ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងឆ្នាំ2018 របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានកំណើនឡើង 24.7% (គិតជាទឹកប្រាក់ប្រមាណ 10ប៊ីលានដុល្លារ) បើធៀបនឹងឆ្នាំ2017។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងបានកើនឡើង24.7% ស្របពេលការនាំចេញផលិតផលចម្បងៗផ្សេងទៀត ដូចជា ទោចក្រយាន បរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់យានយន្តក៏បានរួមចំណែកដល់កំណើននាំចេញសរុបដែរ។ ការធ្វើពិពិធកម្មលើមុខទំនិញនាំចេញបាននិងកំពុងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផលិតផលសម្លៀកបំពាក់ និងស្បែកជើងជាលំដាប់ បើទោះបីជាការនាំចេញផលិតផលទាំងនេះបន្តមានសមាមាត្រធំនៅក្នុងការនាំចេញសរុបក៏ដោយ។
របាយការណ៍បានលើកឡើងថា៖ “ការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងក្នុងឆ្នាំ2018មានប្រមាណជាង 73.7%នៃការនាំចេញសរុប ក្នុងនោះសម្រាប់ផលិតផលសម្លៀកបំពាក់មាន 66% និងស្បែកជើងមាន 8%។ សមាមាត្រនៃការនាំចេញផលិតផលកាត់ដេរបានថយចុះពី69% មក76%ក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះ”។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពីការដាក់ចេញនូវវិធានការកែទម្រង់ធំថ្មីៗ នៅក្នុងកិច្ចប្រជុំនៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជនដែលក្នុងនោះ វិធានការជាក់ស្តែងក្នុងការលុបចោលនូវការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម(Certificate of Origin ឬCO)នឹងធ្វើឱ្យវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំណេញជាទឹកប្រាក់ប្រមាណ 13លានដុល្លារអាមេរិក។
ឯកឧត្តមបានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ដើម្បីកាត់បន្ថយថ្លៃនាំចេញ និងនាំចូលឱ្យបានជាអតិបរិមាដល់អ្នកធុរកិច្ចក្នុងវិស័យនេះ សម្រាប់ថ្លៃស្គែនកុងតឺន័រទាំងនាំចេញ និងនាំចូលត្រូវបានបញ្ចុះដូចគ្នានឹងការនាំចេញអង្ករដែរគឺ 10ដុល្លារសម្រាប់កុងតឺន័រទំហំ 20ហ្វ៊ីត និង16ដុល្លារសម្រាប់កុងតឺន័រទំហំ 40ហ្វ៊ីត ដោយចាប់អនុវត្តពីថ្ងៃទី1 ខែមេសា ឆ្នាំ2019 តទៅ។
ក្នុងការលុបបំបាត់នូវបញ្ហាចំណាយនេះ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងទទួលបានការចំណេញជាទឹកប្រាក់ប្រមាណពី 80លានដុល្លារអាមេរិក និងចំណេញពីការកាត់បន្ថយថ្លៃស្គែនកុងតឺន័រប្រមាណពី 3.2លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏នឹងទទួលរងនូវការបាត់បង់ចំណូលប្រមាណ 32លានដុល្លារអាមេរិក។ តែ វិស័យឯកជននឹងចំណេញជាទឹកប្រាក់ប្រមាណ 43លានដុល្លារអាមេរិក ពីការបញ្ចប់តួនាទីអចិន្ត្រៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ពីមាត់ច្រកអន្តរជាតិ ព្រំដែនគោក អាកាសយានដ្ឋាន និងកំពង់ផែ។
យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា៖ “បច្ចុប្បន្នពលកម្មក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានចំនួនកម្មករ-កម្មការិនីប្រមាណ 80ម៉ឺននាក់។ ចំនួនរោងចក្រសរុបមានប្រមាណ 1,585រោងចក្រ កើនឡើង 4.1% បើធៀបនឹងឆ្នាំ2017 ក្នុងនោះរោងចក្រដែលបើកថ្មីមានចំនួន 146រោងចក្រ។ ទន្ទឹមនឹងនេះ រោងចក្រផលិតទំនិញសម្រាប់នាំចេញបានកើនឡើងគួរឱ្យកត់សម្គាល់ដែលបង្ហាញពីឥទ្ធិពលវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនមកលើវិស័យនេះ ”។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍កាលពីពេលកន្លងមកថា៖ “មកដល់បច្ចុប្បន្ន សមាគមមានរោងចក្រជាសមាជិកប្រហែល600រោងចក្រ ដែលបានផ្តល់ការងារទៅដល់ពលរដ្ឋខ្មែរប្រមាណជា 78ម៉ឺននាក់ ហើយផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជាដែលនាំចេញទៅទីផ្សារអឺរ៉ុប មានរហូតជាង 40% បន្ទាប់មកមាន អាមេរិក កាណាដា និងជប៉ុន”។
ទោះជាយ៉ាងណា បច្ចុប្បន្ន ក្រៅពីទីផ្សារនាំចេញទៅអឺរ៉ុប និងអាមេរិកហើយ សមាគមរោងចក្រកាត់ដេរក៏បាននិងកំពុងជំរុញដល់ក្រសួងពាណិជ្ជកម្មព្យាយាមជួយរកទីផ្សារ និងឱ្យជួយចរចាជាមួយប្រទេសផ្សេងៗ ដូចជាប្រទេសរុស្ស៊ី និងចិនជាដើម ដើម្បីអាចទទួលបានការលើកលែង ឬអនុគ្រោះពន្ធនាំចូល ដោយសង្ឃឹមថា នឹងមានលទ្ធផលជាផ្លែផ្កានាពេលឆាប់ៗខាងមុខ៕