Family Trip ជាចំណោទពិបាកមួយសម្រាប់ឪពុកម្ដាយដែលចង់នាំកូនទៅទស្សនាពិភពលោក ព្រោះមិនដឹងថានឹងចាប់ផ្ដើមទៅទីណាល្អ... ថ្ងៃនេះ ឡារ៉ែន សូមណែនាំប្រទេស 3ដែលស័ក្តិសមបំផុតក្នុងការទៅដើរលេងកម្សាន្តទាំងគ្រួសារ ព្រោះមានទាំងសួនកម្សាន្ត មានកិច្ចការងារកម្សាន្តសប្បាយៗ និងទីកន្លែងដែលអាចឱ្យក្មេងៗបានជិតស្និទ្ធជាមួយនឹងធម្មជាតិ ព្រោះនៅក្នុងប្រទេសនីមួយៗមានចំណុចល្អផ្សេងៗពីគ្នា ដូច្នេះសាកល្បងជ្រើសរើសប្រទេសដែលត្រូវនឹងចំណង់ចំណូលចិត្តក្រុមគ្រួសារលោកអ្នកទៅមើល៍ រួចហើយនាំគ្នារៀបចំវ៉ាលីសទៅតែម្ដង...។
1. ប្រទេសម៉ាឡេស៊ី
ប្រទេសក្នុងសហគមន៍អាស៊ានយើងដូចជាប្រទេសម៉ាឡេស៊ីនេះ ងាយស្រួលទៅ ថ្លៃចាយវាយក៏មិនច្រើន ថែមទាំងមានសួនកម្សាន្ត និងអាងលេងទឹកដ៏គួរឱ្យចាប់អារម្មណ៍ ដូចជា Legoland Water Park នៅក្នុងរដ្ឋ យ៉ះហូ ដែលមានកន្លែងលេងដល់ទៅជាង 20កន្លែង អាចឱ្យយើងសប្បាយបានទាំងក្រុមគ្រួសារតែម្ដង ឬបើចង់ឱ្យកូនៗបានជិតស្និទ្ធនឹងធម្មជាតិ ឡារ៉ែន សូមណែនាំ កោះឡាំងកាវី ដែលមានទាំងជ្រលងដងភ្នំ ព្រៃស្រោង និងវាលស្រែ ឬក៏ចង់ផ្សងព្រេងនៅក្នុងឧទ្យានជាតិ Taman Negara ទស្សនាសត្វគ្រប់ប្រភេទយ៉ាងជក់ចិត្តក្នុងទីក្រុងកួឡាឡាំពួ ក៏បាន។ ក្រៅពីនេះនៅមានសួនកម្សាន្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើនសម្រាប់ឱ្យអ្នកជ្រើសរើសដើរកម្សាន្តទៀតផង។
2. ប្រទេសនីវហ្ស៊ីលែនដ៍
លំដាប់ទី2 ដែលក្រុមគ្រួសារទាំងឡាយនិយមទៅដើរលេងកម្សាន្តជុំគ្នាដែរនោះគឺ ប្រទេសនីវហ្ស៊ីលែនដ៍ ព្រោះមានកិច្ចការងារសប្បាយៗ សម្រាប់ឱ្យក្មេងៗបានលេងកម្សាន្តសប្បាយ ដោយមានទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាតជាចំណុចទាក់ទាញអ្នកទេសចរ។ អ្នកណាដែលចូលចិត្តលេងកម្សាន្តជាមួយនឹងធម្មជាតិ ដូច-ជា ដើរទស្សនាព្រៃភ្នំពណ៌បៃតងខ្ចី រហូតដល់ការផ្សងព្រេងផងនោះ នៅទីនេះអាចឆ្លើយតបនឹងតម្រូវការនោះយ៉ាងគ្រប់គ្រឿងតែម្ដង។ មានទាំងដំណើរកម្សាន្តតាមផ្លូវទឹក ជិះក្បូន អុំទូក ខានូ រហូតដល់ការឡើងភ្នំ ឬទម្លាក់ខ្លួនចុះតាមខ្សែរ៉កក៏មាន។ បើចង់ទស្សនាសត្វព្រៃ ក៏ទៅម្ដុំៗអូកលែនដ៍ ដែលមានទាំងត្រីបាឡែន និងត្រីឡូម៉ាសមុទ្រឱ្យក្មេងៗបានមើលជុំគ្នាទៀតផង។ បើចូលចិត្តបន្ថែមចំណេះដឹង សូមណែនាំសារមន្ទីរ វែលលីងតុន ដើរទស្សនាជក់ចិត្ត ហើយបានចំណេះទៀតផង។
3. ប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ក៏ជាគោលដៅមួយទៀតដែលនៅជិតប្រទេសកម្ពុជាយើងដែរ ស័ក្តិសមល្អជាមួយធ្រីបជាក្រុមគ្រួសារ ដោយសារតែក្នុងទឹកដីប្រទេស អុីណាវ នេះមានកោះតូចៗដូចជាកោះបាលីដែលអាចឱ្យអ្នកម្ដាយបានគេងសំដិលកាយជាមួយកម្ដៅថ្ងៃដ៏ស្រទន់ ចំណែកកូនៗក៏នាំគ្នាលេងទឹកយ៉ាងសប្បាយរីករាយ ដូចជាលេងមុជទឹកស្នក់ហ្គើល ជិះចិតស្គី ជិះទូកក្ដោង ឬដើរក្រោមបាតសំពៅកញ្ចក់ជាដើម។ បើចូលចិត្តមើលសត្វព្រៃវិញ ក៏ចុះទៅប៉ែកខាងត្បូងនៃកោះ ដើម្បីដើរទស្សនានៅក្នុង Bali Bird Park ទីកន្លែងរៀបចំការសម្ដែងរបស់សត្វស្លាបជាង 250ប្រភេទដ៏គួរឱ្យចាប់អារម្មណ៍។ បើចង់ទៅសួនសត្វតែម្ដង ក៏មាន Safari and Marine ដែលក្មេងៗអាចឱ្យចំណីសត្វកង់ហ្គូរូតូចៗបាន មានសត្វសំពោច កំប្រុក និងអូដ្ឋ ឬដើរមើលស្វាច្រើនប្រភេទនៅឯ Monkey Forest នៅតំបន់ អ៊ូប៊ុត ក៏ធានាថា ក្មេងៗច្បាស់ជាចូលចិត្តមិនខាន។
បើកពិភពលោក ដោយការនាំក្រុមគ្រួសារទៅដើរកម្សាន្តនៅតាមទីកន្លែងទេសចរណ៍ថ្មីៗនៅក្រៅប្រទេសយ៉ាងសប្បាយរីករាយទាំងអស់គ្នា៕