កីឡាករប្រដាល់ Anthony Joshua នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជាលើកទី1 នៅពេលដែលរូបគេត្រូវឡើងធ្វើការការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពីស្ថាប័ន IBF, WBA និង WBO ដោយត្រូវប្រកួតជាមួយកីឡាករ Jarrell Miller នៅលើសង្វៀន Madison Square Garden នាថ្ងៃទី1 ខែមិថុនា។ នេះបើយោងតាមការប្រកាសរបស់ស្ថាប័នរៀបចំការប្រកួតរបស់គេ កាលពីថ្ងៃពុធ។
ក្រោយពីការលុបចោលផែនការការប្រកួតនៅលើសង្វៀន Wembley នាថ្ងៃទី13 ខែមេសា Joshua នឹងព្យាយាមចូលក្នុងទីផ្សារអាមេរិកជំនួសវិញ ខណៈដែលគូប្រជែងរបស់គេគឺ Tyson Fury និង DeontayWilder ដែលធ្វើឱ្យមានការកើនឡើងនូវឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់។
កីឡាករវ័យ 29ឆ្នាំរូបនេះ បានប្រកួតជាលើកចុងក្រោយកាលខែកញ្ញា នៅកីឡដ្ឋាន Wembley តាមរយៈការយកឈ្នះលើកីឡាកររុស្ស៊ី Alexander Povetkin នៅទឹកទី7។
Miller មិនត្រូវបានចាត់ទុកថា ជាបេក្ខភាពឈានមុខគេក្នុងទម្ងន់ធ្ងន់ពិភពលោកឡើយ ប៉ុន្តែបានប្រកាសថា នឹងត្រូវប្រកួតជាមួយនឹង Joshua កាលពីឆ្នាំមុន។
Joshua បានឱ្យដឹងថា៖ «វាគឺជាកិត្តិយសមួយ និងជារឿងដ៏រំភើបខ្លាំងណាស់ក្នុងការធ្វើដំណើរទៅកាន់សង្វៀនដ៏ល្អបំផុតក្នុងពិភពលោក ពោលគឺមិនមែនត្រឹមតែកីឡដ្ឋាន Wembley ឡើយ ប៉ុន្តែពេលវេលាបានឈានមកដល់ហើយ ក្នុងការធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងការពារខ្សែក្រវាត់របស់ខ្ញុំនៅសហរដ្ឋអាមេរិក»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ការប្រកួតមួយផ្សេងទៀតជាមួយនឹងកីឡាករប្រដាល់ដ៏ឆ្នើមម្នាក់»៕
ប្រភពពី៖ Channel News Asia