លោក Jurgen Klopp ជឿជាក់ថា លោកនឹងផ្តួលក្លិប Manchester City និង Chelsea ក្នុងការប្រជែងទិញយកតារាឆ្នើម Virgil van Dijk ពីក្លិប Southampton ក្នុងតម្លៃខ្លួន 60លានផោន (ស្មើនឹង77លានដុល្លារអាមេរិក)។
លោក Klopp នឹងបញ្ចុះបញ្ចូលឲ្យម្ចាស់កម្មសិទ្ធិក្លិប Liverpool ធ្វើឲ្យ Van Dijk ក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្នុងកិច្ចព្រមព្រៀងគ្នាដែលអាចនឹងផ្តល់ចំណូលជិត 20ម៉ឺនផោនក្នុងមួយសប្តាហ៍ឱ្យកីឡាកររូបនេះ។ តម្លៃខ្លួន 60លានផោននេះ នឹងធ្វើឲ្យខ្សែការពារកណ្តាលអន្តរជាតិហូឡង់ Van Dijk ដែលបានធ្វើឲ្យក្លិប Southampton ចំណាយប្រាក់ 11,5លានផោនដើម្បីទិញយកកីឡាកររូបនេះពីក្លិប Celtic នោះ ក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត។ Van Dijk វ័យ 25ឆ្នាំ ទើបតែបានចុះហត្ថលេខាលើកុងត្រារយៈពេល 6ឆ្នាំជាមួយនឹងក្លិប Southamtpon កាលពីរដូវក្តៅមុន ប៉ុន្តែ បច្ចុប្បន្នរូបគេចង់បានការប្រជែងដ៏ធំមួយ ហើយក្លិបរបស់គេក៏ចង់បានតម្លៃខ្លួនដ៏ខ្ពស់មួយពីតារាឆ្នើមរបស់ពួកគេដែរ។
ទាំងលោក Antonio Conte ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Chelsea និងលោក Pep Guardiola របស់ Man City សុទ្ធសឹងចាត់ទុកថា Van Dijk ជាកីឡាករសំខាន់ដែលត្រូវទិញចូលនៅរដូវក្តៅនេះ។ ប៉ុន្តែ អ្នកចាត់ការទូទៅទាំងពីរនឹងត្រូវជួបឧបសគ្គដ៏ធំមួយ ក្រោយពី Van Dijk បានបញ្ជាក់ប្រាប់ក្លិប Southampton កាលពីពេលថ្មីៗនេះ រូបគេចង់ចាកចេញដើម្បីចូលរួមជាមួយនឹងក្លិបហង្សក្រហម Liverpool៕
ប្រភពពី៖ The Sun