អ្នកកំពុងខឹងគូស្នេហ៍ខ្លាំងណាស់ និងចាប់ផ្ដើមវាយអក្សរជាសំណេរដើម្បីប្រាប់ឱ្យគេដឹងថាអ្នកកំពុងមានអារម្មណ៍បែបណា តែអ្នកវាយរួចលុប វាយរួចលុបដដែលៗ ម្ដងហើយម្ដងទៀតព្រោះមិនអាចទម្លាយអារម្មណ៍ខឹងដែលកំពុងក្ដៅងំនៅក្នុងចិត្តបាន តែក៏ខំព្យាយាម។ ទីបំផុតអ្នកក៏បន្តឈ្លោះប្រកែកគ្នាតាមរយៈសំណេរដែលផ្ញើឱ្យគ្នាទៅវិញទៅមក ហើយពេលនេះអ្នកមានអារម្មណ៍យ៉ាប់យ៉ឺនជាងមុនទៅទៀត។ ដឹងទេថា អ្នកមិនគួរផ្ញើសំណេរដែលសម្ដែងពីភាពឆេវឆាវទៅឱ្យគូស្នេហ៍ខណៈដែលអ្នកកំពុងខឹងមួម៉ៅឡើយ ដូច្នេះតើអ្នកគួរធ្វើយ៉ាងណា? តើអ្នកគួរផ្ញើសំណេរបែបណាក្នុងពេលដែលអ្នកកំពុងខឹងក្រេវក្រោធ ដើម្បីគ្រាន់តែចង់ឱ្យអ្នកម្ខាងទៀតនោះដឹង តែមិនចង់ឱ្យវារីករាលដាលក្លាយជារឿងធំ។ មិនមែនជារឿងងាយទេ មែនទេ? តែក៏អាចធ្វើបានតើ! អូខេ... ខាងក្រោមនេះ គឺជាវិធីដែលល្អបំផុតក្នុងការទប់ទល់ជាមួយស្ថានកាណ៍បែបនេះ។
ទុកពេលឱ្យខ្លួនឯងចិត្តត្រជាក់វិញសិន មុននឹងផ្ញើសំណេរទៅ
នេះអាចជាវិធីមួយដែលពិបាកបំផុត តែក៏សំខាន់បំផុតដែរ ព្រោះវិធីតែមួយគត់ដែលអ្នកអាចធ្វើបានគឺ ការមិនបាច់ធ្វើអ្វីហ្នឹងឯង។ រឹតតែខឹងខ្លាំងប៉ុនណា ក៏រឹតតែរង់ចាំយូរប៉ុននោះដែរ ទោះជាមានកម្លាំងជំរុញឱ្យវាយតតាំង ដោះសា ឬការពារខ្លួនក្ដីតែពាក្យសម្ដីរបស់អ្នកមានភាពសំខាន់ខ្លាំងបំផុតដូច្នេះការរង់ចាំដើម្បីសាងពាក្យសម្តីដែលស័ក្តិ-សមគួរប្រើ នឹងជួយធ្វើឱ្យគោលដៅក្នុងការស្ដាប់ និងយល់ដឹងកាន់តែល្អឡើង... ទោះជាពិបាកមែន តែក៏ស័ក្តិសមនឹងតម្លៃនៃការរង់ចាំដែរ។
ត្រូវច្បាស់លាស់នូវអ្វីដែលអ្នកត្រូវការចង់និយាយ និងពេលដែលនិយាយចេញទៅ
ខណៈដែលអ្នកកំពុងតែទន្ទឹងរង់ចាំពេលវេលាដើម្បីឱ្យចិត្តត្រជាក់ទៅវិញនោះ អ្នកគួរគិតផងថាតើអ្នកត្រូវការប្រាប់អ្វីទៅគូស្នេហ៍ ព្យាយាមតាំងសតិ និងគិតថា អ្វីដែលសំខាន់បំផុត? នៅពេលអ្នកដឹងចម្លើយហើយ បន្ទាប់ពីនោះក៏ “រកនឹកពាក្យសម្ដីខ្លីៗ ចំ-ចំណុច និងមានន័យ”។
កុំឈ្លោះគ្នាតាមរយៈសំណេរមិនថាជាយ៉ាងណាក៏ដោយ អ្នកគួរតែគ្រប់គ្រងខ្លួនឯងឱ្យបាន
កុំទម្លាយអារម្មណ៍ខឹងសម្បាតាមរយៈសំណេរជាដាច់ខាត ដោយសារតែការឈ្លោះគ្នាតាមរយៈសំណេរមានតែនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងដួលរលំខ្ទេចខ្ទីតែប៉ុណ្ណោះ។ បើអ្នកធ្លាប់ឈ្លោះគ្នាតាមរយៈសំណេរ នោះអ្នកច្បាស់ជាដឹងមិនខានថា វាយ៉ាងម៉េច? អារម្មណ៍ផ្សេងៗនឹងពុះកញ្ជ្រោលបាញ់ចេញទៅយ៉ាងឆាប់រហ័ស និងអាចជាហេតុនាំឱ្យទាំងសងខាងសរសេរនូវអ្វីដែលនឹងធ្វើឱ្យខ្លួនឯងសោកស្ដាយនៅពេលក្រោយបាន។
នេះគឺជាអ្វីដែលគួរសរសេរ និងហេតុផលដែលអាចប្រើការបានអូខេ
នៅទីបំផុតអ្នកក៏មានអារម្មណ៍ល្អ និងមើលទៅ(ហាក់ដូចជា)ស្ងប់ចិត្តវិញហើយ។ ម្ដងនេះអ្នកត្រូវពិចារណាថា អ្វីគឺជាមូលហេតុដែលធ្វើឱ្យអ្នកខឹងមួម៉ៅដល់ថ្នាក់ហ្នឹង ហើយសឹមផ្ញើសំណេរទៅ... តែ តើអ្នកគួរសរសេរថាម៉េច?
