ភ្នំពេញៈ ទីផ្សារអចលនទ្រព្យកម្ពុជា កំពុងមានការផ្លាស់ប្តូរ និងទាមទារនូវទំនុកចិត្តកាន់តែខ្ពស់ ខណៈការប្រកួតប្រជែងកំពុងកើនឡើង។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី5 មិថុនាម្សិលមិញនេះថា ក្នុងខណៈពេលទីផ្សារអចលទ្រព្យកំពុងមានការប្រកួតប្រជែងគ្នា អ្នកមានទុនវិនិយោគគ្រប់គ្រាន់នឹងទទួលបានជោគជ័យ ផ្ទុយទៅវិញអ្នកប្រកាសគម្រោងហើយរង់ចាំប្រាក់ពីអតិថិជនយកទៅសាងសង់ មិនទទួលបានជោគជ័យនោះទេ និងថែមទាំងអាចប្រឈមមុខនឹងការសាងសង់មិនចប់ទៀតផង។
លោកបន្តថា “អ្នកមានលុយសាងសង់ មិនប្រឈមនឹងបញ្ហានោះទេ ពេលពួកគេសាងសង់ចប់ គម្រោងរបស់ពួកគេនឹងទទួលបានជោគជ័យ មិនមានបញ្ហាក្នុងទីផ្សារនោះទេ”។ លោកបន្តថា “ទីផ្សារខុនដូនៅតែល្អប្រសើរ ប៉ុន្តែវាប្រឈមមុខនឹងការលក់យឺតផងដែរ ដោយសារការផ្គត់ផ្គង់កាន់តែកើនឡើងច្រើន”។
ចំណែកលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Landបានថ្លែងថា ទោះជាទីផ្សារខុនដូខ្លះប្រឈមបញ្ហាក្តី ប៉ុន្តែលោកមិនមានការព្រួយបារម្ភនោះទេ ព្រោះគម្រោងរបស់លោកផ្តោតលើអ្នកក្នុងស្រុក ដែលជាអ្នកមានធនធានច្រើន។ លោកបន្តថា អ្វីដែលលោកផ្តោតសំខាន់ គឺទីតាំង ទីតាំង និងទីតាំង និងគម្រោងដែលអាចផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលពួកគេមករស់នៅក្នុងគម្រោងរបស់លោកហើយមានសេវាកម្ម ដែលផ្តល់ភាពងាយស្រួល និងសេវាដែលអាចរកបាននៅជិតខ្លួនពួកគេ៕