នៅថ្ងៃ14 កុម្ភៈ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានយកថ្ងៃទិវារនៃក្ដីស្រលាញ់ចែករំលែកក្ដីស្រលាញ់ និងទឹកចិត្តសប្បុរធម៌ដល់ក្រុមក្មេងៗ និងអាណាព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយនាំយកថវិកាផ្ទាល់ខ្លួនចំនួន10លានរៀល ប្រគល់ជូនដល់មន្ទីរពេទ្យផងដែរ។
នេះមិនមែនជាលើកទី ១ ទេ ដែលតារាចម្រៀងរូបនេះ បានចែករំលែកអំពើសប្បុរសធម៌ជួយដល់សង្គម។ លោកបានដឹកនាំសកម្មភាពចុះចែកអំណោយនេះ និងបានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា ថ្ងៃនេះ លោកបានធ្វើតាមសន្យាផ្ដល់ប្រាក់1ឆ្នាំ2លានរៀល ដែលលោករកបានប្រគល់ជូនគន្ធបុប្ផា ទើបលោកសម្រេចចិត្ត ប្រគល់សរុបចំនួន10លានរៀល ក្នុងថ្ងៃនៃក្ដីស្រលាញ់ តែមិនមែនជាថវិការ៉ៃអង្គាស ពីភាគីខាងណានោះទេ វាគឺជាថវិកាផ្ទាល់ខ្លួន ដែលលោកបានសន្សំពីការច្រៀងរាំអស់រយៈពេលជាង 5 ឆ្នាំ ។ ដោយថា ថ្ងៃទី 14 កុម្ភ: ទិវារនៃក្ដីស្រលាញ់ផងនោះ លោកបានសម្រេចចិត្តយកថ្ងៃនោះ ចែករំលែកក្ដីស្រលាញ់ដល់កុមារកំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងចែកអំណោយបន្ដិចបន្ទួច ដែលមានដូចជា ទឹក និងអាហារ ជាដើម។
លោក ជ័យ សុវ៉ាត បានប្រាប់បន្ថែមថា លោកក៏ជានិស្សិតពេទ្យ និងស្រឡាញ់ការជួយសង្គ្រោះមនុស្ស ហើយកាលពីអតីតកាលលោកក៏ជាក្មេងកំព្រាផងដែរ ទើបលោកសម្រេចដឹកនាំក្រុមហ្វេនៗអ្នកគាំទ្រ មកចូលរួមចែករំលែកក្ដីស្រលាញ់ដោយផ្ទាល់ ដើម្បីឱ្យមន្ទីរពេទ្យទទួលបានការចាប់អារម្មណ៍ពីសប្បុរសជនកាន់តែច្រើនឱ្យយកចិត្តទុកដាក់ដល់គន្ធបុប្ផា៕