អ្នកជំនាញ (ដូចអ្នកគ្រូ ឆវី ជាដើម) ប្រាប់ថា មានរឿង4យ៉ាងដែលអ្នកគួរចាំឱ្យជាប់ក្នុងចិត្ត...។
ដំបូងគេគឺ អ្នកត្រូវគ្រប់គ្រងបរិយាកាសជារួមរបស់សំណេរឱ្យបាន ដើម្បីបង្ហាញថា អ្នកយល់ព្រមក្នុងការចរចា (បញ្ចប់សង្គ្រាម ហ៊ីស) ទោះជាអ្នកនៅខឹង តែក៏មានអារម្មណ៍នឹងនរ បើកចិត្តទូលាយ ព្រមក្នុងការនិយាយគ្នាល្អស្រួលៗ ជំនួសការនិយាយពាក្យអាក្រក់ស្ដាប់ និងវាយប្រហារគ្នា។
ទី2 ទោះជាគំនិត និងអារម្មណ៍របស់អ្នកនៅវិលវល់ច្របូកច្របល់ក៏ដោយ តែនេះមិនមែនជាពេលវេលាដែលអ្នកត្រូវទម្លាយគ្រប់យ៉ាងចេញមកនោះទេ។ អ្នកគួរផ្ដោតទៅលើសំណេរឱ្យខ្លីៗ ព្រោះថា បើរឹតតែខ្លី ក៏នឹងមើលទៅមានភាពរុករានបំពានគ្នាតិចទៅតាមនោះដែរ ដោយស្វ័យប្រវត្តិ។
ទី3 ព្យាយាមតុបតែងឱ្យសំណេររបស់អ្នកមានហេតុផល និងបង្កប់ន័យ។ បើអ្នកត្រូវការត្រឹមតែទម្លាយអារម្មណ៍នោះ ក៏មិនបានមានន័យថា បញ្ហាទាំងឡាយនឹងធូរស្រាលឡើងវិញបានលឿនដែរ...មិនប្រាកដដែរ ជួនកាលវាអាចនឹងយ៉ាប់យ៉ឺនជាងមុនទៅទៀតផងក៏មិនដឹង ព្រោះអ្នកណាចង់ឆ្លើយមកវិញ បើដឹងថាតែមួយស្របក់ទៀតនឹងឈ្លោះគ្នាទៀតនោះ។ ចម្លើយគឺ គ្មានទេ!។
និងចុងក្រោយ ហាមនិយាយរៀបរាប់ពីកំហុសគ្នាតាមរយៈសំណេរជាដាច់ខាត!។
អូខេ ហើយតើយើងគួរសរសេរថាយ៉ាងណា? សូមតាមដានបន្ត...
“អូន(ឬបង)មានអារម្មណ៍ឈឺចាប់ និងមួម៉ៅចំពោះរឿងដែលកើតឡើង អូន(ឬបង)ចង់ស្ដាប់យោបល់ពីបង(ឬអូន)ម្ដង ដើម្បីឱ្យយើងបានកែបញ្ហានេះទាំងអស់គ្នា។
សំណេរនេះអាចប្រើការបាន ដោយសារតែអ្នកប្រាប់ឱ្យគូស្នេហ៍ដឹងថា អ្នកមានអារម្មណ៍យ៉ាងណាដោយមិនបានដាក់សម្ពាធលើគេឡើយ។ អ្នកមិនគួរកុហក់ និងបិទបាំងអារម្មណ៍នោះទេ ព្រោះនៅមានវិធីជាច្រើនទៀតក្នុងការនិយាយគ្នាដោយមិនសាងបញ្ហាបន្ថែម។ អ្នកនឹងអាចកែបញ្ហាបាន និងធ្វើឱ្យរូបអ្នក ជាមួយគូស្នេហ៍មានសេចក្ដីសុខ និងពេញចិត្តពេញថ្លើម។ ទាំងអស់ក៏មានតែប៉ុណ្ណឹងឯង មែនអត់!៕