អ្នកលេងហ្វេសប៊ុកជាច្រើន បានលាន់មាត់សរសើរថាលោក អេឡិច ចាន់ត្រា គឺជាតារាគំរូម្នាក់ ដោយសារតែលោក បានបង្ហាញក្ដីស្រឡាញ់ ទៅកាន់មនុស្សដែលចំគោលដៅ ដែលខុសពីយុវវ័យ និងអ្នកមួយចំនួនដែលសុខចិត្តយកពេលទៅចំណាយលើរឿងផ្ទាល់ខ្លួន ជាមួយនឹងបុរស ឬនារីជាសង្សារជំនួសវិញ។
លោកបានចំណាយពេលញាំបាយជាមួយគ្រួសារ ដែលលោកប្រកាសថា កម្របានញាំបាយជុំគ្នា ព្រោះតែការងារ ដោយក្រៅពីញាំអាហារជុំគ្នា លោកក៏បានបង្ហាញការគោរព និងយកចិត្តទុកដាក់ចំពោះអ្នកមានគុណទាំងនោះដែរ។ អ្វីដែលគេកាន់តែលាន់មាត់ទៅទៀត គឺលោកបានឆ្លៀតទៅចែកទឹកចិត្ត និងចំណីចំណុក ហើយចំណាយពេលលេងជាមួយប្អូនៗ នៅក្នុងមណ្ឌលកុមារកំព្រាសុម៉ាលីម៉ម ដែលតារាមួយចំនួន មើលរំលងក្នុងថ្ងៃនៃក្ដីស្រឡាញ់។ នៅក្នុងមណ្ឌលនេះ គេកត់សម្គាល់ថា វត្តមានតារាច្រើននាក់មកហើយ ទៅលើកទឹកចិត្តក្មេងៗ ប៉ុន្តែមិនមែនក្នុងថ្ងៃ14 កុម្ភ:នោះទេ ដោយសារតែថ្ងៃទិវារនៃក្ដីស្រឡាញ់នោះ គេផ្ដោតជាធំតែលើការចំណាយពេលជាមួយគូស្នេហ៍ និងជាមួយមួយចំនួន ដែលខ្លួនគិតថា សំខាន់ច្រើនជាង។
លោក អេឡិច ចាន់ត្រា បានអះអាងថា ហេតុផលដែលលោកចំណាយពេលទៅមើលក្មេងៗ នៅក្នុងមណ្ឌលសុម៉ាលីម៉មនោះ គឺបណ្ដាលមកពីពេលកន្លងមក លោករមែងទៅលេងជាមួយក្មេងធ្វើឱ្យមានទំនាក់ទំនងជាប្រចាំ ហើយដោយសារតែលោកគិតថា ក្នុងថ្ងៃ14 កុម្ភ: ក្មេងទាំងនេះ ត្រូវការការយកចិត្តទុកដាក់ខ្លាំងជាងថ្ងៃណាៗ ទាំងអស់ ទើបលោករវល់ប៉ុណ្ណា ក៏នៅតែចំណាយពេល ជាមួយក្មេងៗនៅក្នុងមណ្ឌលនោះ ដោយលោកកាន់តែរំភើបចិត្តខ្លាំងឡើង នៅពេលបានឃើញក្មេងៗទាំងនោះសប្បាយរីករាយ ដូចបានកាដូពីឋានសួគ៍៕