ធនាគារជាតិនៃកម្ពុជា(NBC) និងធនាគារកណ្តាលថៃបានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ QR code ដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជា និងនៅប្រទេសថៃ។
ការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើនវានុវត្តន៍នៃការទូទាត់ និងហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង2 ប្រកបដោយចីរភាព។
អនុស្សរណៈយោគយល់នេះសំដៅគាំទ្រដល់កិច្ចសហការក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការនៃស្តង់ដាប្រព័ន្ធ QR code សម្រាប់ការទូទាត់ក្នុងប្រទេស និងក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុជាតិ និងនវានុវត្តន៍នៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំង2។
អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើនវានុវត្តន៍នៃការទូទាត់ និងហិរញ្ញវត្ថុនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកVeerathai Santiprabhob ទេសាភិបាលនៃធនាគារកណ្តាលថៃ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំរវាងធនាគារកណ្តាលទាំងពីរ នៅរាជធានីភ្នំពេញ កាលពីដើមខែកុម្ភៈ ឆ្នាំ2019 កន្លងទៅ។ គួរបញ្ជាក់ដែរថា កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងជាមិត្តភាពរវាងធនាគារកណ្តាលនៃប្រទេសទាំង2ឱ្យកាន់តែជិតស្និទ្ធ។ កន្លងមកកិច្ចប្រជុំប្រចាំឆ្នាំនេះបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង2 ប្រកបដោយចីរភាព។
ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា នេះជាកិច្ចប្រជុំប្រចាំឆ្នាំរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ ដែលកាលពីឆ្នាំកន្លងទៅយើងបានធ្វើឡើងនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដោយឡែកនៅឆ្នាំ2019 កិច្ចប្រជុំនេះបានធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ឯកឧត្ដមទេសាភិបាលបានមានប្រសាសន៍ថា៖ “វត្តមានរបស់ទេសាភិបាលថៃនៅកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ ខ្ញុំសូមវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះដែលសម្រេចបាន និងបន្តនូវស្មារតីកិច្ចសហប្រតិបត្តិការ”។ ឯកឧត្ដមបន្តថា ធនាគារកណ្តាលថៃបានជួយចែករំលែកបទពិសោធដល់មន្ត្រីធនាគារកណ្តាលកម្ពុជា ដូចជាការត្រួតពិនិត្យបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ និងការអនុវត្តគោលនយោបាយរូបិយវត្ថុជាដើម។
គួរបញ្ជាក់ដែរថា ការដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ QR code នេះ គឺដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជា និងរវាងប្រទេសថៃ និងកម្ពុជា ដោយប្រព័ន្ធនេះនឹងត្រូវដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំនេះ។
លោក Apisak Tantivorawong រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសថៃបានថ្លែងប្រាប់សារព័ត៌មានរបស់ប្រទេសថៃថា ធនាគារកណ្តាលថៃបានផ្តួចផ្តើមការផ្ទេរប្រាក់ឆ្លងប្រទេសជាមួយកម្ពុជា ឡាវ និងវៀតណាមដោយប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មវិស័យធនាគារឱ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់។
លោក Tantivorawong បានបន្តថា៖“សេវាកម្មទូទាត់តាមរយៈប្រព័ន្ធ QR code នេះនឹងមានការចំណាយតិចក្នុងការផ្ទេរប្រាក់នៅក្នុងតំបន់ ជាពិសេសសម្រាប់ជួយដល់កម្មករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលសព្វថ្ងៃពួកគេត្រូវបានគិតថ្លៃសេវាផ្ទេរប្រមាណជា 10ភាគរយនៃចំនួនទឹកប្រាក់ដែលផ្ទេរសម្រាប់សេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសមួយដង”។
ថ្លែងក្នុងសិក្ខាសាលាកាលពីពេលកន្លងទៅលោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងដែរថា អ្នកប្រើប្រាស់ប្រព័ន្ធនេះតម្រូវឱ្យមានគណនីធនាគារជាប្រាក់រៀល ហើយគេអាចធ្វើការទូទាត់ទំនិញនៅប្រទេសថៃបាននៅពេលទិញទំនិញ ខណៈដែលជនជាតិថៃធ្វើដំណើរមកកម្ពុជា ក៏គេអាចធ្វើការទូទាត់ជាលុយបាតថៃផងដែរនៅកម្ពុជា។
លោកស្រីអគ្គនាយិកាបានថ្លែងថា៖ “យើងមានសុទិដ្ឋិនិយមថា នៅពាក់កណ្តាលឆ្នាំនេះ ប្រព័ន្ធនេះនឹងអាចប្រើប្រាស់បាន នេះជាជំហានមួយទៀតនៃផែនការរបស់យើងសម្រាប់ធ្វើសមាហរណកម្មតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី យើងមានគម្រោងពង្រីកប្រព័ន្ធនេះទៅបណ្តាប្រទេសដទៃទៀតនៅអាស៊ាន”។
លោកស្រីបន្តថា ប្រព័ន្ធ QR Codeនេះនឹងជំរុញឱ្យប្រជាជនកម្ពុជាកាន់តែច្រើនបើកគណនីធនាគារជាប្រាក់រៀល ដោយសារតែពួកគេគិតថា វាមានអត្ថប្រយោជន៍ទាំងក្នុង និងក្រៅប្រទេស។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធ QR code នេះមានភាពងាយស្រួល លឿន រហ័ស និងសន្សំសំចៃខ្ពស់ ហើយប្រជាជនកម្ពុជានឹងមិនខ្លាចក្នុងការខាតបង់នូវអាត្រាប្តូរប្រាក់នៅពេលដែលពួកគេចាយលុយរៀលនៅក្នុងប្រទេសថៃឡើយ។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់នឹងមិនបារម្ភពីការខ្វះខាតលុយបាតនៅក្នុងកាបូបនៅពេលដែលពួកគេទៅទស្សនាប្រទេសថៃឡើយ៕