបណ្ឌិត អុិន ចាន់នី បានមានប្រសាសន៍ថា៖“ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះគឺសមាជិកប័ណ្ណអេធីអឹមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចទទួលបានប័ណ្ណសហនិមិត្តសញ្ញារវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI តាមរយៈការស្នើសុំ។ ម្យ៉ាងវិញទៀត ប័ណ្ណនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់នៅក្នុង និងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងសម្រួលដល់សមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការធ្វើប្រតិបត្តិការទូទាត់យ៉ាងសម្បូរបែប ធ្វើប្រតិបត្តិការទូទាត់លើសកលលោកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមតម្រូវការ”។
លោកបណ្ឌិត អុិន ចាន់នី បានលើកឡើងផងដែរថាធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការជាមួយបណ្តាដៃគូសំខាន់ៗជាច្រើនរួចមកហើយ ហើយដៃគូដែលយើងបានប្រកាសសហការគ្នានេះគឺមានលក្ខណពិសេសត្រង់គាត់មានសមាជិកច្រើនរហូតដល់ជាង 30លាននាក់លើពិភពលោក។ ម្យ៉ាងវិញទៀតដូចយើងបានដឹងហើយថា JCBI គឺជាស្ថាប័នមកពីប្រទេសជប៉ុន ដែលផលិតផលជប៉ុន គឺតែងតែភ្ជាប់ជាមួយនឹងកេរ្តិ៍ឈ្មោះ គុណភាព និងភាពដែលអាចជឿជាក់បាន។
លោក គីមីហ៊ីសា អ៊ីម៉ាដា អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិរបស់ JCBI បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន JCB International Co., Ltd. (JCBI) មានសេចក្តីសោមនស្សរីករាយ ដែលធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារឈានមុខធំបំផុតក្នុងប្រទេសកម្ពុជាបានក្លាយជាដៃគូពាណិជ្ជកម្មជាមួយ JCB ក្នុងការបម្រើសេវាបណ្ណឥណ្ណពន្ធដល់អតិថិជនរបស់ស្ថាប័នទាំង2 និងសាធារណជនទូទាំងពិភពលោក។ ខ្ញុំជឿជាក់ថា ភាពជាដៃគូដ៏ល្អនេះ នឹងផ្តល់ឱកាសជាច្រើនបន្ថែមទៀតដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការពង្រីកពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាដែលនេះជាការបង្ហាញពីសក្តានុពលខ្ពស់នាថ្ងៃអនាគត ខណៈសេដ្ឋកិច្ចកំពុងបោះជំហានលូតលាស់យ៉ាងរលូន”។
គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង 5.7ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន 3.63ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន3.84ពាន់លានដុល្លារ និងមានអតិថិជនប្រមាណជាង2.5លាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ2018 នេះ។ ចំណែកឯក្រុមហ៊ុន JCB ជាក្រុមហ៊ុនដែលមាន យីហោសេវាកម្មទូទាត់លំដាប់ពិភពលោក និងជាអ្នកចេញ និងទទួលបណ្ណឥណទាន ឈានមុខគេនៅជប៉ុនដែលមានប្រតិបត្តិការចាប់តាំងពីឆ្នាំ1961 មកម៉្លេះ៕