មួយរយៈចុងក្រោយនេះ កញ្ញាផា ណាម៉ុច ដែលជាតួអង្គកាចឆ្នាស់ឆ្នើមនៅក្នុងរឿងភាគជាច្រើន ហាក់ប្រលែងដៃចោលក្នុងអាជីពសម្ដែង ខណៈតារាស្រករក្រោយជាច្រើនកំពុងតែប្រកួតប្រជែងគ្នាដណ្ដើមទីផ្សារ។ ជួបផា ណាម៉ុច កាលពីពេលថ្មីៗនេះនាងបញ្ជាក់អ្នកសារព័ត៌មាន ឡារ៉ែន ថា នាងមិនបានបោះបង់ចោលអាជីពសម្ដែងទេ មូលហេតុនាងសម្រាកមួយរយៈព្រោះនាងជាប់ដៃជាមួយនៅ ស៊ីនឿន។
កញ្ញាផា ណាម៉ុច នាងបានទទួលស្គាល់ថា នាងពិតជាបានប្រលែងដៃមួយទំហឹងក្នុងអាជីពសម្ដែងពិតមែន ពោលគឺ កាលពីពាក់កណ្ដាលឆ្នាំ2018 កន្លងទៅនេះ ទោះបីជាមានផលិតករជាច្រើនទាក់ទងឱ្យនាងសម្ដែងក៏ដោយ ក៏នាងបដិសេធដែរ។ តែយ៉ាងណានាងមិនបោះបង់ចោលអាជីពសិល្បៈទេ ទោះបីជាមានការងារច្រើនប៉ុណ្ណាក៏ដោយ ព្រោះតែអាជីពមួយនេះបានលើកមុខមាត់នាងក្នុងសង្គមយ៉ាងខ្លាំង។
តារាសម្ដែងរូបនេះបញ្ជាក់បន្ថែមថា មូលហេតុបដិសេធការសម្ដែងព្រោះ នាងរវល់ទទួលច្រៀងជាមួយវង់របស់តារាចម្រៀងនៅ ស៊ីនឿន គ្រាដែលនាងជាសមាជិកក្នុងក្រុមចម្រៀងជាមួយលោកនៅ ស៊ីនឿន អស់រយៈពេលជាង3ឆ្នាំទៅហើយ។ តារាសម្ដែងតួឆ្នាស់ម្នាក់នេះបន្ថែមថា ចាប់តាំងពីនាងចាប់អាជីពចម្រៀងជាមួយវង់តន្រ្ដីរបស់លោកនៅ ស៊ីនឿន គឺនាងកាក់កបណាស់ពោលគឺមានការងារធ្វើច្រើន សឹងតែរកពេលសម្រាកមិនបានដូច្នេះហើយទើបនាងសម្រេចចិត្ដផ្អាកការសម្ដែងមួយរយៈសិន ទំរាំតែរយាលការងារចម្រៀង។
ជាមួយគ្នានេះដែរកញ្ញាផា ណាម៉ុច បានបញ្ជាក់ទៀតថា «ច្រៀងជាមួយបងនឿន រីកចម្រើនខ្លាំងណាស់ គាត់មានប្រជាប្រិយភាពក្នុងសិល្បៈស្រាប់ដូច្នេះគាត់មានការងារធ្វើច្រើន ពិសេសគាត់ជាមេក្រុមដែលមានសណ្ដានចិត្ដល្អ យកធុរៈកូនចៅក្នុងក្រុម ម្លោះហើយទើបពួកយើងអាចរួមការងារជាមួយគ្នាបានយូរដូច្នេះ»។ ក្រៅពីអួតសរសើរពីសណ្ដានចិត្ដមេហើយនោះតារាចម្រៀង និងសម្ដែងរូបនេះបញ្ជាក់ថា ដើរជាមួយលោកនៅ ស៊ីនឿន មានរាស៊ីខ្លាំង ព្រោះមិនត្រឹមតែសម្បូរការងារធ្វើក្នុងសិល្បៈទេ សូម្បីតែអាជីវកម្មផ្ទាល់ខ្លួនរបស់នាងក៏រីកចម្រើនដែឬ។
ទោះយ៉ាងណាផា ណម៉ុច បានអះអាងថា ការផ្អាកពីការសម្ដែងយូរមិនបានធ្វើឲ្យនាងធ្លាក់ប្រជាប្រិយភាពទេ ព្រោះនៅពេលនាងទៅច្រៀងម្ដងៗតែងតែមានមហាជនបានស្គាល់នាងជាតួអង្គកាចឆ្នាស់ សម្ដែងនៅក្នុងរឿង «ហង្សបាក់ស្លាប» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ ដូច្នេះការវិលត្រលប់មកសម្ដែងជាថ្មីនៅក្នុងរឿង«រ៉ៃប្ដូរទ្រនំ»របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ក្នុងតួអង្គស្រីមានចរិតក្រម៉ិចក្រម៉ើមទើបតែក្រុងពាលីកាលពីថ្ងៃ14 កុម្ភៈ រិតតែធ្វើឱ្យមហាជនស្គាល់នាងបន្ថែមទៀត៕