ក្រុម Arsenal នឹងត្រូវជួបការលំបាកដ៏ធំមួយក្នុងការប្រជែងយកកៅអីទៅវគ្គបន្តនៃក្របខ័ណ្ឌ Europa League ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល 1-០ ក្រោមស្នាដៃក្រុម BATE Borisov ក្នុងការប្រកួតវគ្គ 32ក្រុមចុងក្រោយ ជើងទី1 ស្របពេលដែលខ្សែប្រយុទ្ធ Alexandre Lacazette បានរងពិន័យកាតក្រហមកាលពីថ្ងៃព្រហស្បតិ៍។
កីឡាករ Stanislav Dragun បានជួយឱ្យក្រុម BATE រកបានគ្រាប់បាល់មុន នៅមុនពេលបញ្ចប់តង់ទី1 ក្នុងទីក្រុង Barysaw ហើយក្រុម Arsenal មិនបានដាក់សម្ពាធខ្លាំងក្នុងការវាយបកវិញឡើយ ខណៈដែលការពិន័យកាតក្រហមទៅលើ Lacazette នៅជិតបញ្ចប់ការប្រកួត នឹងធ្វើឱ្យរូបគេអវត្តមានក្នុងការប្រកួតជើងទី2 នៅសប្តាហ៍ក្រោយនាកីឡដ្ឋាន Emirates។
បច្ចុប្បន្នក្រុមរបស់លោក Unai Emery ឈ្នះត្រឹមតែ 2ប្រកួតគត់ក្នុងចំណោមការប្រកួតក្រៅទឹកដី 89លើកចុងក្រោយរបស់ពួកគេ ហើយការឈ្នះទាំង 2លើកនោះ បានកើតឡើងលើទឹកដីក្រុម Huddersfield ក្នុងក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន និងលើទឹកដីក្រុម Blackpool ក្នុងពាន FA Cup។
ស្របពេលជាមួយគ្នានេះ Chelsea ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុម Malmo ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ 32ក្រុមចុងក្រោយ ជើងទី1 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្ធូរបន្ថយសម្ពាធទៅលើគ្រូបង្វឹកលោក Maurizio Sarri។
ក្រុមភ្ញៀវ Chelsea ត្រូវតែធ្វើការស្តារមុខមាត់វិញ ក្រោយពីការរងបរាជ័យក្រៅទឹកដីដ៏អាម៉ាស់ចំនួន 2លើកជាប់ៗគ្នា ខណៈដែលការបរាជ័យក្នុងលទ្ធផល 6-០ ក្រោមស្នាដៃក្រុម Manchester City កាលពីថ្ងៃអាទិត្យ បានកើតឡើង បន្ទាប់ពីការចាញ់ 4-០ នៅលើទឹកដីក្រុម Bournemouth។
លោក Sarri បានប្រាប់បណ្តញសារព័ត៌មាន BT Sport ថា៖ «ខ្ញុំពិតជារីករាយណាស់ ពីព្រោះយើងបានលេងជាមួយនឹងការជឿជាក់ ហើយវាមិនងាយស្រួលឡើយ ក្រោយពីការចាញ់ក្នុងការប្រកួតចុងក្រោយក្រោមស្នាដៃក្រុម Man City»៕
ប្រភពពី៖ worldsoccertalk