ការហាត់ប្រាណមិនមែនសុទ្ធតែជារឿងល្អទាំងអស់នោះទេ យើងគួរតែត្រូវដឹងអំពីស្ថានភាពរបស់រាងកាយ កាលៈទេសៈ និងវិធីដែលសមស្របសម្រាប់ការហាត់ប្រាណ ព្រោះបើមិនដូច្នោះទេ វាអាចហុចលទ្ធផលមិនល្អដល់រាងកាយបាន ដូចជា ធ្វើឱ្យសាច់ដុំរងរបួស ឬភ្លាត់សន្លាក់ឆ្អឹងជាដើម ដូច្នេះហើយទើបការហាត់ប្រាណមានចំណុចគួរប្រុងប្រយ័ត្ន3ចំណុចដូចខាងក្រោម ៖
1/ សីតុណ្ហភាពរបស់រាងកាយ៖ ចូរសង្កេតមើលខ្លួនឯង បើមានអាការគ្រុនក្តៅខ្លួន មានអាការភាំងៗ និងឈឺក្បាល គួរតែពន្យារពេលក្នុងការហាត់ប្រាណ ព្រោះបើយើងនៅតែចេញទៅហាត់ប្រាណទៀត វាស្មើនឹងការបន្ថែមកម្តៅដល់រាងកាយទ្វេដងឡើងទៀត អាចធ្វើឱ្យខួរក្បាលទ្រាំលែងបាន នឹងកើតអាការប្រកាច់ ឬខ្យល់គដួលបាត់ស្មារតីតែម្តងក៏មានដែរ។
2/ ការបន្ទោបង់៖ បើមានការបត់ជើងធំលើសពី 3ដងឡើងទៅ ថ្ងៃនោះអ្នកគួរតែផ្អាកការហាត់ប្រាណសិនទៅ ដោយសារតែរាងកាយរបស់យើងបាត់បង់សារធាតុ Dietary mineral ច្រើនពេក អាចមានផលប៉ះពាល់ដល់ការទទួលដឹង និងការបញ្ជារបស់សាច់ដុំខុសប្រក្រតី។
3/ ការអត់ងងុយ៖ អ្នកដែលមានទម្លាប់ជាមួយការចូលគេងពេលយប់ជ្រៅ នៅម៉ោង 3-4ភ្លឺ ឬគេងសម្រាកមិនបានគ្រប់គ្រាន់(អត់ងងុយ) ឬសេពគ្រឿងស្រវឹងច្រើន ថ្ងៃនោះគួរតែផ្អាកការហាត់ប្រាណសិន។
ប្រការហាមឃាត់ផ្សេងៗទាំងនេះ គឺហាមដើម្បីមិនឱ្យរាងកាយរងរបួសកាន់តែខ្លាំងឡើងព្រោះផលអាក្រក់ដែលកើតមកពីការហាត់ប្រាណពេលដែលរាងកាយមានសភាពមិនប្រក្រតីនោះ វាអាក្រក់ជាងការនៅស្ងៀមទៅទៀត ហើយទាំងអស់ខាងលើនេះគឺជាមូលហេតុមួយទៀត ដែលមនុស្សជាច្រើនអាចនឹងជួបប្រទះរួចមកហើយថា ហេតុអ្វីបានជាពេលខ្លះ យើងហាត់ប្រាណរួចហើយក៏នៅតែទន់ល្វើយ គ្មានកម្លាំងកំហែង ឬក៏មានអារម្មណ៍ថាមិនស្រស់ស្រាយសោះហ្នឹងឯង៕